(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ បានបញ្ជាក់ថា គណៈកម្មការ អភិវឌ្ឍន៍ទេសចរណ៍ (គ.អ.ទ) គ្រោងស្នើរាជរដ្ឋាភិបាល បង្កើតតំបន់និវេសនដ្ឋានទេសចរណ៍ (ផ្ទះទី២របស់ទេសចរ) សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនទាំងក្នុងស្រុក និងក្រៅស្រុក សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិភាក្សាលើសេចក្ដីព្រាងគោលការណ៍ណែនាំ ស្ដីពីការបង្កើត និងគ្រប់គ្រងតំបន់និវេសនដ្ឋានទេសចរណ៍ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងទីស្ដីការក្រសួងទេសចរណ៍ដែលដឹកនាំ ដោយលោករដ្ឋមន្រ្តី ថោង ខុន និងមានការចូលរួមពីសមាជិករបស់ គ.អ.ទ មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។
លោក ថោង ខុន បានឱ្យដឹងថា «តំបន់និវេសនដ្ឋានទេសចរណ៍ ឬតំបន់ទេសចរណ៍ពិសេស គឺជាតំបន់ស្នាក់នៅទី២ ឬផ្ទះទី២ បន្ទាប់ពីស្រុកកំណើតរបស់ភ្ញៀវទេសចរ ក្នុងនោះមានទាំងទេសចរជាតិ និងអន្តរជាតិ។ ចំណែកគោលបំណងនៃការបង្កើតតំបន់ និវេសនដ្ឋាន ទេសចរណ៍នេះ គឺដើម្បីប្រែក្លាយតំបន់សក្ដានុពលទេសចរណ៍ ទៅជាតំបន់និវេសនដ្ឋានទេសចរណ៍»។
លោក ថោង ខុន បន្ថែមថា «តំបន់និវេសនដ្ឋានទេសចរណ៍ គឺពិតជាកត្តាយុទ្ធសាស្រ្តដ៏សំខាន់មួយ ក្នុងការជំរុញកិច្ចអភិវឌ្ឍ ក្នុងក្របខណ្ឌសេដ្ឋកិច្ច-សង្គមទាំងមូល តាមរយៈវិស័យទេសចរណ៍ ដោយបង្កើតឡើងនូវផលិតផលទេសចរណ៍ថ្មីហើយផ្ដល់ ឱកាសឱ្យទេសចរ និងអ្នកវិនិយោគ មានសិទ្ធិចូល-ចេញច្រើនដង ទស្សនា ស្នាក់នៅ និងចូលរួមវិនិយោគលើ វិស័យទេសចរនៅកម្ពុជា»។
លោករដ្ឋមន្រ្តីបានបន្ថែមថា ការបង្កើត និងការអភិវឌ្ឍតំបន់និវេសនដ្ឋានទេសចរណ៍នេះ នឹងក្លាយជា «ចលករដ៏មានឥទ្ធិពល ជំរុញកំណើនសេដ្ឋកិច្ច» ការអភិវឌ្ឍសង្គម ការលើកកម្ពស់ផលិតភាព និងគុណភាពទេសចរណ៍ ស្របតាមនិន្នាការថ្មី នៃសេដ្ឋកិច្ចតំបន់ និងពិភពលោក។
សូមជម្រាបថា សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពី ការបង្កើត និងការអភិវឌ្ឍតំបន់និវេសនដ្ឋានទេសចរណ៍នេះត្រូវបានពិភាក្សា ជាច្រើនលើកមកហើយ រួមទាំងកិច្ចប្រជុំគណៈកម្មាធិការនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យកែសម្រួល និងប្រមូលធាតុចូលថ្មីៗ បន្ថែមទៀត ក្នុងការធ្វើឱ្យគោលការណ៍ណែនាំនេះ កាន់តែមានសុក្រឹត្យភាព និងប្រសិទ្ធភាពខ្ពស់ ជំរុញការវិនិយោគក្នុងវិស័យ ទេសចរណ៍៕