(ភ្នំពេញ)៖ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវឲ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ បើពលរដ្ឋយល់ថា មានភាពមិនប្រក្រតី ចំពោះការដោះស្រាយរឿងក្តីរបស់ខ្លួន ជាជាងការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។
ការអំពាវនាវរបស់មន្ត្រីជាន់ខ្ពសក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីមើលឃើញថា ប្រជាពលរដ្ឋ នៅតែប្រើយន្តការបង្ហោះហ្វេសប៊ុក នៅពេលគាត់យល់ថា គាត់ទទួលបានភាពអយុត្តិធម៌ ចំពោះរឿងក្តីរបស់គាត។
ថ្លែងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោក សេង ឌីណា បានឲ្យដឹងថា ក្រសួងយុត្តិធម៌ បានដាក់ចេញយុទ្ធនាការចំនួន២ គឺការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
លោកបានបន្តថា ការដាក់ពាក្យបណ្តឹងផ្លូវការ គឺប្រសើរជាងការបង្ហោះលើហ្វេសប៊ុក ព្រោះការប្តឹងនោះមានការចុះបញ្ជីលេខ ហើយម្ចាស់បណ្តឹងអាចតាមដានបណ្តឹងរបស់ខ្លួនបានជាមួយខាងលេខាធិការដ្ឋានបាន។ ជាមួយគ្នានេះ ការដាក់ពាក្យបណ្តឹងផ្លូវការ ម្ចាស់បណ្តឹង ក៏អាចទទួលបានមេធាវី ករណីគាត់ខ្វះខាត។
អ្នកនាំពាក្យបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងយុត្តិធម៌ បានដាក់ចេញយុទ្ធនាការចំនួន២ គឺការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ តាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ហើយយើងខិតខំព្យាយាមផ្សព្វផ្សាយ និងដាក់លេខទូរសព្ទ ហើយខ្ញុំប្រាប់ថា លេខទូរសព្ទនេះ បើពលរដ្ឋមានបញ្ហា ឲ្យដាក់ពាក្យបណ្តឹង តាមលេខទូរសព្ទក៏បាន តាម Telegram ក៏បាន និងផ្ទាល់ក៏បាន»។
លោកបានបន្តថា មានការលើកទឹកចិត្តទាំងឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទាំងក្រុមការងារ និងទាំងលោកផ្ទាល់ គឺតែងតែជំរុញលើកទឹកចិត្តឲ្យពលរដ្ឋ ប្រើប្រាស់នូវយន្តការផ្លូវការ ពីព្រោះក្រសួងយុត្តិធម៌បានមានការប្តេជ្ញាចិត្តប្រឈមនឹងបញ្ហា។ លោកបានថ្លែងថា ករណីមានបណ្តឹង ខាងលេខាធិការដ្ឋាន នឹងពិនិត្យឲ្យហ្មត់ចត់ ដើម្បីធ្វើឲ្យម្ចាស់រឿងក្តី ដែលអះអាងថា អយុត្តិធម៌ ទទួលបានយុត្តិធម៌៕