(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានប្តេជ្ញារារាំងឧបាយកលយុទ្ធសាស្ត្រផ្ការីក របស់ក្រុមជ្រុលនិយម ខណៈ កំពុងបោះជំហានទៅមុខដើម្បីនាំប្រទេសសម្រេចចក្ខុវិស័យឆ្នាំ២០៥០។

Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

កម្ពុជាក្រោមការដឹកនាំដ៏ម៉ាត់របស់គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាបន្តធ្វើដំណើរនៅលើ សន្តិភាពដ៏រឹងមាំរបស់ខ្លួន ដែលជាមាគ៌ាមួយឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ដែលជាប្រទេសមានប្រាក់ចំណូលខ្ពស់ប្រកបដោយវិបុលភាពរុងរឿង។

គណបក្សប្រជាជនកម្ពុជា ក្នុងដំណើរប្រវត្តិសាស្ត្រនយោបាយទំនើបនៃសតវត្សរ៍ទី២១នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ខណៈចក្ខុវិស័យឆ្នាំ២០៥០ នឹងមកដល់ក្នុងរយៈពេល២៥ឆ្នាំខាងមុខទៀតនេះ។ ទោះជាយ៉ាងណាក៏ដោយ ផ្លូវធ្វើដំណើរទៅមុខរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវគេរំពឹងថា ក៏មិនអាចចៀសផុតពីរបាំងឧបសគ្គខ្លះបានឡើយ ខណៈ ក្រុមជ្រុលនិយមខ្មែរនៅក្រៅប្រទេស បានបង្កើតរបាំងឧបសគ្គ «ផ្ការីក» ដែលស្វែងរកការបំផ្លាញសន្តិភាពជាតិស្ទើរគ្រប់ពេលវេលា។

ជាមួយនឹងយុទ្ធសាស្ត្រដ៏រវើរវាយនេះ ក្រុមជ្រុលនិយមគ្មានទិសដៅអ្វីរបស់ខ្លួនក្រៅតែពីបង្កើតព័ត៌មានក្លែងក្លាយ, ប្រើប្រាស់វិធីសាស្ត្រនិយាយបន្តុះបង្អាប់ជាតិខ្មែររបស់ខ្លួនឯង និងតែងលួចយកព្រឹត្តិការណ៍អន្តរជាតិនានាដើម្បីអាជីវកម្មកេងចំណេញនយោបាយ ដោយទម្លាក់រឿងអាក្រក់ៗទាំងឡាយ ដាក់មកលើសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំនយោបាយឈ្នះឈ្នះ បំបាត់សង្គ្រាមស៊ីវិល និងជានយោបាយអច្ឆរិយៈនាំមកនូវសន្តិភាព និងការឯកភាពទឹកដីទាំងស្រុងនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងប្រសាសន៍នាល្ងាចថ្ងៃទី១៤ មីនា ក្នុងឱកាសបិទពិធីសន្និបាតប្រចាំឆ្នាំលើកទី២បូកសារុបលទ្ធ ផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា បានហៅមនុស្សមួយក្រុមដែលធ្វើនយោបាយបង្អាប់តែជាតិសាសន៍ខ្មែររបស់ខ្លួនថាពួកគេជាសត្វធាតុ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានថា សូមកុំប្រៀបធៀបសម្តេចទៅមេដឹកនាំប្រទេសដទៃ៖ «សូមផ្តាំអ្នកកុំប្រៀបធៀបអ្វី ដែលជាជោគជ័យរបស់អ្នកដ៏ទៃ ទៅជាជោគជ័យរបស់អ្នក ហើយបរាជ័យទម្លាក់ឱ្យ ហ៊ុន សែន, ហ៊ុន សែន គឺ ហ៊ុន សែន, ហ៊ុន សែន របស់កម្ពុជា»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការហួសចិត្តចំពោះមេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ដែលធ្លាប់តែរិះគន់ដល់លោក ដូណាល់ ត្រាំ ថាជាមនុស្សផ្តាច់ការ ប៉ុន្តែពេលនេះបែរជាពួកគេឈានទៅរកលោក ដូណាល់ ត្រាំ ឱ្យជួយពួកខ្លួនក្នុងបំណងចង់ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ បានដាក់សំណួរថា តើក្រុមជ្រុលនិយមនោះ មានភាពអៀនខ្មាស់ដែរឬទេ? ដែលធ្លាប់រិះគន់លោក ដូណាល់ ត្រាំ ប៉ុន្តែបែរជានាំគ្នាទៅរកសុំការអង្វរករពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅវិញនោះ?

