(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរង ក្រោមការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិត កែច្នៃ និងវេចខ្ចប់ ថ្នាំជក់ មានស្លាកយីហោ សានហ៊ី ឃីងឌាន ឯ.ក ស្ថិតនៅក្នុងភូមិត្រឹប សង្កាត់កំបូល ខណ្ឌកំបូល ក្រោយរងការរិះគន់ថា ជះក្លិនមិនល្អប៉ះពាល់ដល់ប្រជាពលរដ្ឋ។

សិប្បកម្មដែលសមត្ថកិច្ចចុះពិនិត្យនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មានម្ចាស់អាជីវកម្មឈ្មោះ CHEN ZIONGHUI ភេទប្រុស ជនជាតិចិន អាយុ៥២ឆ្នាំ ដែលមានតំណាងឈ្មោះ សឹង វឌ្ឍនា។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានប្រាប់ភ្នាក់ងារបណ្តាញព័ត៌មាន Fresh news ថា ក្រោយពេលក្រុមការងារចម្រុះបានត្រួតពិនិត្យទីតាំងជាក់ស្តែងខាងលើរកឃើញមានឯកសារ និងលិខិតអនុញ្ញាតសម្រាប់ដំណើរការទីតាំងសិប្បកម្មមានគ្រប់គ្រាន់, សរសៃថ្នាំជក់មួយចំនួនធំ, សារធាតុផ្សំជាមួយសរសៃថ្នាំជក់ដើម្បីបង្កើនក្លិន និងរសជាតិថ្នាំជក់មួយចំនួន ប៉ុន្តែពុំមានសារធាតុផ្សំពាក់ព័ន្ធ នឹងគ្រឿងញៀននោះឡើយ និងក្លិនថ្នាំជក់សាយភាយចេញពីរោងចក្រ។

បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យរួចមក ក្រុមការងារបានសម្រេចណែនាំដល់មន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវរៀបចំកិច្ចសន្យាជាមួយម្ចាស់ទីតាំងស្តីពីការរៀបចំបទដ្ឋានបច្ចេកទេសកាត់បន្ថយក្លិនសាយភាយចេញពីរោងចក្រ ដើម្បីកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជិតខាង៕