(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយនឹងក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រធានមណ្ឌលសុខភាពឃុំទូទាំងស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ខេត្តកណ្តាល សរុបចំនួន ២២៩នាក់ នាថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥។

តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាងបានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោកបណ្ឌិត ធន់ វឌ្ឍនាអនុប្រធានទី២ ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុក ដាក់ជាទីបំផុត។

លោកប្រធានក្រុមបានបញ្ជាក់ថា ដោយអនុវត្តតាមកម្មវិធីការងាររបស់ព្រឹទ្ធសភា និងតាមការណែនាំដ៏ខ្ពង់ ខ្ពស់ របស់សម្តេចតេជោប្រធានព្រឹទ្ធសភាសមាជិកសមាជិកានៃក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានចុះជួបប្រាស្រ័យទាក់ទង និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រធានមណ្ឌលសុខភាពឃុំទូទាំងស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីសិក្សាឈ្វេងយល់ពីបញ្ហាប្រឈម សំណូមពរ ការអភិវឌ្ឍមូលដ្ឋាន និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណរបបសន្តិសុខសង្គម(ប.ស.ស) ផ្នែកថែទាំសុខភាពដោយឥតគិតថ្លៃ  ដើម្បីរិះរកមធ្យោបាយដោះស្រាយ ចូលរូមមតិជួយពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងនាំយកបញ្ហាទាំងនេះគោរពជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីធ្វើអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធចាត់វិធានការចូលរួមដោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

លោកប្រធានក្រុម បានជម្រាបជូនអង្គពិធីអំពីកិច្ចការមួយចំនួន ដែលថ្មីៗនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចបាន។ រាជរដ្ឋាភិបាល នីតិកាលទី៧នេះ បានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅកំពូលសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស និងជាច្រកទ្វារទៅកាន់តំបន់អាស៊ាន។

លោកប្រធានក្រុមបានជម្រាបថា រាជរដ្ឋាភិបាលបាននិងកំពុងវិនិយោគជាយុទ្ធសាស្ត្រលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា ដែលរួមបញ្ចូលទាំងផ្លូវល្បឿនលឿន, កំពុងផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ, និងមជ្ឈមណ្ឌលភស្តុភារកម្ម។

ក្រៅពីនេះ រាជរដ្ឋាភិបាល ក៏បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម, សម្រួលនីតិវិធីគយ, សម្រួលនីតិវិធីចុះចញ្ជីអាជីវកម្ម, និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាព   ច្បាស់លាស់ និងតម្លាភាព ជូនវិនិយោគិនជាតិ និងអន្តរជាតិ ព្រមទាំងផ្តល់ការអនុគ្រោះពន្ធរហូតដល់១៥ឆ្នាំ សម្រាប់    វិស័យឯកជនជាអាទិភាព។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានទម្លាក់ថវិកាបន្ថែមក្នុងវិស័យសុខាភិបាល និងបង្កើនថវិកាសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសយ៉ាងទូលំទូលាយដល់យុវជនចំនួន១,៥លាននាក់ ដើម្បីបំពេញតម្រូវការរបស់វិស័យឯកជនផងដែរ។

ក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី៣ បានជម្រាបជូនអង្គពិធីដោយសង្ខេបអំពីការរៀបចំ និងដំណើរការប្រព្រឹត្តទៅនៃព្រឹទ្ធសភា នីតិកាលទី៥ និងតួនាទីភារកិច្ច សមត្ថកិច្ចរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ សមិទ្ធផល និងស្នាដៃដ៏ច្រើនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា ដើម្បីឱ្យការអនុវត្តមុខងារ ស្របនឹងបរិបទនៃការរីកចម្រើនរបស់សង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា សម្តេចតេជោប្រធានព្រឹទ្ធសភាបានដាក់ចេញនូវគោលដៅអាទិភាពចំនួនពីរ ទី១ គឺ «ការអនុវត្តការទូតសភា» និងអាទិភាពទី២ គឺ «ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត»។

ជាមួយគ្នានេះ លោកស្រីបណ្ឌិត បានធ្វើបទបង្ហាញអំពីសារសំខាន់ដែលពាក់ព័ន្ធនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ពិតជាមានសារសំខាន់ណាស់ដោយសារការងារចុះបញ្ជីអត្រានុកូលដ្ឋាននេះ គឺបានផ្សារភ្ជាប់ទៅជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសមានទំនាក់ទំនងនឹងការទទួលបានប័ណ្ណរបបសន្តិសុខសង្គម (ប.ស.ស) ផ្នែកថែទាំសុខភាពដោយឥតគិតថ្លៃ។ លោកជំទាវបណ្ឌិត ក៏បានផ្តល់នូវទស្សនទានផ្លូវច្បាប់ជូនដល់ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រធានមណ្ឌលសុខភាពឃុំ ដើម្បី ទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ល្អៗក្នុង ដោះស្រាយនូវបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព និងគណនេយ្យភាព។

ឆ្លងតាមការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ដាច់ដោយឡែកពីគ្នារួចមក ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាឃុំ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងបានចំណាយពេលវេលាដ៏មមាញឹកមកចូលរួមពិធីសំណេះសំណាលនេះ ដើម្បី ទទួល-ចែករំលែកចំណេះដឹង បទពិសោធន៍ការងារ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានរបស់ខ្លួន។        

លោកប្រធានក្រុម បានលើកទឹកចិត្តដល់រដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំទាំងអស់ ឱ្យបន្តខិតខំលើកកម្ពស់ការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ព្រមទាំងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន ក្នុងនាមជាអ្នកបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ក្នុងឱកាសរៀបចំពិធីសំណេះសំណាលនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានឧបត្ថម្ភអាហារសម្រន់ ភេសជ្ជៈ និងថវិកាជូនក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រធានមណ្ឌលសុខភាពឃុំទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល ដោយសរុបការចំណាយទាំងអស់ជាង២១លានរៀល៕