(ស្លូវេនី)៖ ក្រុមអ្នកឃ្លាំមើលការនេសាទត្រីបាឡែនរបស់ពិភពលោក នៅថ្ងៃសុក្រនេះបានចេញវិធានការក្តៅ ដើម្បីកាត់បន្ថយការប្រមាញ់ត្រីបាឡែនជារៀងរាល់ឆ្នាំរបស់ប្រទេសជប៉ុន ដែលបានប្រព្រឹត្តទៅក្រោម អាជ្ញាប័ណ្ណស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ប៉ុន្តែវាបានទទួលរងការរិះគន់យ៉ាងចាស់ដៃថាជាការសម្លាប់យកសាច់ ធ្វើពាណិជ្ជកម្មដែលប្រជាជនជប៉ុនពេញនិយមបរិភោគ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦។
គណកម្មការតាមដានការនេសាទត្រីបាឡែនអន្តរជាតិ ឬហៅកាត់ថា IWC បានសម្រេចចិត្តបង្កើតក្រុមការងារ អចិន្រ្តៃយ៍មួយដើម្បីជួយដល់ IWC និងគណកម្មាធិការឯកទេសវិទ្យាសាស្រ្ត ក្នុងការវាយតម្លៃនិងត្រួតពិនិត្យ តាមដានទៅលើកម្មវិធីនេសាទត្រីបាឡែននានា ដែលត្រូវបានធ្វើឡើងក្រោមឈ្មោះស្លាកឈ្មោះវិទ្យាសាស្រ្ត។
កាលពីឆ្នាំ២០១៤ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានរកឃើញថាលិខិតអនុញ្ញាតការនេសាទត្រីបាឡែន ដែលត្រូវបានចេញដោយរដ្ឋាភិបាលជប៉ុនខ្លួនឯងនោះ គឺមិនមែនសម្រាប់បម្រើគោលបំណងនៃការស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្តនោះឡើយ ហើយ ICJ បានបញ្ជាឲ្យបញ្ឈប់កម្មវិធីនេសាទឈ្មោះ JARPA II ជាបន្ទាន់ ប៉ុន្តែប្រទេសជប៉ុនបានលុបចោល ការប្រមាញ់របស់ខ្លួនតែមួយឆ្នាំ ប៉ុណ្ណោះគឺនៅ២០១៤-២០១៥ ហើយក៏បាន បន្តធ្វើការប្រមាញ់ត្រីឡែននៅឆ្នាំបន្ទាប់ក្រោមឈ្មោះកម្មវិធីនេសាទថ្មីមួយទៀតគឺ NEWREP-A។
គួរបញ្ជាក់ដែរប្រទេសជប៉ុនបានចេញអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យប្រទេសខ្លួនសម្លាប់ត្រីបាឡែនយ៉ាងរង្គាល អស់ជាង១៥,០០០ក្បាល នៅក្រោមស្លាកឈ្មោះវិទ្យាសាស្រ្ត គិតចាប់តាំងពីឆ្នាំ១៩៨៦មក។ ប្រជាជនជប៉ុន រាប់ជំនាន់គឺជាអ្នកបរិភោគសាច់ត្រីសមុទ្រ ជាពិសេសត្រីបាឡែក ដែលជាអាហារប្រពៃណីពិបាកនឹងកាត់ផ្តាច់ បានខ្លាំងណាស់ ហើយវាក៏ជាអាហារដ៏ល្បីល្បាញមួយរបស់ពិភពលោកផងដែរ៕