សម្ដេចតេជោ ហ៊ុន សែន ផ្តាំទៅស្រ្តីម្នាក់នៅក្រៅស្រុកដែលប្រឹងស្រែកថា កុំឲ្យកម្ពុជាមានចំណាកស្រុកដូចពេលនេះ, ប្រទេសថៃបញ្ចេញកម្លាំងពលកម្មទៅកូរ៉េ ហើយយកពលកម្មពីកម្ពុជា ឡាវ និងមីយ៉ានម៉ាទៅជំនួសវិញ (Video inside)
14-03-2025 21:43
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសថៃបានបញ្ចេញកម្លាំងពលកម្មទៅកូរ៉េ ហើយយកពលកម្មពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីបំពេញពលកម្មជំនួសវិញ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប៉ុន្តែខ្ញុំចង់និយាយថា ថ្ងៃមុនខ្ញុំស្ដាប់លោកស្រីម្នាក់ដែលបាននិយាយថា ប្រឹងឡើងៗ ដើម្បីធ្វើឲ្យប្រទេសយើង កុំមានចំណាកស្រុកដូចពេលនេះ, លោកស្រីភូតខ្លាំងពេកហើយ សូម្បីតែប្រទេសថៃនៅពេលនេះ គឺនាំចេញកម្លាំងពលកម្មទៅកាន់ប្រទេសកូរ៉េខាងត្បូងនោះដែរ»។
បើតាមប្រសាសន៍របស់ សម្ដេចតេជោ, ប្រទេសថៃនាំចេញកម្លាំងពលកម្មទៅកាន់ប្រទេសកូរ៉េខាងត្បូង, អារ៉ាប់, មជ្ឈិមបូព៌ា។ ក្នុងន័យនេះ សម្ដេចតេជោបានបញ្ជាក់ថា ថៃបាននាំចេញពលករទៅកាន់ប្រទេសដែលមានប្រាក់ខែខ្ពស់ ដោយជំនួសមកវិញគឺយកពលករពីកម្ពុជា, ឡាវ, មីយ៉ាន់ម៉ា ដើម្បីបំពេញពលកម្ម។
សម្ដេចតជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងនៅប្រទេសថៃ និងប្រទេសដទៃ ពេលមកលេងស្រុក ត្រូវស្វែងរកស្វែងរកឱកាសការងារធ្វើនៅក្នុងប្រទេសវិញ ថ្វីត្បិតធ្វើការចំណាកស្រុករកប្រាក់ចំណូលបានច្រើនជាង នៅក្នុងប្រទេសពិតមែន ប៉ុន្តែត្រូវឃ្លាតឆ្ងាយស្រុកកំណើត ហើយការចំណាយនៅក្រៅប្រទេស ក៏ខ្ពស់ជាងនៅក្នុងប្រទេសកម្ពុជាផងដែរ៕