សម្តេចតេជោ បានដាក់សំណួរទៀតថា តើក្រុមជ្រុលនិយមទាំងនោះ ពួកគេធ្វើជាឆោតល្ងង់ ឬក៏ល្ងង់ពិតប្រាកដ ដែលព្យាមយាមចង់ឱ្យសហរដ្ឋអាមេរិកឈ្លោះជាមួយនឹងកម្ពុជា ពីព្រោះក្នុងអាណ្ណត្តិគ្រប់គ្រងរបស់លោក ដូណាល់ ត្រាំ ក្នុងរយៈពេល៤ឆ្នាំទៅមុខនេះ គឺប្រទេសកម្ពុជា ដែលជាអ្នកសម្របសម្រួលរវាងអាស៊ាននិងអាមេរិក៖

«ហើយខ្ញុំជូនសារ កុំសង្ឃឹមលើផ្ការីក អ្នកឯងកុំសង្ឃឹមថ្ងៃណាក៏ផ្តួលៗ ហើយខ្ញុំឆ្ងល់ ចេះតែអ្នកឯងចេះទៅអាមេរិកទៅរួច អ្នកឯងទិតៀនដូណាល់ត្រាំ ជាជំហរក្នុងពេលយុទ្ធនាការបោះឆ្នោត ឥឡូវអ្នកឯងកំពុងទៅពឹងប្រទេសអាមេរិក ដើម្បីនិងដាក់គាប់សង្កត់នៅកម្ពុជា។ អាមេរិក កម្ពុជាកំពុងធ្វើជាអ្នកសម្របសម្រួលរវាងអាស៊ាននិងអាមេរិក អ្នកត្រូវយល់អំពីបញ្ហានេះទេ តើអ្នកល្ងង់ពិត ឬធ្វើជាល្ងង់ ប៉ុន្តែរឿងបែបនេះគឺពិតជាល្ងង់ហើយ។ អញ្ចឹងបើកម្ពុជា និងអាមេរិកមើលមុខគ្នាមិនត្រង់ តើអ្នកណាជាអ្នកសម្របសម្រួលរវាងអាស៊ាននិងអាមេរិក…ដាក់អីមក កម្ពុជាអត់ព្រមៗ អ្នកធ្វើម៉េច? ព្រោះកម្ពុជាមានសិទ្ធិតើ? ម្ខាងគឺជាសមាជិកអាស៊ាន តែម្ខាងទៀតជាអ្នកសម្របសម្រួលដូច្នេះក្នុងអាណត្តិ ដូណាល់ ត្រាំ គឺជាអាណត្តិ ដែលចាំបាច់ត្រូវមានការសម្របសម្រួលបន្តពី ចូ បៃដិន រឿងនេះវាអញ្ចឹង ហើយយើងក៏មិនយកអាមេរិកធ្វើជាសត្រូវដែរ យើងចង់ធ្វើមិត្តទាំងអស់នៅលើពិភពលោកនេះ ធ្វើមិត្តទាំងអស់នៅលើពិភពលោក»។

*តើគណបក្សប្រជាជនកម្ពុជា ប្រើយុទ្ធសាស្ត្រអ្វីបង្ក្រាបយុទ្ធសាស្ត្រ «ផ្ការីក» របស់ក្រុមជ្រុលនិយម?

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីនូវវិធីសាស្រ្តមានប្រសិទ្ធភាពមួយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការទប់ទល់នឹងការគម្រាមកំហែង ពីសំណាក់ក្រុមជ្រុលនិយម តាមរយៈយុទ្ធសាស្ត្រ «ងើបមួយ វាយមួយ»។ យុទ្ធសាស្ត្រនេះ ត្រូវបានធានាថារាល់ការប៉ុនប៉ង ដែលក្រុមប្រឆាំងបម្រុងធ្វើដើម្បីចង់ឱ្យរាជរដ្ឋាភិបាលមានអស្ថិរភាព នឹងក្លាយជាវិធានការតបតវិញយ៉ាងលឿននិងម៉ឺងម៉ាត់ ដែលនឹងបង្ក្រាបយុទ្ធសាស្ត្រផ្ការីកដោយជោគជ័យ៖

«ហើយកុំងើប…សុំប្រាប់ឱ្យហើយ យុទ្ធសាស្ត្រងើបមួយ វាយមួយនៅបន្ត អត់ដកថយទេ ហ្ហែងរពិសដៃតាមហ្វេកប៊ុក ក៏អញតាមយកហ្អែងដែរ យកហ្អែងមកសួរ។ ម៉េចហ្អែងនិយាយអញ្ចឹង។ យុទ្ធសាស្ត្រ «ងើបមួយ វាយមួយ» គឺជាយុទ្ធសាស្ត្រ ដែលមិនទុកកន្លែងចន្លោះប្រហោងសម្រាប់ចលនាបះបោរ ផ្ការីកអាចកើតឡើងនៅក្នុងប្រទេសកម្ពុជាបានឡើយ»។

