(កោះកុង)៖ លោក ឈុន ពុធថារិទ្ធ អគ្គនាយដ្ឋាននៃអគ្គនាយដ្ឋានកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧត្តុនិយម បានដឹកនាំក្រុមមន្រីការងារ សហការជាមួយរដ្ឋបាលខេត្តកោះកុង និងមន្ទីរជំនាញពាក់ព័ន្ធ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានរួមគ្នាចុះត្រួតពិនិត្យមើលលើផលប៉ះពាល់នានាពីគម្រោងសាងសង់ទំនប់ការពារទឹកប្រៃប្រវែង ១០គីឡូម៉ែត្រ មានទទឹង៤ម៉ែត្រ ស្ថិតនៅភូមិចំការលើ និងភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ។
សម្រាប់គម្រោងនេះត្រៀមនឹងអនុវត្តហើយ តែបានផ្អាកបន្តិចដោយសារតែមានបញ្ហាថាចាក់ដីចូលតំបន់ការពារព្រៃឈើគ្មានការអនុញ្ញាត្តពីក្រសួងបរិស្ថាន។
លោក ឈុន ពុធថារិទ្ធ បានឱ្យដឹងថា ក្រុមការងារជំនាញ អាជ្ញាធរខេត្តស្រុក និងមន្រ្តីមន្ទីរជំនាញចុះពិនិត្យជាក់ស្តែងហើយមិនចោទជាបញ្ហាអ្វីធំដុំនោះទេ កំពុងសម្របសម្រួល ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងសង់ទំនប់នេះអនុវត្តទៅបានដោយរលូនដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋដែលកំពុងមានតម្រូវការជាចាំបាច់ក្នុងការងារកសិកម្ម។
លោក ឈុន ពុធថារិទ្ធ បានបន្តថា ក្រសួងកំពុងសម្របសម្រួលជាមួយនឹងរដ្ឋបាលខេត្តកោះកុង ដោះស្រាយផ្នែកបច្ចេកទេស និងវិស័យបរិស្ថានមួយចំនួន គ្រាពលរដ្ឋជាង៥០០គ្រួសារ កំពុងត្រូវការទឹកប្រើប្រាស់ធ្វើកសិកម្មរបស់ខ្លួន។
មន្រ្តីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ទំនប់ការពារទឹកប្រៃដែលមានកម្ពស់ ១ម៉ែត្រកន្លះនឹងជួយការពារទឹកសមុទ្រមិនឱ្យជោរលិចចូលដីស្រែបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងជាទំនប់ស្ទាក់ទឹកសាបទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ខណៈខ្នងទំនប់ដើរតួនាទីយ៉ាងសំខាន់ជាផ្លូវគមនាគមន៍សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយ និងដឹកជញ្ជូនផលិតផលកសិកម្ម ព្រមទាំងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញក្នុងតំបន់ផងដែរ។
ពលរដ្ឋរស់នៅក្នុងភូមិស្រែថ្មី និងភូមិចំការលើ ឃុំថ្មស បានសម្តែងការត្រេកអរនៅពេលក្រសួងធនធានទឹកដាក់គម្រោងធ្វើទំនប់ការពារទឹកប្រៃជូនពលរដ្ឋ ព្រោះបច្ចុប្បន្នលំបាកធ្វើកសិកម្មស្រូវ ពោត សណ្តែត ដោយសារតែមានទឹកប្រៃហូរចូលដំណាំរបស់ពួកគាត់។
បើតាមតំណាងពលរដ្ឋដដែល ប្រសិនបើទំនប់ការពារទឹកប្រៃនេះកកើតមានមែននោះវានឹងមានជាផ្លូវធ្វើចរាចឆ្លងកាត់ពី១ភូមិទៅ១ភូមិបានងាយស្រួល ពិសេសការចេញទៅនេសាទនៅសមុទ្រផងដែរ។
លោក សាញ់ មុន្នីរ័ត្ន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានលើកឡើងថា ក្រោមហេតុថា លោកលើកគម្រោងស្ថាបនាទំនប់ទឹកនេះឡើងដើម្បីតែប្រយោជន៍ជូនពលរដ្ឋពិតប្រាកដ។ ទំនប់ការពារទឹកប្រៃចំការលើនេះ ជាទំនប់ចាស់តាំងពីឆ្នាំ១៩៦៨ ហើយត្រូវបានអាជ្ញាធរឃុំថ្មស និងប្រជាពលរដ្ឋ ស្នើសុំកាលពីឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែទើបទទួលបានការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២៥៕