(ព្រះសីហនុ)៖ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តព្រះសីហនុ ជាស្ថាប័នតំណាងឱ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជាស្ថាប័នមួយដែលដើរតួនាទី និងជាដៃគូយ៉ាងសំខាន់នៅក្នុងការជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអនុវត្តអភិបាលកិច្ចនៅកម្ពុជា។

លោក ឯម ភាព បានថ្លែងបែបនេះ ក្នុងឱកាសលោក និងលោក សំរិទ្ធ អេង អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានអញ្ជើញបូកសរុបលទ្ធផលមហាសន្និបាត អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះសីហនុ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាក្រុងព្រះសីហនុ។

លោកអភិបាលរងខេត្ត បានលើកឡើងថា ដើម្បីឱ្យសមាគមដំណើរការប្រកបដោយជោគជ័យ និងមាននិរន្តរភាព ទាមទាឱ្យផែនការយុទ្ធសាស្រ្ត និងគោលនយោបាយដឹកនាំ គ្រប់គ្រងរបស់សមាគម ជាពិសេសថ្នាក់ដឹកនាំសមាគម គណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគមត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចឱ្យស្របទៅនឹងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង របស់សមាគម និងមានការគាំទ្រពីរាជរដ្ឋាភិបាល ពីក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោក លោកស្រី ជាពិសេស ការគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍នានាដែលមានវត្តមាននៅទីនេះ។ ដូច្នេះលោកសង្ឃឹមថា អស់លោកលោកស្រីនឹងចូលរួមយ៉ាងសកម្មនូវរាល់សកម្មភាព របស់សមាគមយើងចាប់ពីថ្ងៃនេះតទៅ។

តំណាងឱ្យក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត, លោក ឯម ភាព ចង់ឃើញសមាគមមួយនេះដំណើរការប្រកបដោយប្រសិទ្ធភាព និរន្តរភាព តម្លាភាព គណនេយ្យភាព និងពឹងផ្អែកលើខ្លួនឯង។

លោកបានគូសបញ្ជាក់ថា មហាសន្និបាតសមា គមជាតិក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ បានដំណើរការអស់រយៈ០១ថ្ងៃគឺទទួលបានលទ្ធផលជាវិជ្ជមានទៅតាមការគ្រោងទុក គឺការបង្កើតបានសមាគមក្រុមប្រឹក្សា ដែលជាសមាគមមួយតំណាងឱ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅទូទាំងខេត្តព្រះសីហនុ៕