(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ផ្តល់កិច្ចសហការដល់ក្រសួងបរិស្ថាន ដើម្បីចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកសាធារណៈ។
ការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងតាមរយៈសារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
ក្នុងសារាចរនេះ សម្តេចមហាបវរធិបតី បានគូសរំលេចថា រយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាពសាធារណៈ ដែលអាចកើតចេញពីសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ជាក់ស្តែងនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាឆ្នាំ២០២៣-២០២៨ បានចាត់ទុកការកែទម្រង់ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិជាការងារអាទិភាព។
សម្តេចមហាបវរធិបតី បានគូសរំលេចទៀតថា ការងារតាមដានត្រួតពិនិត្យការបំពុលទឹក និងការទប់ស្កាត់ការសាយភាយសារធាតុពុលចូលក្នុងបរិស្ថាន ក៏ត្រូវបានដាក់បញ្ចូលជាផែនការសកម្មភាពនៃកម្មវិធីនយោបាយសំដៅធានាបាននូវការគាំទ្រដល់ការអភិវឌ្ឍ និងការប្រើប្រាស់ប្រកបដោយចីរភាព ការការពារសុខភាពសាធារណៈ និងជីវៈចម្រុះ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងក្នុងសារាចរថា ទោះបីជាមានបញ្ញត្តិវិធានការគ្រប់គ្រង និងត្រួតពិនិត្យការបំពុលទឹក ប្រភពទឹកសាធារណៈ បានចែងនៅក្នុងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធមួយចំនួនក្តី ក៏ការអនុវត្តវិធានការការពារគុណភាពទឹកតំបន់ទឹកសាធារណៈ រួមទាំងវិធានការគ្រប់គ្រង និងត្រួតពិនិត្យការបញ្ចេញសំណល់រាវ ឬសារធាតុបំពុលទឹកនានា នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងកំណើនសកម្មភាពនៃការអភិវឌ្ឍនាពេលថ្មីៗនេះនៅឡើយ ជាហេតុបង្កឱ្យមានកង្វល់អំពីការបំពុលប្រភពទឹកសាធារណៈ និងសុខភាពប្រជាពលរដ្ឋ ដែលអាស្រ័យនឹងប្រភពទឹកទាំងនោះ។
យោងលើបញ្ហាប្រឈមខាងលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តវិធានការសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១៖ ជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់ សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរពិសោធន៍ជាដើម ត្រូវបំពាក់ និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងមានផែនការ មធ្យោបាយ និងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់ក្នុងករណីកើតមានឧបទ្ទវហេតុការបំពុលទឹក។
២៖ ជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌលកម្សាន្តជាដើម ត្រូវបំពាក់ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យស្របតាមស្ដង់ដាសុវត្ថិភាពបរិស្ថាន មុននឹងបង្ហូរទៅតំបន់ទឹកសាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់រួម។
៣៖ ជំរុញការអនុវត្តនិរន្តរភាពកសិកម្ម តាមរយៈការគ្រប់គ្រង ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម សារធាតុចិញ្ចឹម ឱ្យបានសមស្របតាមលក្ខខណ្ឌសុវត្ថិភាពនិងស្តង់ដាបរិស្ថាន ចៀសវាងការបង្ហូរ ឬលេចជ្រាបសំណល់រាវពីតំបន់កសិកម្ម ដែលបង្កការបំពុលដល់ប្រភពទឹកសាធារណៈ។
៤៖ ជំរុញកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែនជាមួយបណ្តាប្រទេសជិតខាង និងក្នុងតំបន់ និងចូលរួមសហការចាត់វិធានការបន្ទាន់ក្នុងការកាត់បន្ថយការបំពុលទឹកសាធារណៈ ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៥៖ ជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមដាននិងគ្រប់គ្រងគុណភាពទឹកសាធារណៈ តាមរយៈការដំឡើងស្ថានីយតាមដានគុណភាពទឹកស្វ័យប្រវត្ត កសាងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យគុណភាពទឹកសាធារណៈ និងបំពាក់រថយន្តតាមដានគុណភាពទឹកសាធារណៈចល័ត។
៦៖ ជំរុញការសិក្សាស្រាវជ្រាវផ្នែកបរិស្ថានទឹក ផលប៉ះពាល់នៃការបំពុលទឹកដល់សុខភាពសាធារណៈ ជីវៈចម្រុះ និងសេដ្ឋកិច្ច និងការស្ដារគុណភាពទឹកដែលទទួលរងការបំពុល។
៧៖ ជំរុញលើកកម្ពស់ការយល់ដឹង និងបំផុសការចូលរួមពីសាធារណជន ក្នុងកិច្ចគាំពារគុណភាពទឹកសាធារណៈ តាមរយៈការរៀបចំវេទិកាសាធារណៈ ការផ្សព្វផ្សាយសារ ឬភាពយន្តអប់រំខ្លី។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការការពារគុណភាពទឹកសាធារណៈ។ កន្លងមកមានរោងចក្រ សហគ្រាសជាច្រើន ត្រូវបានចាត់វិធានការច្បាប់ជាបន្តបន្ទាប់ ក្រោយពេលរកឃើញរោងចក្រ សហគ្រាសទាំងនោះ មិនគោរពតាមការណែនាំពីក្រមបរិស្ថាន ហើយលួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងប្រភពទឹកសាធារណៈ។ មានរោងចក្រខ្លះមកឡាំប៉ាដាក់លោករដ្ឋមន្ត្រីថែមទៀត ទាំងរូបគេមិនបានគោរពឱ្យបានត្រឹមត្រូវទៅតាមច្បាប់ និងបច្ចេកទេសទប់ស្កាត់ទឹកកខ្វក់ចេញពីរោងចក្រសហគ្រាសរបស់ពួកគេ។
លោករដ្ឋមន្ត្រីបរិស្ថាន បានអះអាងថា លោកមិនចង់អនុវត្តវិធានការច្បាប់ណាមួយលើម្ចាស់រោងចក្រ សហគ្រាសនៅកម្ពុជានោះឡើយ គឺសូមត្រឹមឱ្យពួកគេចូលរួមគោរព និងអនុវត្តតាមច្បាប់ស្តីពីបរិស្ថាន ដើម្បីការពារប្រយោជន៍សាធារណៈទាំងអស់គ្នា ធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព មិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។ បើទោះបីជាយ៉ាងលោក អ៊ាង សុផល្លែត បានបង្ហាញការប្តេជ្ញាយ៉ាងមុតមាំមិនអនុគ្រោះឱ្យរោងចក្រ សហគ្រាសទាំងឡាយធ្វើសកម្មភាពគឃ្លើនបំពានច្បាប់បរិស្ថានបំផ្លាញផលប្រយោជន៍សាធារណៈនោះឡើយ ពោលគឺនឹងអនុវត្តច្បាប់មិនលើកលែងចំពោះរោងចក្រ សហគ្រាសដែលមិនគោរពតាមច្បាប់ស្តីពីបរិស្ថាន៕