(ភ្នំពេញ)៖ ជនដៃដល់ឆក់កាបូបគូដណ្ដឹងលោក Christ ជនជាតិអាមេរិក ដែលជា Vlogger ល្បីឈ្មោះប្រើប្រាស់បណ្ដាញសង្គមជួយផ្សព្វផ្សាយរឿងល្អពីកម្ពុជានោះ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបបានហើយនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ក្រោយកើតហេតុប៉ុន្មានម៉ោង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនដៃដល់ដែលឆក់កាបូបស្ដ្រីគូដណ្ដឹងលោក Christ កាលពីព្រឹកមិញ ត្រូវកម្លាំងជំនាញស្រាវជ្រាវតាមបង្ក្រាបបានហើយ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ជនដៃដល់ធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ហើយជាមុខសញ្ញាចាស់។

ស្ដ្រីជនរងគ្រោះឈ្មោះ Seara Colmenares មានសញ្ជាតិពីរ វេណេស៊ុយអេឡា និងអេស្ប៉ាញ។ នៅពេលឃាត់ខ្លួនជនសង្ស័យនគរបាលដកហូតបានឯកសារសំខាន់ៗ កាតធនាគារ លិខិតឆ្លងដែនអេស្ប៉ាញរបស់ស្ដ្រីរងគ្រោះ ប៉ុន្ដែបាត់លិខិតឆ្លងដែនវេណេស៊ុយអេឡា។

ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសួរនាំបន្ដតាមនីតិវិធី។

លោក Christ ដែលមាន TikTok និង Facebook ឈ្មោះ «travelwithcris» និងមិត្តស្រី គឺជា Vlogger ដ៏ល្បីដូចគ្នា ត្រូវបានចោរឆក់កាបូប នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ ឯកសារ កាតធនាគារ ប៉ាស្ព័រ និងលុយកាក់មួយចំនួន ត្រូវបានបាត់បង់។

យ៉ាងណាក៏ដោយសម្រាប់ករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះទៅជួបសួរនាំផ្ទាល់ ជាមួយជនរងគ្រោះទាំង២នាក់ ដើម្បីឲ្យដាក់ពាក្យបណ្តឹង។

សូមជម្រាបថា លោក Christ ជាជនបរទេសម្នាក់ ដែលតែងតែថតផ្សព្វផ្សាយល្អៗពីកម្ពុជា ទៅកាន់ពិភពលោកមានទាំងតំបន់ទេសចរណ៍ ម្ហូបអាហារ និងវប្បធម៌ប្រពៃណីខ្មែរជាដើម។

លោក Christ និងគូដណ្តឹងរបស់គាត់ សូមថ្លែងអំណរគុណនគរបាលរាជធានីភ្នំពេញ ដែលបានស្វះស្វែង និងខិតខំយកចិត្តទុដាក់សម្រាប់ពួកគាត់ទាំង២នាក់ ដោយនាំទៅដាក់ពាក្យបណ្តឹងភ្លាមៗ ហើយកំពុងរួមគ្នាស្រាវជ្រាវតាមចាប់ ចោរឆក់ ក្រោយធ្វើសកម្មភាពឆក់កាបូបគាត់នៅម្តុំផ្សាររាត្រី ខណ្ឌដូនពេញ នាវេលាថ្ងៃត្រង់ទី១៥ ខែមីនា ឆ្នាំ២០២៥។

លោក Christ ជាជនជាតិអាមេរិក ហើយគូដណ្តឹងរបស់គាត់មានសញ្ជាតិវេណេស៊ុយអេឡា និងអេស្ប៉ាញ។ ក្រោយការសួរនាំរបស់នគរបាល ពេលទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលវត្តភ្នំ, លោក Christ បានបញ្ជាក់ថា សម្រាប់ហេតុការណ៍នេះ លោកមិនមានការបាត់បង់ទ្រព្យសម្បត្តិនោះឡើយ តែគូដណ្តឹងរបស់លោកបានបាត់លិខិតឆ្លងដែនវេណេស៊ុយអេឡា ID Card និងលុយមួយចំនួន តែលិខិតឆ្លងដែនអេស្ប៉ាញមិនបាត់នោះទេ។

នៅវេលាម៉ោង ១០៖៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ លោក និងគូដណ្តឹង នឹងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅសហរដ្ឋអាមេរិក ហើយមួយខែក្រោយនឹងត្រឡប់មកវិញ។ នៅចំពោះមុខនគរបាល, លោក Christ ពិតជាពេញចិត្តចំពោះចំណាត់ការភ្លាមៗរបស់កម្លាំងនគរបាល ដែលបានជួយអន្តរាគមន៍ករណីចោរកម្មមួយនេះ។

លោកបានរម្លឹកថា ពេលលោកទៅវៀតណាម ក៏ធ្លាប់ចោរឆក់កាបូបរបស់លោកផងដែរ និងញឹកទៀតផង តែសម្រាប់កិច្ចអន្តរាគមន៍វិញ មិនដូចសមត្ថកិច្ចកម្ពុជានោះទេ។

នៅពេលត្រឡប់មកប្រទេសកម្ពុជានៅខែក្រោយ,​ លោក Christ បានសន្យាថា នឹងនាំ Vlogger ល្បីៗមកជាមួយដើម្បីជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ពិភពលោកកាន់តែខ្លាំងឡើង ព្រោះលោកស្រឡាញ់កម្ពុជា៕