(ភ្នំពេញ)៖ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាលើកកម្ពស់ទំនុកចិត្តក្នុងការអនុវត្តច្បាប់របស់តុលាការ ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
លោក សេង ឌីណា បានថ្លែងបែបនេះ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
លោក សេង ឌីណា បានបញ្ជាក់ថា «ចំពោះការអនុវត្តវិធានការវិន័យតឹងរឹង ចំពោះចៅក្រម ព្រះរាជអាជ្ញា ក៏ដូចតួអង្គផ្សេងទៀត នៅក្នុងវិស័យយុត្តិធម៌ ក៏ដូចជាវិស័យយុត្តិធម៌ទាំងមូល ទាំងនៅតាមសាលាជម្រះក្តី អង្គការអយ្យការតាមសាលាជម្រះក្តី ក៏ដូចជា អង្គភាពផ្សេងទៀត នៅក្នុងវិស័យយុត្តិធម៌ទាំងអស់ គឺនៅតែបន្តយកចិត្តទុកដាក់អនុវត្តដោយម៉ឺងម៉ាត់ និងតឹងរ៉ឹង ហើយនៅក្នុងសន្និបាតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានលើកឡើងសារជាថ្មីទៀតដែរ កត់សម្គាល់អំពីការអនុវត្តដោយតឹងរ៉ឹង ទៅលើវិធានការវិន័យ»។
លោកបានបន្តថា «ត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ថា ការដាក់វិន័យគឺដោយក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ ក្នុងសន្និបាត មានចៅក្រម ព្រះរាជអាជ្ញា ឧត្តមក្រុមប្រឹក្សាវិន័យនៃអង្គចៅក្រម ចូលរួមដែរ គឺមានការប្តូរផ្តាច់ ថាមិនមែនអនុវត្តវិធានការតឹងរ៉ឹងហ្នឹង តែមួយម្តង ត្រូវឈប់ទេ តែការអនុវត្តបែបនេះ នៅតែបន្តជាប់ជាប្រចាំ ឆ្នាំ២០២៥ ២០២៦ ២០២៧ តទៅមុខរហូត»។
សូមជម្រាបថា នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបើកសម័យប្រជុំលើកទី៣៨ នៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន១៣ ដោយរបៀបវារៈទី១ ពិនិត្យ និងសម្រេច លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គឺអង្គប្រជុំបានសម្រេចយល់ព្រមលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពាក់ព័ន្ធនឹងករណីចៅក្រមចំនួន ១៤ករណី និងករណី ព្រះរាជអាជ្ញា ចំនួន ៩ករណី ដែលក្នុងនោះដាក់វិន័យក្រោមរូបភាព ស្តីបន្ទោសដោយផ្ទាល់មាត់ចំនួន ៤ករណី, ស្តីបន្ទោសដោយចុះក្នុងសំណុំលិខិតផ្ទាល់ខ្លួនចំនួន ១១ករណី, ផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬ ឋានន្តរស័ក្តិមួយរយៈតែមិនត្រូវឱ្យលើសពី ២ឆ្នាំទេ ឬលុបឈ្មោះចេញពីតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិវិញ ក្នុងករណីដែលបានចុះឈ្មោះរួចហើយចំនួន ៣ករណី, ផ្លាស់ដោយបង្ខំ ១ករណី, ផ្លាស់ដោយបង្ខំ តម្រូវឱ្យទទួល ការបណ្តុះបណ្តាលបន្ថែមចំនួន ២ករណី, ផ្លាស់ដោយបង្ខំនិងទម្លាក់ឋានៈ ១ករណី និងព្យួរពីការងារមិនឱ្យ មានបៀវត្សក្នុងរយៈពេល ៦ខែ ១ករណី។
ជាមួយគ្នានេះ ក្នុងចន្លោះសម័យប្រជុំលើកទី៣៧ និងលើកទី៣៨ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏បានពិនិត្យ និងសម្រេច លើវិន័យការងារចំពោះករណីព្រះរាជអាជ្ញារង ១នាក់ ដោយសម្រេចដាក់វិន័យ ក្រោមរូបភាព បណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ផងដែរ៕