(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី «កម្មសិទិ្ធបញ្ញា, ការព្រាងច្បាប់ ស្ដីពីការសម្ងាត់ពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិ» នាថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប)។

សិក្ខាសាលានេះ មានការចូលរួមពីសំណាក់ លោកស្រីអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកអគ្គនាយករងសេវាពាណិជ្ជកម្ម តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក សមាជិកាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា មេធាវី និងវិស័យឯកជន ជាច្រើនរូប។

សិក្ខាសាលានេះ ធ្វើឡើងដើម្បីលើកកម្ពស់ចំណេះដឹង ផ្នែកកម្មសិទ្ធិបញ្ញាជូនដល់សមាជិក សមាជិកានៃលេខាធិការដ្ឋាន គ.ក.ប មេធាវី និងវិស័យឯកជន ជាពិសេសការផ្តល់ព័ត៌មាន និងដំណើរការ នៃការរៀបចំសេចក្តីព្រាងច្បាប់ការសម្ងាត់ពាណិជ្ជកម្ម ការសិក្សាពីឧត្តរមានុវត្តន៍ ​នៃការអនុវត្តច្បាប់​ការសម្ងាត់ពាណិជ្ជកម្ម របស់ប្រទេសកាណាដា និងសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា សម្រាប់ពាណិជ្ជកម្មអន្តរជាតិ។

លោក សួន វិជ្ជា ទីប្រឹក្សា និងប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម បានលើកទ្បើងពីភាពចាំបាច់ នៃជំនួញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ ជាមួយអន្តរជាតិ របស់កម្ពុជា និងសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការរៀបចំច្បាប់កម្មសិទ្ធិបញ្ញាកម្ពុជា ឲ្យស្របតាមបទដ្ឋានអង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ដែលកម្ពុជា ជារដ្ឋហត្ថលេខី។

ក្នុងឱកាសនេះដែរ លោកស្រី កែវ ឡាំងចេង តំណាងឲ្យសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានទ្បើងធ្វើបទបង្ហាញ និងលើកឡើងពីសារៈសំខាន់ អំពីច្បាប់កម្មសិទ្ធិបញ្ញា ក្នុងការអភិវឌ្ឍន៍បន្ថែម ក្នុងវិស័យឌីជីថល និងថេកណូឡូជី ដែលបាននិងកំពុងដើរតួនាទីសំខាន់ ក្នុងការរស់នៅនិងប្រកបការងារ និងអាជីវកម្មនៅកម្ពុជា។

លោកស្រី ក៏បានសង្កត់ធ្ងន់លើ ការពង្រឹងការការពារផ្នែកច្បាប់សម្រាប់អាជីវកម្ម ដើម្បីធានាទប់ស្កាត់ និងបង្រ្កាបការរំលោភបំពានស្នាដៃ ឬសិទ្ធរបស់ម្ចាស់ស្នាដៃ ឲ្យបានទាន់ពេល ក្នុងគោលបំណងធានា ជូនម្ចាស់ស្នាដៃ និងផលិតករ នូវការការពារលើកេរ្តិ៍ឈ្មោះ កាលានុវត្តភាព និងការជឿទុកចិត្តពីដៃគូនានា ក៏ដូចជាផលប្រយោជន៍ផ្សេងៗទៀតផងដែរ។

លោកស្រី បានបញ្ជាក់បន្ថែមទៀតថា សម្រាប់អ្នកបង្កើតស្នាដៃ ឬផលិតផលថ្មី ពួកគាត់សង្ឃឹមថា ក្នុងករណីមានការរំលោភបំពាន កើតមានឡើងអាជ្ញាធរមានសមត្ថកិច្ច អាចចាត់វិធានការបញ្ឈប់ ឬទប់ស្កាត់ការចែកចាយ ទាន់ពេលវេលា។

លោកស្រី ក៏បានលើកឡើងពីគោលបំណងរបស់ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា និងចូលរួមចំណែក ក្នុងការអភិវឌ្ឍការពង្រឹង ការអនុវត្តច្បាប់ពាក់ព័ន្ធ និងគោរពតាមគោលនយោបាយរាជរដ្ឋាភិបាល និងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា របស់គណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញាផងដែរ៕