(តូក្យូ)៖ ក្មេងប្រុសម្នាក់បាត់បង់ជីវិត និងកុមារៗ១១នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿង បានជ្រុលចង្កូតទៅបុកក្រុមកុមារទាំងនោះ ដែលកំពុងដើរចូលសាលាបឋមសិក្សា មួយកន្លែងក្នុងខេត្ត យូកូហាម៉ា ស្ថិតនៅភាគខាងត្បូងទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦។
យោងតាមនាយកដ្ឋានសង្គ្រោះបន្ទាន់ក្នុងខេត្តខាងលើនេះបានបញ្ជាក់ថា គ្រោះថ្នាក់ដ៏អកុសល្យបានកើតឡើង នៅវេលាម៉ោង ៨៖១០នាទីព្រឹកថ្ងៃសុក្រនេះ ម៉ោងនៅទីក្រុងតូក្យូ ហើយក្មេងប្រុសដែលបានបាត់បង់ជីវិតនៅ ពីមុខសាលារៀនរបស់ខ្លួននោះមានអាយុទើប០៦ឆ្នាំតែប៉ុណ្ណោះ។ រថយន្តដឹកទំនិញខាងលើនេះត្រូវបាន សាក្សីនៅកន្លែងកើតហេតុមើលឃើញថា បានបុកជាមួយរថយន្តពីរគ្រឿងទៅហើយ មុននឹងជ្រុលចង្កូតទៅ បុកក្មេងៗដែលកំពុងធ្វើដំណើរចូលសាលារៀនអមជាមួយគ្រូបង្រៀន និងអ្នកសម្រួលចរាចរណ៍បីនាក់។
គួរបញ្ជាក់ថាអ្នកបើកបរដែលជាបុរសចំណាស់វ័យ ៨៧ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅហ្នឹងកន្លែងកើតហេតុ។ ដោយឡែកកុមារៗទាំងអស់ដែលបានទទួលរងរបួសត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ។ ចំពោះតំបន់ ខាងលើនេះត្រូវបានចាត់ទុកជាទីតាំងដ៏មមាញឹកមួយនៅក្នុងប្រទេសជប៉ុន ដែលមានរថយន្តគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ ដែលនឹងងាយបង្កគ្រោះថ្នាក់ចរាចរណ៍ដូចពេលនេះអ៊ីចឹង៕