(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បានដាក់បញ្ជាឲ្យកម្លាំង មន្រ្តីអាវុធហត្ថទូទាំងខេត្ត ត្រូវពង្រឹងនិងបង្កើនការចុះអនុវត្តន៍ ការបង្ក្រាបបទល្មើសល្បែងស៊ីសង និងអាជីវកម្មទទួលបញ្ចាំខុសច្បាប់ ឲ្យខ្លាំងជាងមុន ព្រមទាំងត្រូវអនុវត្តន៍បទបញ្ជាផ្ទៃក្នុង របស់កងរាជអាវុធហត្ថ ឲ្យបានខ្ជាប់ខ្ជួន។
ការដាក់បញ្ជាដ៏ម៉ឺងម៉ាត់បែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើការអនុវត្តន៍ការងារ និងការអនុវត្តន៍បទបញ្ជាផ្ទៃក្នុងដោយមាន ការចូលរួមពី លោកមេបញ្ជាការរង, លោកនាយរងសេនាធិការដ្ឋាន, លោកប្រធាន-អនុប្រធានមន្ទីរ, នាយ-នាយរងការិយាល័យ, មេបញ្ជាការ-មេបញ្ជាការរងក្រុង-ស្រុក និងប្រធាន-អនុប្រធានស្នាក់ការសន្តិសុខ ព្រមទាំងមេបញ្ជាការ-មេបញ្ជាការរង កងអនុសេនាធំ ចល័តលេខ១៦ សរុបចំនួន ១៤៨នាក់ បានចូលរួមផងដែរនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចប្រជុំនោះ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានផ្សព្វផ្សាយផែនការរបស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្រ្កាបល្បែងភ្នាល់ខុសច្បាប់ គ្រប់ប្រភេទ និងអជីវកម្មទទួលបញ្ចាំខុសច្បាប់។ លោកមេបញ្ជាការ បានដាក់បទបញ្ជាដល់អាវុធហត្ថគ្រប់លំដាប់ថ្នាក់មិនត្រូវមានការ ពាក់ព័ន្ធនឹងល្បែងស៊ីសងគ្រប់ប្រភេទជាដាច់ខាត៕