(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ដើម្បីរួមគ្នាបង្ហាញក្ដីស្រឡាញ់សម្រាប់កុមារ និងគាំទ្រសកម្មភាពសប្បុរសធម៌ ដើម្បីប្រមូលមូលនិធិឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។

ក្នុងឱកាសបើកកម្មវិធីរត់មារ៉ាតុង លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះបានរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលមូលនិធិឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរត់ម៉ារ៉ាតុង ដើម្បីសប្បុរសធម៌នេះមានការគាំទ្រយ៉ាងច្រើនកុះករពីសាធារណជនទូទៅទាំងក្មេងទាំងចាស់ ដើម្បីសង្គម និងសុខភាពទាំងអស់គ្នា ហើយអ្នកចូលរួមទាំងអស់បានរួមគ្នាបរិច្ចាគថវិកាប្រកបដោយក្តីសប្បាយរីករាយជាមួយទឹកចិត្តដ៏ស្មោះសរ»។

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ដើម្បីក្តីស្រឡាញ់សម្រាប់កុមារនាពេលនេះ រៀបចំឡើងដោយក្រុមហ៊ុនលីហួរគ្រុប និងក្រុមហ៊ុនមួយចំនួនទៀត បានចាប់ផ្តើមនៅវេលាម៉ោង ៥៖៣០នាទីព្រឹក នៅលើវិថីលោកអ្នកឧកញ៉ាលីហួរ ក្នុងបុរីវិមានភ្នំពេញ រាជធានីភ្នំពេញ ដោយមានអ្នកចុះឈ្មោះចូលរួមប្រមាណជាង ២ពាន់នាក់។

សូមជម្រាបថា ក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងបានផ្តល់ឱកាសដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ក្នុងការជួបជុំលេងកីឡា ដើម្បីសុខភាព និងបង្កើនទំនាក់ទំនងក្នុងសង្គម ព្រមទាំងចូលរួមកម្មវិធីដើម្បីសប្បុរសធម៌ផងដែរ ស្របនឹងពាក្យស្លោកដែលថា «កីឡារស់ក្នុងសន្ដិភាព»។