(ភ្នំពេញ)៖ សម្ដេចតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងនៅប្រទេសថៃ និងប្រទេសដទៃ ពេលមកលេងស្រុក ត្រូវស្វែងរកស្វែងរកឱកាសការងារធ្វើនៅក្នុងប្រទេសវិញ ព្រោះតែត្បិតធ្វើការចំណាក ស្រុក រកប្រាក់ចំណូលបានច្រើនជាងនៅក្នុងប្រទេសពិតមែន ប៉ុន្តែត្រូវឃ្លាតឆ្ងាយស្រុកកំណើត ហើយការចំណាយនៅក្រៅប្រទេស ក៏ខ្ពស់ជានៅក្នុងប្រទេសកម្ពុជាដែរ។ ជាងនេះទៅទៀត ក៏ស្របពេលដែលប្រទេសកម្ពុជា របស់យើងកំពុងតែខ្វះខាត កម្លាំងពលកម្មថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា ទាំងរាជរដ្ឋាភិបាល បក្សនយោបាយ និងប្រជាជនកម្ពុជា ជាពិសេសវិស័យឯកជន ត្រូវរួមគ្នាកុំឱ្យធ្លាក់ទៅក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យម ដោយត្រូវរួមគ្នាខិតខំទាំងសមត្ថភាពរបស់រដ្ឋ និងវិស័យឯកជន ធ្វើឱ្យប្រទេសក្លាយជាប្រទេសមានចំណូលខ្ពស់។ ការថ្លែងរបស់សម្ដេចប្រធានព្រឹទ្ធសភា បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា នារាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា៖ «ខ្ញុំសង្ឃឹមថា ទាំងរាជរដ្ឋាភិបាល បក្សនយោបាយ និងប្រជាជនកម្ពុជា ក្នុងនោះវិស័យឯកជនរបស់យើង នឹងចូលរួមចំណែកកុំឱ្យកម្ពុជាធ្លាក់ទៅក្នុង អន្ទាក់នៃប្រទេសប្រាក់ចំណូលមធ្យម។ ប្រទេសមួយចំនួននៅលើពិភពលោក បានជាប់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យម យើងត្រូវខិតខំជៀសវាងលើបញ្ហានេះ ដោយខិតខំបង្កើនសមត្ថភាពរបស់រដ្ឋ ខិតខំបង្កើនសមត្ថភាពនៃវិស័យឯកជន ដើម្បីពន្លឿននៃការរីកលូតលាស់ របស់យើង កុំឱ្យយើងធ្លាក់នៅក្នុងអន្ទាក់នៃប្រទេសដែលមានប្រាក់ចំណូលមធ្យម យើងត្រូវក្លាយជាប្រទេសដែលមានការអភិវឌ្ឍ ដែលមានប្រាក់ចំណូលខ្ពស់»។
សម្ដេចបានមានប្រសាសន៍បន្ថែមទៀតថា៖ «ឥលូវតាមសិក្សារបស់អ្នកសេដ្ឋកិច្ចរបស់យើង ក៏ដូចជាសមាគមផ្ទាល់ក៏បានឱ្យដឹង យើងចាប់ផ្ដើមខ្វះកម្លាំងពលកម្មហើយ ដូច្នេះយើងក៏ត្រូវការអំពាវនាវបងប្អូននៅប្រទេសថៃ ពលករនៅប្រទេសថៃ ឬក៏នៅប្រទេសផ្សេង ដែលត្រឡប់មកកម្ពុជាវិញ ស្វែងរកឱកាសការងារនៅក្នុងប្រទេសរបស់ខ្លួន ពិតមែនតែប្រទេសថៃ ឬប្រទេសដទៃមានប្រាក់ចំណូលខ្ពស់ ប្រាក់ខែខ្ពស់ ក៏ប៉ុន្តែចំណាយក៏វាខ្ពស់ នឹងចាកចោលស្រុកទៀតផង»។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលដៅក្នុងការប្រែក្លាយប្រទេសកម្ពុជា ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដោយឈរលើស្មារតី «រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី» និង «គិតគូរជាសកល និងអនុវត្តតាមបរិការណ៍ក្នុងប្រទេស (Think Globally and Act Locally)» ។
ដើម្បីសម្រេចបាននូវគោដៅនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវឤទិភាពគន្លឹះចំនួន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលត្រូវបានឆ្លុះបញ្ចាំងជាចម្បងតាមរយៈ បញ្ចកោណយុទ្ធសាស្ត្រទាំង ៥ នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្រ្តទាំងមូល។
យុទ្ធសាស្ត្របញ្ចកោណ បានប្រកាន់យកទស្សនវិស័យវែងឆ្ងាយ ដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា៥ ដំណាក់កាល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ ឈរលើបេសកកម្មជាប្រវត្តិសាស្ត្រចម្បងពីរ៖ (ទី១). ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និង(ទី២). កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សូមជម្រាបថា រាជរដ្ឋាភិបាលមិនឈប់ត្រឹមការដាក់ចេញនូវយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែបានដាក់ចេញនូវកម្មវិធី យន្ដការកែទម្រង់ និងវិធានការជាក់ស្ដែង ជាបន្ដបន្ទាប់។ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្ដបន្ទាប់នូវ «កម្មវិធីគោលនយោបាយអាទិភាព ៦» ក្នុងនោះកម្មវិធីចំនួន ៥ ត្រូវបានប្រកាស និងដាក់ឱ្យចាប់ផ្តើមអនុវត្តរួចហើយ រួមមាន៖ (ទី១). «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» (ទី២). «ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ» និង(ទី៣). «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស» ជាមួយនឹង «ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត» (ទី៤). «កម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតផលកសិកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ» និង(ទី៥). «ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសហគមន៍កសិកម្មបែបថ្មី»៕