កម្ពុជាចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៩៨ តាមរយៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នោះមក, ប្រទេសនេះ បានផ្លាស់ប្តូរទាំងស្រុងចេញពីប្រទេស ដែលហែកហួរដោយសង្រ្គាម ទៅជាប្រទេសមួយនៅលើមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ច និងសមាហរណកម្មអន្តរជាតិ។គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីបានធ្វើឱ្យប្រទេសកម្ពុជាអស់សង្គ្រាម បានពង្រឹងខ្លួនយ៉ាងរឹងមាំ និងក្លាយជាកម្លាំងនយោបាយដ៏មានឥទ្ធិពលនៅក្នុងប្រទេស ជាពិសេសការគ្រប់គ្រងគ្រប់ជ្រុងជ្រោយលើកត្តាអភិបាលកិច្ច រាប់ទាំងវិស័យសេដ្ឋកិច្ច និងវិស័យនានាទាំងឡាយ។

ក្នុងរយៈពេលជាង២០ឆ្នាំរួចមកនេះ គ្រឹះសន្តិភាពរបស់កម្ពុជា កាន់តែចាក់ឫសគល់រឹងមាំ បន្តិចម្តងៗក្រោមគោលយុទ្ធសាស្ត្រត្រីកោណ, ចតុកោណនិងឈានដល់បញ្ចកោណ។ សម្តេចតេជោ បានរំលឹកពីគ្រឹះយុទ្ធសាស្ត្រត្រីកោណដាក់ចេញក្នុងឆ្នាំ១៩៩៨ និងការប្តេជ្ញាចិត្ត មិនឱ្យអនុភាពបរទេសណាអាចកែប្រែយុទ្ធសាស្ត្រដាក់ចេញរបស់គណបក្សប្រជាជនកម្ពុជានេះបានឡើយ៖

«ខ្ញុំចង់បញ្ជាក់យុទ្ធសាស្រ្តត្រីកោណ និងគោលដៅពីរ ដែលខ្ញុំដាក់ចេញនៅឆ្នាំ១៩៩៨ ។ ១៖ យុទ្ធសាស្ត្រត្រីកោណមានមុំបី ,មុំទី១ ធ្វើសន្តិភាពវូបនីយកម្មផ្ទៃក្នុងកម្ពុជា តាមរយ:ការពង្រឹងសន្តិភាព កុំឱ្យប្រទេសកម្ពុជា កើតសង្គ្រាមឡើងវិញ…ខ្ញុំហ៊ាននិយាយជាមុន។ ខ្ញុំហ៊ាននិយាយជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅវិមានសន្តិភាពក្នុងឆ្នាំ២០១០។ នៅពេលគាត់មកទស្សនកិច្ច ខ្ញុំបានប្រាប់ឯកឧត្តមអគ្កលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ថាឯកឧត្តម ខ្ញុំសុខចិត្តឱ្យតុលាការ កូនកាត់នេះបរាជ័យ តែខ្ញុំមិនឲ្បប្រទេសខ្ញុំកើតសង្គ្រាមឡើងវិញទេ…កាត់ទោស បួន ប្រាំនាក់ ឬបួន ដប់នាក់ ២០នាក់ ឬ១០០នាក់ ធ្វើឱ្យប្រទេសកម្ពុជាកើតឡើងសង្គ្រាមឡើងវិញ មិនមែនជាការចង់បានរបស់ប្រទេសកម្ពុជាទេ ដែលត្រូវស្លាប់មនុស្សរាប់ម៉ឺននាក់នោះទេ។

ដូច្នេះហើយបានជាខ្ញុំមោទនភាពជាមួយនឹងអ្វីដែលកម្ពុជាមាន នៅពេលដែលប្រទេសហ្វីលីពីន ចាប់អតីតប្រធាននាធិបតីហ្វីលីពីន បញ្ចូនឱ្យប្រទេសក្រៅកាត់ទោស កម្ពុជារក្សាបាននូវសិទ្ធិអំណាចរបស់ខ្លួន នៅក្នុងក្របខណ្ឌតុលាការកូនកាត់…ខ្ញុំពិតជាមានមោទនភាព។ ម្សិលមិញខ្ញុំប្រជុំជាមួយបណ្តាប្រធានគណបក្ស និងមនុស្សសំខាន់ៗរបស់គណបក្ស ខ្ញុំនិយាយពីមោទនភាពនៃគណបក្សប្រជាជនដែលមានខ្ញុំដឹកនាំរាជរដ្ឋាភិបាល ខ្ញុំការពារបាននូវឥស្សរជន ដែលត្រូវចោទប្រកាន់ រាប់ទាំងសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏ត្រូវទទួលហៅការកោះហៅរបស់តុលាការដែរ ក៏ប៉ុន្តែខ្ញុំបានប្រាប់ច្បាស់ថា ខ្ញុំអត់ធ្វើទេ។

