(កំពង់ធំ)៖ លោក តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍គណ:កម្មការជាតិទន្លេមេង្គ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានថ្លែងថា ប្រជាការពារ គឺជាកម្លាំងស្នូលក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់មូលដ្ឋានប្រកបដោយសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ការថ្លែងបែបនេះ របស់លោក តែ ណាវុធ និងសាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ឯកសណ្ឋានប្រជាការពារជូនប្រជាការពារនៅក្នុងឃុំចំណាក្រោម នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។

លោក តែ ណាវុធ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលលោកតែងតែនឹករលឹកគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពប្រជាពលរដ្ឋក្នុងស្រុកស្ទោងគ្រប់ពេលវេលា និងបានចូលរួមអភិវឌ្ឍន៍ស្រុកស្ទោង នូវហេដ្ឋារចនាសម្ព័ន្ធនានាស្អេកស្កះជាពិសេសប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែងដែលជាផ្នែកមួយក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចជាតិថែមទៀត។

លោកបានបន្តថា ប្រជាការពារពិតជាបានរួមចំណែកយ៉ាងធំធេងបំផុតក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជារក្សានូវសុខសន្តិភាពដោយមានការលះបង់ខ្ពស់បំផុតមិនខ្លាចនឿយហត់ មិនថាយប់ថ្ងៃ ជាពិសេសពុំមានប្រាក់កម្រៃ ឬប្រាក់ឧបត្ថម្ភ និងជាអ្នកដែលនៅជិតផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឬស្ថានភាពជាក់ស្ដែងណាមួយ និងជាអ្នកជួយដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានទាន់ពេលវេលា ប្រកបដោយផ្លែផ្កា ជាទីមោទនៈ និងកោតសរសើរហើយបានបន្តនិរន្តរភាពសន្តិសុខក្នុងសង្គមផងដែរ។

ជាមួយគ្នានេះ អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណជាអនេកដល់លោក ថោ ជេដ្ឋា និងសហរីដែលតែងគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងជាពិសេស កោតសរសើរដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារដែលតែងតែចូលរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិសុខ ប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកបានណែនាំដល់រដ្ឋបាលឃុំចំណាក្រោម និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវគិតគូរយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខុមាលភាព និងតម្រូវការជាអាទិភាពជាក់ស្តែងរបស់បងប្អូនប្រជាការពារ ដើម្បីជាការឆ្លើយតប និងដឹងគុណនូវការលះបង់ដ៏ធំធេងរបស់គាត់ជាមួយអាជ្ញាធរប្រកបដោយភាពជឿជាក់ និងនិរន្តរភាព។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរឃុំចំណាក្រោម ត្រូវបន្កើនការយកចិត្តទុកដាក់ថែមទៀតក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយភាពជឿជាក់ និងស្និទ្ធស្នាលបំផុតហើយត្រូវធ្វើបច្ចុប្បន្នភាពកងកម្លាំងប្រជាការពារដើម្បីមានកងកម្លាំងគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានប្រកបដោយចូលប្រសិទ្ធភាព។

សូមបញ្ជាក់ថា ប្រជាការពារដែលត្រូវបានទទួលឯកសណ្ឋាននៅក្នុងឱកាសនេះមានចំនួន ១១២នាក់ និងបានលើកទឹកចិត្តឧបត្ថម្ភទឹកប្រាក់ក្នុងម្នាក់ៗចំនួន១ម៉ឺនរៀល និងកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល៥នាក់ ក្នុងម្នាក់ចំនួន២ម៉ឺនរៀលផងដែរ៕