(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីបិទនៃកិច្ចប្រជុំ «ត្រួតពិនិត្យប្រចាំឆ្នាំ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤» ក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កម្មវិធីបិទនេះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីគ្រប់ក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍ, តំណាងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត, និងតំណាងអង្គការមិនមែនរដ្ឋា-ភិបាល សរុបប្រមាណ ៤០០នាក់។

ថ្លែងក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វឌ្ឍនភាពសម្រេច បាននាពេលកន្លងទៅ, ជាពិសេសក្នុងរយៈពេល ប្រមាណ ២០ ឆ្នាំ, ចាប់ពីដំណាក់កាលទី១ ដល់ដំណាក់កាលទី៤នេះ, គឺពិតជាសមិទ្ធផលដ៏គួរជាទីមោទនៈ និងជាចំណែកមួយដ៏សំខាន់ នៃដំណើរជាតិកម្ពុជា ដែលកើតចេញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គួបផ្សំនឹងការចូលរួមជួយជ្រោមជ្រែង ពីសំណាក់ដៃគូអភិវឌ្ឍនានាទាំងក្នុងក្របខ័ណ្ឌជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ។

ជាមួយនឹងមោទនភាពជាតិ និងការសាទរដ៏ក្លៀវក្លានេះ, យើងទាំងអស់គ្នា ពិតជាមិនអាចបំភ្លេចបានឡើយ នូវគុណូបការៈដ៏ថ្លៃថ្លាបំផុតមិនអាចកាត់ថ្លៃបាន របស់សម្តេចតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, ជាអគ្គមហារដ្ឋបុរសដ៏ឆ្នើមបំផុត, ដែលតែងតែបានផ្តល់ការគាំទ្រដ៏ខ្ពង់ខ្ពស់បំផុត ចំពោះវិធានការកែទម្រង់ទាំងឡាយ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាំងពីដើមរៀងមក។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្ដិភាព, ស្ថិរភាព និងការសម្រេចបាននូវសមិទ្ធផលជាច្រើន គួរជាទីមោទនៈ ក្នុងនីតិកាលកន្លងទៅ, រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់, ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, បាននិងកំពុងបន្តជំរុញការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបន្តសម្រេចបាននូវ សមិទ្ធផលដ៏ធំធេងជាច្រើនបន្ថែមទៀត ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០»។

ក្រោមភាពជាអ្នកដឹកនាំដ៏ឆ្នើម, ប្រកបដោយជវភាព, សមត្ថភាព និង ចំណេះដឹង របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី, យើងទាំងអស់គ្នា នឹងបន្តអនុវត្តការកែទម្រង់របស់យើងក្នុងភាពជាម្ចាស់ ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍សំខាន់ ៤ យ៉ាង រួមមាន៖ ទី១) ត្រូវមានចក្ខុវិស័យច្បាស់លាស់, ទី២) ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, ទី៣) ត្រូវមានការចូលរួមដោយស្មោះត្រង់, និង ទី៤) ត្រូវមានការលះបង់។ ឱវាទានុសាសន៍ដ៏មានអត្ថន័យនេះ បានបន្តរំលឹក និង ដាស់ស្មារតីយើងទាំងអស់គ្នាជាប់ជានិច្ចថា យើងទាំងអស់គ្នា គ្មានជម្រើសអ្វីល្អជាងការកែទម្រង់នោះឡើយ, ពោលគឺ «កែឲ្យបានកាន់តែល្អ, កែឲ្យបានកាន់តែមានប្រសិទ្ធភាព និងកែឲ្យបានកាន់តែរីកចម្រើន រុងរឿងបន្ថែមទៀត សម្រាប់ប្រជាជាតិកម្ពុជានៃយើង»។

ស្របតាមស្មារតីនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញវិធានការចាំបាច់ទាំងឡាយ សម្រាប់អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងឆ្នាំ២០២៥ និងក្នុងរយៈពេលមធ្យមទៅមុខ ដើម្បីបន្តដំណើរកសាង និងអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឈានដល់កម្រិតស្តង់ដារ និងឧត្តមានុវត្តជាអន្តរជាតិ ក្នុងបរិការណ៍នៃសង្គម-សេដ្ឋកិច្ចកម្ពុជា។ ភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា នឹងផ្តល់ភាពបត់បែនគ្រប់គ្រាន់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទាំងក្នុងក្របខ័ណ្ឌនៃការអនុវត្តរបៀបវារៈគោលនយោបា យរបស់រាជរដ្ឋាភិបាល និងទប់ទល់ទៅនឹងវិបត្តិនានា នាពេលបច្ចុប្បន្ន និងជាយថាហេតុនាពេលអនាគត។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងផ្តល់មូលវិចារដ៏ថ្លៃថ្លាចំពោះសហការី នៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដែលបានខិតខំជំរុញអនុវត្ត សកម្មភាពទាំងឡាយ នៅក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតសម្រេចបានលទ្ធផលល្អគួរជាទីលើកទឹកចិត្តនេះ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហគមន៍អឺរ៉ុប, ធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោក, មូលនិធិរូបិយវត្ថុអន្ដរជាតិ, យូនីសេហ្វ, រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍ, រដ្ឋាភិបាលអូស្ត្រាលី, និងស្ថាប័ន អន្ដរជាតិផ្សេង ទៀត ដែលបាន និងកំពុងបន្ដផ្ដល់ជំនួយ, ទាំងហិរញ្ញវត្ថុ និង បច្ចេកទេស, ដើម្បីគាំទ្រដល់ ការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំង ៣ ដំណាក់កាល កន្លងទៅ និងក្នុងដំណាក់កាលទី ៤នេះ៕