ហើយគេចង់ពង្រីកការកាត់ទោសនេះរហូតដល់មនុស្សមិនតិចទេ ០១, ០២, ០៣, ០៤, មិនដឹងសូន្យប៉ុន្មានទេ ខ្ញុំសរុបចុងក្រោយថា ខ្ញុំអត់ធ្វើទេ ខ្ញុំឱ្យបរាជ័យចុះ តែប្រទេសខ្ញុំអត់ត្រូវមានសង្គ្រាមទេ ពិតដូចថាឥឡូវតុលាការ បានបញ្ចប់ជាមួយនឹងសន្តិភាពត្រូវបានរក្សាត្រូវបានរក្សា»។

ការសង្កត់ធ្ងន់លើកត្តាសន្តិភាព និងឯកភាពផ្ទៃក្នុង គឺជាគន្លឹះស្នូលនៃគន្លងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន នៅបានបញ្ជាក់អំពីសារៈសំខាន់នៃនយោបាយច្បាមសំខាន់របស់លោកដើម្បីពង្រឹងអត្ថិភាពជាតិនៅលើឆាកអន្តរជាតិ តាមរយៈការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងឆាកអន្តរជាតិ ដោយបានទទួលបានអាសនៈរបស់ប្រទេសឡើងវិញនៅអង្គការសហប្រជាជាតិ និងនៅតាមអង្គការពិភពលោកផ្សេងៗទៀត។

សម្តេចតេជោ បានបន្តថា ភាពជឿនលឿនខាងការទូតទាំងនេះបានរួមចំណែក ដើម្បីឱ្យមានការទទួលស្គាល់ពីសំណាក់ប្រទេសនានាលើសកលលោកថា កម្ពុជាគឺពិតជាដៃគូដែលអាចទុកចិត្តបាននៅលើឆាកអន្តរជាតិ។

*ផ្លូវធ្វើដំណើររបស់កម្ពុជាទៅកាន់ចក្ខុវិស័យឆ្នាំ២០៥០ គឺជាការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គម

ចក្ខុវិស័យឆ្នាំ២០៥០ គឺជាផែនទីបង្ហាញផ្លូវមួយប្រកបដោយមហិច្ឆតា ដែលស្វែងរកការលើកកម្ពស់ប្រទេសកម្ពុជា ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដោយផ្តោតលើកំណែទម្រង់សេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកំពស់ធនធានមនុស្ស និងវឌ្ឍនភាពបច្ចេកវិទ្យា។

សម្តេចតេជោ ហ៊ុន សែន បានគាំទ្រចក្ខុវិស័យនេះ តាមរយៈការចែករំលែកបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ចសង្គម ដោយធានាថា កម្ពុជាមានទីតាំងល្អ ដើម្បីសម្រេចបាននូវគោលដៅរយៈពេលវែងរបស់ខ្លួន។

យុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញពីជោគជ័យរបស់ខ្លួនរួចទៅហើយកន្លងមកនេះ។ ជាឧទាហរណ៍ គោលនយោបាយចតុកោណឆ្នាំ២០០៤ គឺមានសារៈសំខាន់ក្នុងការបំប្លែងអតីតសមរភូមិទៅជាតំបន់សន្តិភាព និងពាណិជ្ជកម្ម។ ដូចគ្នានេះដែរ ព្រំដែនជាមួយប្រទេសជិតខាង បានវិវត្តទៅជាតំបន់នៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រទេសដើរតួជាគំរូមួយក្នុងតំបន់ដែលប្តេជ្ញាចិត្តដើម្បីភាពរុងរឿងទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ខ្ជាប់នូវបេសកកម្មដឹកនាំប្រទេសឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៥០ ទន្ទឹមនឹងការការពារសន្តិភាព និងស្ថិរភាពជាតិ។ ដូច្នេះការប៉ុនប៉ងរបស់បក្សប្រឆាំងក្នុងការបង្អាក់ការវិវឌ្ឍរបស់កម្ពុជាតាមរយៈព័ត៌មានមិនពិត និងតាមរយៈយុទ្ធសាស្ត្រជ្រុលនិយមរបស់ពួកគេនោះ នឹងមិនអាចយកឈ្នះមកលើគោលនយោបាយដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាលបានឡើយ។

គណបក្សប្រជាជនកម្ពុជាដែលកំពុងកាច់ចង្កូតដឹកនាំប្រទេស ក្នុងដំណើរសម្រេចចក្ខុវិស័យឆ្នាំ២០៥០ បានប្តេជ្ញាថា នឹងមិនឱ្យយុទ្ធសាស្ត្រ «ផ្ការីក» ដែលប៉ុនប៉ងបំផ្លាញប្រជាជាតិខ្មែរនោះ អាចកើតឡើងនៅលើទឹកដីកម្ពុជាបានឡើយ៕