(កណ្ដាល)៖ អំឡុងខែបួសរ៉ម៉ាឌននេះ សាសនិកឥស្លាមភូមិព្រែកតាពៅ១ សង្កាត់ដើមមាន ក្រុងតាខ្មៅ និងវិហារអាល់អាហ្ស៊ីម ទទួលបាននូវជំនួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនសម្រាប់ស្រាយបួសអំឡុងពេលខែបួសរ៉ម៉ាឌននេះ។

ពិធីសំណេះសំណាលនិងផ្ដល់ការឧបត្ថម្ភនេះបានធ្វើឡើងនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ដែលមានវត្តមានលោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានទី១ ចុះជួយសង្កាត់ដើមមាន តំណាងលោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយសង្កាត់ដើមមាន, លោក ទីន វ៉ាន់ស៊ី អនុប្រធានក្រុមការងារចុះមូលដ្ឋានភូមិព្រែកតាពៅ១ តំណាងលោក ឆេង សំអឿន ប្រធានក្រុមការងារចុះជួយភូមិ, អាជ្ញាធរមូលដ្ឋាន និងបងប្អូនមូស្លីមជាច្រើននាក់។

ស្ថិតក្នុងឱកាសសំណេះសំណាលនេះ លោក ឌឹម បូរ៉ា បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់នូវគោលនយោបាយសុខដុមនីយកម្មសាសនាបានល្អបំផុត ដែលអនុញ្ញាត្តឱ្យបងប្អូនសាសនិកមូស្លីមទូទាំងប្រទេស អនុវត្តបានយ៉ាងពេញលេញនូវសិទ្ធិសេរីភាព គោលជំនឿរបស់ខ្លួន ដោយបងប្អូនមូស្លីម អាចប្រណិបត្តិសាសនាឥស្លាមបានយ៉ាងល្អដោយគ្មានការលំបាក ឬធ្វើទុក្ខបុកម្នេញអ្វីឡើយ។

ជាក់ស្ដែងសម្រាប់ខែរ៉ម៉ាឌន ដែលជាខែបួសនេះទៀតសោត បងប្អូនមូស្លីមទូទាំងប្រទេសអាច «បួស» បានដោយសេរី ហើយអាចប្រណិបត្តិធម៌សាសនាបានយ៉ាងរលូនល្អ ជាមួយនឹងភាពហ្នឹងនរផ្លូវកាយ ផ្លូវកាយចិត្តអំឡុងពេលកាន់អំណត់បួសនេះ។

លោកមិនភ្លេចទេ ពីការពាំនាំការសួរសុខទុក្ខរបស់លោក ឈឿន សុចិត្ត ប្រធានក្រុមការងារ ដែលបានយកចិត្តទុកដាក់ និងតែងតែឧបត្ថម្ភមកដល់សាសនិកឥស្លាមនៅភូមិព្រែកតាពៅ១នេះ ដ្បិតលោកមិនមែនមូស្លីមក្ដី ប៉ុន្តែទឹកចិត្តស្រលាញ់ ពិតជាផុសចេញពីក្រអៅបេះដូង ដែលសបញ្ជាក់ឱ្យឃើញពីការរស់នៅក្នុងសង្គមសន្តិភាព សង្គមមានសុខដុមនីយកម្មបានល្អបំផុត។

តំណាងពលរដ្ឋ និងជាអ៉ីម៉ាំខេត្ត លោក ស៊ូ សេន បានថ្លែងអំណរគុណជាអនេកដល់ថ្នាក់ដឹកនាំ និងក្រុមការងារដែលបានចុះមកសួរសុខទុកខ និងពាំនាំមកនូវការឧបត្ថម្ភនេះ។

សូមជម្រាបថា លោក ឈឿន សុចិត្ត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាច្រើនដល់វិហារសម្រាប់បងប្អូនមូស្លីមស្រាយបួសពេលល្ងាច និងថវិកាចំនួន៥០ម៉ឺនរៀលដល់វិហារ ព្រមទាំងឧបត្ថម្ភដល់ការងារដែលបានខិតខំរៀបចំចំនួន៥០ម៉ឺនរៀលផងដែរ។ បន្ថែមពីលើនេះ លោក ឌឹម បូរ៉ា បានឧបត្ថម្ភដល់វិហារចំនួន ២លានរៀល សម្រាប់បងប្អូនមូស្លីមស្រាយបួសអំឡុងពេលខែរ៉ម៉ាឌននេះ៕