គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងត្រាក់ទ័រ បណ្តាលឲ្យមនុស្ស៦នាក់របួសធ្ងន់ស្រាល នៅក្រុងប៉ៃលិន
28-10-2016 11:25
(ប៉ៃលិន)៖ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងត្រាក់ទ័រ នៅចំណុចស្ថិតក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុង ប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន៣នាក់ និងស្រាលចំនួន៣នាក់ ។
កម្លាំងនគរបាលចរាចរណ៍បានឲ្យដឹងថា អ្នកបើកបរត្រាក់ទ័រមានឈ្មោះ ធី រ៉ា ភេទប្រុស អាយុ ៤៨ឆ្នាំ (គ្មានរបួស) មានទីលំនៅ ភូមិអូរពឺត សង្កាត់ទួលល្វា ក្រុង ប៉ៃលិន ខេត្តប៉ៃលិន។ ចំណែកម៉ូតូមានគ្នាចំនួន ៦នាក់ ដែលមានឈ្មោះទី១ ប៉ែន សារុំ ភេទប្រុស មុខរបរអាជីវករ ជាអ្នកបើកបរម៉ូតូ (រងរបួសធ្ងន់ បែកចង្ការ និងបាក់ម្រាមដៃ) ទី២ ស្រី មុំ អាយុ ៣០ឆ្នាំ (រងរបួស បាក់ខ្ទង់ច្រមុះ) ទី៣ លក្ខិណា អាយុ ២៨ឆ្នាំ (រងរបួស បែកថ្ងាសខាងមុខ និងប៉ោងក្បាលពីក្រោយ) រួមនឹងកូនក្មេង ចំនួន ៣នាក់ រងរបួសស្រាល រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុង- ខេត្តប៉ៃលិន។
កម្លាំងនគរបាលបន្តថា មូលហេតុបណ្តាលមកពីភាគី ខាងម៉ូតូដឹកមនុស្សលើសចំណុះ និងខ្វះការប្រុងប្រយ័ត្នទើបបណ្តាលអោយគ្រោះថ្នាក់បែបនេះ។
បច្ចុប្បន្ន វត្ថុតាងរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំការដោះស្រាយ៕