(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានអញ្ជើញជាអធិបតីបើកកម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជា ជាភាសាខ្មែរ នៅក្នុងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ។

កម្មវិធីប្រកួតតុលាការប្រឌិត ជាភាសាខ្មែរលើកទី១ នេះ ត្រូវបានរៀបចំឡើងដោយសាលាក្ដីខ្មែរក្រហម និងមានកិច្ចសហការដោយសាកលវិទ្យាល័យប៊ែលធីអន្ដរជាតិ។ កម្មវិធីប្រកួតនេះ បាននិងកំពុងប្រព្រឹត្តទៅរយៈពេលបីថ្ងៃគឺថ្ងៃទី១៤ និង១៥ ខែមីនា នឹងប្រព្រឹត្ដទៅនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ខណៈការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។

ក្នុងកម្មវិធីនេះ មានការចូលរួមពីក្រុមនិស្សិតច្បាប់ចំនួន ១៣ក្រុម មកពីសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀខេត្តសៀមរាប សាកលវិទ្យាល័យអង្គរ សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។

បន្ទាប់ពីស្តាប់មតិស្វាគមន៍របស់លោក រ៉េត ច័ន្ទធន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិរួចមក លោក ក្រាញ់ តូនី បានថ្លែងថា អ.វ.ត.ក. បានរៀបចំបង្កើតកម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជា ជាភាសាខ្មែរ នេះឡើង ក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចការងារដែលនៅសេសសល់របស់ខ្លួន ដើម្បីជម្រុញដល់សិស្សនិស្សិតច្បាប់ និងអ្នកស្រាវជ្រាវ ចូលមកសិក្សាសា្រវជ្រាវឯកសារសំណុំរឿង និងយុត្តិសាស្ត្រល្អៗ នៅមជ្ឈមណ្ឌលធនធានរបស់អ.វ.ត.ក. ដែលមានចំនួនជាង ២,៤ លានទំព័រ សម្រាប់បង្កើនចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួន ផ្នែកច្បាប់ ជាពិសេសច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។

លោកប្រធានរដ្ឋបាលស្ដីទីបន្ថែមថា កម្មវិធីនេះជា DNA របស់ អ.វ.ត.ក. ដោយហេតុថា ក្នុងការប្រកួតនេះ គឺតម្រូវឱ្យមាន ៣ ភាគី ដែលរួមមាន៖ ទី១. ភាគីអយ្យការ ទី២. ភាគីការពារក្តី និងទី៣. ភាគីដើមបណ្តឹងរដ្ឋប្បវេណី ដូចគ្នាទៅនឹងសវនាការរបស់អ.វ.ត.ក. និងស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ផងដែរ។ ជាងនេះទៅទៀត ការប្រកួតតុលាការប្រឌិតដែលមាន៣ ភាគីនេះ ក៏ជាកម្មវិធីទី១ ដែលពុំធ្លាប់មានកន្លងមក បើប្រៀបធៀបទៅនឹងកម្មវិធីប្រកួតតុលាការប្រឌិតដែលរៀបចំឡើងដោយសាកលវិទ្យាល័យ និងស្ថាប័នអន្តរជាតិនានា ដោយរួមទាំងកម្មវិធីប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពីច្បាប់មនុស្សធម៌អន្តរជាតិរបស់ ICRC ផងដែរ។

