(ចិន)៖ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ ឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមថ្មអារកម្ពុជា, បណ្ឌិត សុខ ដារ៉េត ទីប្រឹក្សាជាន់ខ្ពស់សមាគម, តំណាងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានអគ្គកុងស៊ុល ព្រមទាំងសហការីអមដំណើរ បានចូលរួមពិធីបើកពិព័រណ៍ថ្មអន្តរជាតិ ហ្សាមែន ប្រទេសចិន លើកទី២៥ (The 25th China Xiamen International Stone Fair) ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិ ទីក្រុងហ្សាមែន ខេត្តហ៊្វូជៀន សាធារណរដ្ឋប្រជាមានិតចិន (Xiamen International Conference & Exhibition Center) ចាប់ពីពីថ្ងៃទី ១៦-១៩ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសតាំងពិព័រណ៍ថ្មអន្តរជាតិ ហ្សាមែន លើកទី២៥ ឆ្នាំ២០២៥ នេះ មានក្រុមហ៊ុនសមាជិកសមាគមថ្មអារកម្ពុជា បាននាំយកផលិតផលថ្មអារធម្មជាតិ របស់ប្រទេសកម្ពុជា ទៅចូលរួមមានចំនួន ០៤ ក្រុមហ៊ុន រួមមាន៖ ១.ក្រុមហ៊ុន Rithy Granite (Cambodia) Co., Ltd. ២. ក្រុមហ៊ុន Xiaotian Mining Co., Ltd. ៣. ក្រុមហ៊ុន Heng Cheng Co., Ltd. និង៤. ក្រុមហ៊ុន Sambour Mining (Cambodia) Co., Ltd. ដោយទទួលបាននូវការផ្តល់ផ្ទៃដី សម្រាប់តាំងពិព័រណ៍មានទំហំដល់ទៅ ៤៨៤ ម៉ែត្រការ៉េ និងបានលើកទង់ជាតិតំណាងឲ្យប្រទេសកម្ពុជា ឲ្យបណ្តាធុរជនអន្តរជាតិបានស្គាល់ផងដែរ ដើម្បីជាការឆ្លើយតប និងអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ៕