(ភ្នំពេញ)៖ សំណុំរឿងគ្រឿងញៀន នៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ កន្លងទៅនេះ នៅតែបន្តឈរលំដាប់ថ្នាក់ទី១ ប៉ុន្តែសំណុំរឿងគ្រឿងញៀនធ្ងន់ធ្ងរ ដែលជាបទឧក្រិដ្ឋ បានធ្លាក់ចុះពីលេខ១ មកនៅត្រឹមលេខ៣។ នេះបើតាមការអះអាងរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌។
នៅក្នុងសន្និសីទសារព័ត៌មានប្រកាសលទ្ធផលសន្និបាតប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានកត់សម្គាល់ចំពោះការធ្លាក់ចុះ នៃបទឧក្រិដ្ឋ ទាក់ទងនឹងគ្រឿងញៀន ដោយបានគូសបញ្ជាក់ដូច្នេះថា៖ «បើយើងគិតលើបទល្មើសមួយៗវិញយើងឃើញថា នៅក្នុងចំណោមបទឧក្រិដ្ឋ បើយើងគិតតែសំណុំរឿងចូលទៅកាន់តំណាងអយ្យការនៅឆ្នាំ២០២៤ កន្លងទៅនេះ យើងឃើញថា បទល្មើសដែលច្រើនជាងគេ គឺបទល្មើសលួចមានស្ថានទម្ងន់ទោស ដែលមានចំនួន៩៩៧ករណី ហើយស្ថិតក្នុងលំដាប់ទី២គឺបទល្មើសសេពសន្ថវៈ ដែលមានចំនួន៥២៩ករណីហើយទី៣គឺបទល្មើសគ្រឿងញៀន»។
បទល្មើសគ្រឿងញៀននៅតែឈរលំដាប់ថ្នាក់លេខ១ នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤។ បើតាមរបាយការណ៍ដែលផ្តល់ដោយអ្នកនាំពាក្យពាក្យក្រសួងយុត្តិធម៌ បានបង្ហាញថា + សំណុំរឿងព្រហ្មទណ្ឌសរុប នៅដំណាក់កាលអយ្យការក្នុងចំណោមសំណុំរឿង៣៨៧៥៦ មានបទល្មើសគ្រឿងញៀន៦១៩៩ករណី ស្មើនឹង១៥.៩៩ភាគរយ នៃបទល្មើសទាំងអស់ ក្នុងនោះ បទឧក្រិដ្ឋគ្រឿងញៀនមានចំនួនត្រឹមតែ ៤៣៣ករណី ខណៈដែល 433បទមជ្ឈិមគ្រឿងញៀនមានរហូតដល់ ៥៧៦៦ករណី។
លោកបានបន្តថា «ចំណាត់ថ្នាក់(បទឧក្រិដ្ឋគ្រឿងញៀន) នេះ បើយើងមើលទៅគឺមានការប្រែប្រួលច្រើនបើប្រៀបធៀបទៅនឹងឆ្នាំ២០២៣កន្លងទៅ ដោយឆ្នាំ២០២៣ បទល្មើសឧក្រិដ្ឋគ្រឿងញៀនស្ថិតនៅលំដាប់ទី១ ដែលមានចំនួនច្រើនជាងគេ»។
លោកបន្តថា បទឧក្រិដ្ឋលំដាប់ទី២ គឺបទរំលោភពសេពសន្ថវៈ ដែលបទលមើសនេះមិនមានការប្រែប្រួលច្រើនឡើយទាំងនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ចំណែកបទល្មើសលួចមានស្ថានភាពទម្ងន់ទោសដែលជាបទឧក្រិដ្ឋដែរនោះ នៅឆ្នាំ២០២៣ ស្ថិតនៅក្នុងលំដាប់ទី៣ ហើយឆ្នាំ២០២៤ ឡើងមកលំដាប់លេខទី១។
បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌, បទល្មើសឧក្រិដ្ឋពាក់ព័ន្ធនឹងគ្រឿងញៀន នៅឆ្នាំ២០២៤ បានធ្លាក់ចុះប្រមាណពាក់កណ្ដាល បើធៀបទៅនឹងឆ្នាំ២០២៣ ហើយបើនិយាយអំពីបទមជ្ឈិមទាក់ទងនឹងគ្រឿងញៀនវិញ មិនសូវជាមានការខុសគ្នាប៉ុន្មានទេសំណុំរឿងមានការកើនឡើងប៉ុន្តែចំណាត់ថ្នាក់គឺនៅដដែល។
នៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ តុលាការគ្រប់ជាន់ថ្នាក់ បានដោះស្រាយសំណុំរឿងក្តីបានប្រមាណជាង១៩ម៉ឺនសំណុំរឿង ស្មើនឹងប្រមាណ ៨២ ភាគរយ នៃសំណុំរឿងទាំងអស់នៅទូទាំងប្រទេស ក្នុងចំណោមសំណុំរឿងក្តីទាំងអស់ជាង២៣ម៉ឺនសំណុំរឿង ដែលបានដាក់ទៅកាន់តំណាងអយ្យការ។
ពាក់ព័ន្ធនឹងសំណុំរឿងនៅតុលាការនេះ កាលពីឆ្នាំ២០២៤កន្លងទៅនេះ គឺ មានសំណុំរឿងព្រហ្មទណ្ឌមានជាង១១ម៉ឺនសំណុំរឿងហើយ បើគិតពីប្រភេទនៃបទល្មើសគឺបទមជ្ឈិមមានអត្រាខ្ពស់ជាងគេខ្ពស់រហូតដល់ជាង ៨៤% បទឧក្រិដ្ឋស្ថិតនៅក្នុងលំដាប់ថ្នាក់ទី២ គឺប្រមាណ ១៥ភាគរយ ចំណែកឯបទល្ហុ គឺមានចំនួនតិចជាងគេប្រមាណ២ភាគរយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌៕