(ភ្នំពេញ)៖ អ្នកវិភាគ និងតាមដានស្ថានការណ៍នយោបាយកម្ពុជា បានមើលឃើញថា តាំងពីកកើតបក្សប្រឆាំងមករហូតដល់ពេលនេះ យើងមិនដែលឃើញសោះថា មានសមាជិកជាន់ខ្ពស់ជាន់មធ្យម ឬក៏ជាន់ទាបណាមួយរបស់បក្សប្រឆាំង សូម្បីតែមួយកំណាត់នាក់ក៏មិនដែលមានផង ដែលហ៊ានហើបមាត់និយាយទិទៀន ថ្នាក់ដឹកនាំកំពូលរបស់ខ្លួន ដូចរូបកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ដែលហ៊ានរិះគន់ចំៗទៅលើទណ្ឌិត សម រង្ស៊ី ដែលជាថ្នាក់ដឹកនាំរបស់ខ្លួន។
កូនស្រីសំណព្វចិត្តរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា នៅពេលថ្មីៗនេះបានធ្វើការទិទៀនមិនសំចៃមាត់ ទៅលើទណ្ឌិត សម រង្ស៊ី តាមបណ្តាញសង្គម Twitter ដោយនិយាយជាចំហរថា «វាមានរយៈពេល១ឆ្នាំហើយៗពេលនេះគាត់អាចអះអាង និរទេសខ្លួនជាផ្លូវការបានហើយ និងមានហេតុផលស្របច្បាប់ដើម្បីនៅបរទេសបន្តទៀត…»។
សាររបស់កញ្ញា កឹម មនោវិទ្យា បង្ហាញយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី ខ្លួនឯងគឺមានចេតនាទៅសម្ងំ រស់នៅ និងសោយសុខនៅបរទេស ប៉ុន្តែបែរជាទម្លាក់កំហុស ដាក់បក្សកាន់អំណាចថា រារាំងមិនឱ្យចូលស្រុក និងធ្វើជាសំដែងតួជាជនរងគ្រោះ ដែលត្រូវបានគេនិរទេសខ្លួនទៅវិញ។
ក្រៅពីការរិះគន់រឿងល្បិចនិរទេសខ្លួនដោយស្របច្បាប់ របស់ប្រធានបក្សប្រឆាំងរូបនេះ កូនស្រីច្បងដ៏ក្លាហានរបស់លោក កឹម សុខា ក៏បានរិះគន់ទៅលើទណ្ឌិត សម រង្ស៊ី ផងដែរ ចំពោះបំណងចង់ជាប់ពន្ធនាគារជំនួសសកម្មជន និងមន្ត្រីបក្សប្រឆាំង ដោយកញ្ញា បានសរសេរលើ Twitter ផ្ទាល់ខ្លួនរបស់នាងថា «មានមនុស្សមើល ទូរទស្សន៍ច្រើនណាស់នៅពេលទំនេរប្រសិនបើ លោកគោរពទស្សនិកជន យ៉ាងហោចណាស់លោក គួរតែធ្វើឲ្យការភូតកុហករបស់លោក មើលទៅគួរទុកចិត្តបានផង»។
សារទិទៀនរបស់នាងយុវតីរបស់បក្សប្រឆាំងរូបនេះ គឺហាក់ចង់ដាស់ស្មារតីអ្នកគាំទ្រផ្តាប់មុខ និងជ្រុលនិយមរបស់ទណ្ឌិត សម រង្ស៊ី ថា ការប្រកាសចង់ជាប់គុកជំនួស កូនចៅនេះ គ្រាន់តែជាល្បែងបោកប្រាស់របស់ទណ្ឌិត សម រង្ស៊ី ដែលសំដីបោកប្រាស់នេះត្រូវបានកញ្ញា កឹម មនោវិទ្យា ចាត់ទុកថា វាមានចរិតស្ទើរភ្លើងមិនសមទំនង ពេក ដែលធ្វើឱ្យកញ្ញាហួសចិត្ត