លោក ក្រាញ់ តូនី ថ្លែងថា «ការប្រកួតប្រជែងតុលាការប្រឌិតកម្ពុជា គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការចែករំលែកបទពិសោធន៍នានា និងអនុញ្ញាតឱ្យនិស្សិតបានសិក្សាស្វែងយល់កាន់តែស៊ីជម្រៅអំពីច្បាប់អន្តរជាតិ និងឧក្រិដ្ឋកម្មអន្តរជាតិ តាមរយៈករណីសិក្សាដែលត្រូវបានប្រឌិតឡើង និងតាមរយៈយន្តការនៃការអនុវត្តច្បាប់ស្រដៀងគ្នាផ្សេងទៀត។ លើសពីនេះទៅទៀត និស្សិតផ្នែកច្បាប់ទាំងអស់មានឱកាសបានបញ្ចេញសមត្ថភាព ការតស៊ូមតិផ្នែកផ្លូវច្បាប់ ពង្រីកនិងពង្រឹងចំណេះដឹងនិស្សិតឱ្យកាន់តែប្រសើរ សម្រាប់ការអភិវឌ្ឈ ការលុបបំបាត់និទណ្ឌភាព និងសម្រាប់បង្ការឧក្រិដ្ឋកម្មធ្ងន់ធ្ងរនានាទៅពេលអនាគតផង»។

បន្ថែមពីលើនេះ លោក ប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក.បានបន្ថែមថា ការរៀបចំកម្មវិធីនេះឡើងក៏បានបង្ហាញពីការតាំងចិត្តរបស់ អ.វ.ត.ក. ក្នុងការរឹតបន្តឹងកិច្ចសហប្រតិបត្តិការណ៍រវាង អ.វ.ត.ក. ជាមួយបណ្តាសាកលវិទ្យាល័យជាដៃគូ ឱ្យកាន់តែស៊ីជម្រៅផងដែរ។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា កន្លងមក អ.វ.ត.ក. បានចុះអនុស្សរណៈស្តីពីការយោគយល់គ្នាជាមួយបណ្តាសាកលវិទ្យាល័យ និងស្ថាប័នជាតិនិងអន្តរជាតិ មួយចំនួនរួចហើយ ជាអាទិ៍ សាលកវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិបាត់ដំបង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងICRC ដើម្បីសហការលើការងារផ្សព្វផ្សាយ ចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ របស់ អ.វ.ត.ក. ដល់សិស្សនិស្សិត និងអ្នកស្រាវជ្រាវ។

អ.វ.ត.ក. គ្រោងនឹងចុះអនុស្សរណៈជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសហភាពសហព័ន្ធយុវជនកម្ពុជា នាពេលឆាប់ៗខាងមុននេះ ផងដែរ។ លោកសង្ឃឹមថា ទៅថ្ងៃអនាគត អ.វ.ត.ក. នឹងចុះអនុស្សរណៈជាមួយសាកលវិទ្យាល័យនានាបន្ថែមទៀត ដោយរួមទាំងជាមួយសាកលវិទ្យាល័យប៊ែលធី ដែលមានលោកបណ្ឌិត លី ឆេង ជាស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាល និងជាសមាជិកសភាដ៏សកម្មមួយរូប ផងដែរ។

បើតាមការបញ្ជាក់របស់ លោក ក្រាញ់ តូនី កន្លងមក អ.វ.ត.ក. បានចុះអនុស្សរណៈស្តីពីការយោគយល់គ្នាជាមួយ ICRC នៅឆ្នាំ២០២៣ ដើម្បីធ្វើជាអ្នករៀបចំកម្មវិធីប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ ជាភាសាអង់គ្លេស ហើយក្រុមដែលទទួលជ័យលាភ័យនឹងទៅចូលរួមប្រកួតថ្នាក់តំបន់នៅទីក្រុងហុងកុងបន្តទៀត។ ដោយអនុវត្តតាមនុស្សរណៈ អ.វ.ត.ក. បានរៀបចំកម្មវិធីប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ ប្រកបដោយជោគជ័យ បានចំនួន២ដងរួចមកហើយ ដែលលើកទី១ នៅខែធ្នូ ឆ្នាំ២០២៣ ដោយក្រុមនិស្សិតមកពីសាកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាអ្នកទទួលជ័យលាភ័យ និងលើកទី២ នៅខែធ្នូ ឆ្នាំ២០២៤ ដោយក្រុមនិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ជាអ្នកទទួលជ័យលាភ័យ៕