Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេស៖ ស្ថានទូតឥណ្ឌូនេស៊ី អះអាងថា កាសែតភ្នំពេញប៉ុស្តិ៍ដកស្រង់សម្តី លោក Wiryono ខុស ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ឥណ្ឌូនេស៊ី

28-10-2016 11:20

(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានអះអាងថា លោក Wiryono Sastrohandoyo តំណាងជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រតិកម្មនឹងកាសែតភ្នំពេញប៉ុស្តិ៍ ដែលបានដកស្រង់សម្តីរបស់គាត់ខុស ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌូនេស៊ី។ ស្ថានទូតបានបញ្ជាក់ថា លោក Wiryono ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងសម្តេចតេជោ ហ៊ុន សែន នោះទេ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។

ប្រតិកម្មរបស់ស្ថានទូតឥណ្ឌូនេស៊ី តាមរយៈក្រសួងការបរទេសកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍ ដកស្រង់សម្តីរបស់លោក Wiryono ចុះផ្សាយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ថា លោក Wiryono បានរំលឹកឡើងវិញថា «សម្តេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយជាមួយនឹងអាវុធ (…He recalled Hun Sen a man who plays politic with guns)»

ស្ថានទូតឥណ្ឌូនេស៊ី បានបំភ្លឺថា «ព័ត៌មានដែលបានដកស្រង់មកនេះ មិនមានភាពត្រឹមត្រូវ ជាការដកស្រង់ដោយខុសឆ្គង ធ្វើឱ្យមានការយល់ច្រឡំដែលអាចធ្វើឱ្យសាធារណជនយល់ខុស ក៏ដូចជាអាចធ្វើឱ្យប៉ះពាល់ខ្លាំងដល់ទំនាក់ទំនងទ្វេភាគីដ៏ប្រសើររបស់យើង»

ស្ថានទូតបានបន្ថែមថា «មុនពេលចាកចេញពីភ្នំពេញ លោក Wiryono បានធ្វើការពន្យល់តាមរយៈស្ថានទូតឥណ្ឌូនេស៊ីថា ខ្ញុំមានភាពចាំបាច់ដើម្បីពន្យល់ចំពោះអត្ថបទ របស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ ដែលក្នុងនោះ ខ្ញុំត្រូវបានគេដកស្រង់សម្តីមិនត្រឹមត្រូវ។ បរិបទនៃការលើកឡើងនោះ គឺនៅពេលដែលកម្ពុជាកំពុងស្ថិតនៅក្នុងសង្រ្គាមស៊ីវិល ដូច្នេះគ្រប់ភាគីទាំងអស់ធ្វើនយោបាយជាមួយនឹងអាវុធ។ ជាគោលនយោបាយរបស់ឥណ្ឌូនេស៊ី ក្នុងការបញ្ចប់អរិភាពដោយការទប់ស្កាត់ផ្នែកការទូត។ ដូចនេះ មិនមានការពាក់ព័ន្ធអ្វីទាល់តែសោះដល់នាយករដ្ឋមន្រ្តី ហ៊ុន សែន»

សូមជំរាបថា លោក Wiryono Sastrohandoyo បានមកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីសប្តាហ៍មុន ដើម្បីចូលរួមពិធីរំលឹកខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