នឹងការភូតភរបោកប្រាស់នេះ។ តាមការមើលឃើញ របស់អ្នក តាមដានស្ថានការណ៍នយោបាយនៅកម្ពុជា ក៏បានមើលឃើញពីចរិត ពិតរបស់ទណ្ឌិត សម រង្ស៊ី ថាមិនខុសពីការរិះគន់របស់កញ្ញា កឹម មនោវិទ្យា នោះទេ ព្រោះជាក់ស្តែងលោកប្រធានបក្សប្រឆាំងរូបនេះ គឺជាមនុស្សមិនដែលទទួល ខុសត្រូវម្តងណាឡើយតាំងពីចូលប្រឡូកក្នុងឆាកនយោបាយហើយជាបន្តបន្ទប់ គឺមានតែវិធីរត់ចោលកិច្ចការរបស់ខ្លួនហើយ តែងតែបញ្ចេញសារ បោកប្រាស់សកម្មជន និងអ្នកគាំទ្រ ហើយជារឿយៗបានរុញឱ្យសកម្មជន និង អ្នកគាំទ្ររងគ្រោះដោយសារតែទង្វើ បោកប្រាស់គ្មានការពិចារណា របស់គាត់ថែមទៀតផង។
កញ្ញា កឹម មនោវិទ្យា ដែលមានតួនាទីជា អនុប្រធានផ្នែកកិច្ចការសាធារណៈគណបក្សប្រឆាំង ត្រូវបានគេមើលឃើញថា ពិតជាមានភាពក្លាហានមែន ហើយការរិះគន់ របស់នាង ទៅលើទណ្ឌិត សម រង្ស៊ី ដែលជាប្រធានបក្សប្រឆាំងគឺមានហេតុផលសមស្រប សក្ត័សមជាយុវជនគំរូខ្មែរ ដោយនាង ហ៊ាន ចាប់ផ្តើមសាបព្រួស ថ្នាលពូជនៃយុវជនប្រជាធិបតេយ្យ ហ៊ានរិះគន់ និងទិទៀនចំៗលើថ្នាក់ ដឹកនាំ របស់ខ្លួន។
យុវជននិងសកម្មជនបក្សប្រឆាំងមួយចំនួនដែលតែងតែគាំទ្រផ្កាប់មុខចំពោះមេខ្លួននេះគួរតែរៀនសូត្រ តាមភាពក្លាហានដ៏ល្អមួយនេះរបស់កញ្ញា កឹម មនោវិទ្យាហើយ នេះ វាមិនមែនជាសញ្ញាអវិជ្ជមាននោះទេ ប៉ុន្តែវាជាពន្លកវិជ្ជមានមួយនៃស្មារតីដែលមានទស្សនៈជឿនលឿន។ ជាការពិតក្នុងនាមជាកូនចៅ ឬថ្នាក់ក្រោម គឺតែងតែ មានការគោរពចំពោះថ្នាក់ដឹកនាំ ប៉ុន្តែការរិះគន់ របស់កញ្ញា កឹម មនោវិទ្យា គឺអាចកើតឡើងដោយសារភាពជ្រុលនិយមហួសហេតុពេក របស់ថ្នាក់ដឹកនាំបក្សរបស់នាង ឬអាចនិយាយបានថា នាងក៏ពិបាកទ្រាំនិងមិនអាចទទួលយកបាននូវចរិតរបស់មេដឹកនាំ ដូចទណ្ឌិត សម រង្ស៊ី នេះទើបសម្រេចចិត្តរិះគន់ជាចំហរ។
ក្នុងសង្គមប្រជាធិបតេយ្យ ការទិទៀន ឬរិះគន់ចំណុចខ្សោយ ឬចំណុចខុសឆ្គងរបស់មេដឹកនាំ វាមិនមែនជារឿងអាក្រក់នោះទេ? នេះជាមេរៀនដ៏ល្អមួយសម្រាប់ គ្រប់បក្សនយោបាយនិងអ្នកនយោបាយ ត្រូវហ៊ានរិះគន់និងទទួលការរិះគន់ទើបស្ថាប័ន ឬសង្គមជាតិអាចឈានទៅរកបាននូវភាពល្អប្រសើរ៕
ដោយ៖ កែវ មាស អតីតសាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយ