(ភ្នំពេញ)៖ អតីតលោកគ្រូ អ្នកគ្រូ ព្រមទាំងអតីតសិស្សសាលាព្រែកតាមាក់ ជាង១៥០នាក់ បានរៀបចំពិធីជួបជុំអតីតគ្រូ និងអតីតសិស្សនៃសាលាព្រែកតាមាក់ជំនាន់ទី១ ឆ្នាំសិក្សា ១៩៨០-១៩៨៣ ក្រោមប្រធានបទប្រធានបទ «ជុំមិត្ត ចិត្តនឹកគ្នា»។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នាភោជនីដ្ឋាន បឹងមាស ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជំនួបនេះជាលើកទី៣ហើយ។
តំណាងអតីតសិស្សសាលាព្រែកតាមាក់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ ១៩៨៣ លោកស្រី សរ សុធី បានថ្លែងថា៖ ការរៀបចំកម្មវិធីនេះឡើង គឺយើងបែកគ្នាជិត៤០ឆ្នាំជាងហើយ ហើយយើងក៏ចាស់ៗ អាយុច្រើន យើងមានកានឹករលឹកគ្នា ជំនួបនេះគឺចង់បង្កើនសាមគ្គីភាព មិត្តភាពឱ្យកាន់តែរឹងមាំឡើងវិញ»។
លោកស្រីបានបន្តថា សម្រាប់ជួបជុំគ្នានេះ គឺមានរយៈពេល៣លើកហើយ រាល់ការជួបជុំរាល់លើក គឺតែងតែអញ្ជើញលោកគ្រូ អ្នគ្រូ ដែលជាអតីតគ្រូបង្រៀនដើម្បីជូនជាកាដូដល់ពួកគាត់ និងថវិកា ព្រមទាំងពិសារអាហាររួមគ្នាជាដើម។
លោកស្រីតំណាងអតីតសិស្សជំនាន់ទី១ នៃសាលាព្រែកតាមាក់ បានផ្ញើផ្តាំទៅប្អូន ក្មួយ យុវជនជំនាន់ក្រោយ ឱ្យដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ ដោយរៀបចំតាមលទ្ធភាពឱ្យមានការជួបជុំ ដើម្បីរម្លឹកគុណគ្រូ និងជួបជុំមិត្តភក្តិ ជាពិសេសថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូព្រោះយើងបានមានជីវភាពធូរធា និងមានកា ងារធ្វើរៀងៗខ្លួនដូចជា៖ មន្ត្រីរាជការ ពាណិជ្ជករធំៗជាដើម។
នាឱកាសនោះដែរ លោកស្រីក៏សូមគោរពថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូដែលគាត់បានលះបង់កម្លាំងកាយចិត្តខិតខំបង្រៀនប្រៀន ប្រៀនប្រដៅណែនាំកូនសិស្សឱ្យមានចំណេះដឹង ដើម្បីជាទុនសម្រាប់ចូលរួមលើកិច្ចការងារក្នុងសង្គម ក៏ដូចជាក្រុមគ្រួសារ រហូតពួកយើងទាំងអស់គ្នាមានថ្ងៃនេះ។
ព្រមជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូដែលជាអតីតនាយក និងគ្រូបង្រៀនបានសម្តែងក្តីរំភើប និងសប្បាយចិត្តទាំងអួលដើមករយ៉ាងដូចច្នេះថា៖ «នឹកគិតថាប្រហែលជាដាច់ស្រយាលណាស់ បន្ទាប់ពីក្រុមគ្រួសារមានតែលោកគ្រូហើយ និងអ្នកគ្រូ រួមទាំងអតីតសិស្សនឹងហើយដែលជួយឱ្យមានភាពរីករាយ»។
អតីតគ្រូបង្រៀន បានកោតសសើរសម្រាប់ទឹកចិត្តដ៏ល្អ ការចេះដឹងគុណ និងអរគុណចំពោះលោកគ្រូ អ្នកគ្រូ ពីសំណាក់អតីតសិស្សនាពេលនេះ៕