(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅដឹ ព្រេមៀ សេនធ័រ សែនសុខ។ សន្និបាតនេះ ដឹក​នាំ​ដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសាមគមឧកញ៉ាកម្ពុជា និងមាន​ការ​អញ្ជើញចូលរួមពីសមាជិក សមាជិកានៃសមាគមឧកញ៉ាកម្ពុជា។ ដោយឡែកនារសៀល​ថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ​ឆ្នាំ២០២៥ ​របស់​សមាគមឧកញ៉ាកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) គឺជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាង​ឱ្យ​រូបវន្ត​បុគ្គលដែលទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។ សមាគមឧកញ៉ាកម្ពុជា តំណាង​ឱ្យ​សំឡេងរួម សកម្មភាពសប្បុរសធម៌រួម និងគុណតម្លៃដ៏ឧត្តុង្គឧត្តម នៃគោរ​មងារ​ឧកញ៉ា​ដែលជា​សមាជិកទាំងអស់។ សមាគមឧកញ៉ាកម្ពុជា ត្រូវបានចុះបញ្ជីជា​សមា​គម​ស្របច្បាប់ និងទទួល​ស្គាល់​ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណា​ចក្រកម្ពុជា តាមរយៈលិខិតលេខ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីជាថ្មីម្តងទៀតរបស់សមាគមឧកញ៉ាកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការកោតសរសើរចំពោះការរៀបចំរចនាសម្ព័ន្ធសមាគមឧកញ៉ាកម្ពុជា ដែលបង្ហាញពីភាពរឹងមាំរបស់សមាគម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំរបស់សមាគមឧកញ៉ា បានបង្ហាញពីយន្តការដ៏រឹងមាំផ្អែកលើលិខិតបទដ្ឋានគតិយុត្តិ និងធនធានមនុស្សរបស់សមាគម។ ការបង្កើតសមាគម ជារឿងលំបាកហើយ តែការធានាឱ្យបាននិរន្តរភាព គឺរឹតតែលំបាកថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ មានតែព្រះមហាក្សត្រខ្មែរដែលក្រជាងគេ តែមានព្រះទ័យសន្ដោសក៏ខ្លាំងជាងគេផងដែរ។ អាស្រ័យហេតុនេះ ដង្វាយរបស់សមាគមឧកញ៉ាកម្ពុជា ថ្វាយដល់ព្រះមហាក្សត្រ គឺជាកិច្ចការសំខាន់ណាស់ សម្រាប់ព្រះអង្គបំពេញរាជសកម្មភាពជួយដល់ប្រជាពលរដ្ឋខ្មែរទីទ័លក្រ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញការកត់សម្គាល់ផងដែរ ចំពោះការចូលរួមរបស់សមាគមឧកញ៉ាលើការងារសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា នឹងមានឧកញ៉ាកាន់តែច្រើនទៀត នឹងចូលរួមជាមួយសមាគមឧកញ៉ាកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈសកម្មភាពអាជីវកម្មនានា របស់សមាគមឧកញ៉ាកម្ពុជា បានរួមចំណែកបង្កើតការងារច្រើនណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ កម្រណាស់ធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្ម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក, កម្ពុជា នាំទៅអាមេរិកច្រើន ព្រោះកម្ពុជា មិនសូវមានតម្រូវការនៃការផ្គត់ផ្គង់ពីអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយថៃ និងវៀតណាម, កម្ពុជា នាំចូលពីថៃ និងវៀតណាមច្រើន ព្រោះកម្ពុជា មានតម្រូវការនៃការផ្គត់ផ្គង់ពីថៃ និងវៀតណាមច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន, កម្ពុជា នាំពីចិនច្រើន ព្រោះកម្ពុជា មានតម្រូវការនាំវត្ថុធាតុដើមមួយចំនួនពីចិន យកមកផលិតនៅកម្ពុជា ដើម្បីនាំចេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនដែលចូលចិត្តបន្ទោសបង្អាប់ជាតិឯង មិនមែនជាមនុស្សនោះទេ គឺជាសត្វ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនដែលមិនយល់ពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស និងប្រទេស កុំតាំងខ្លួនធ្វើជាបញ្ញវន្តសេដ្ឋកិច្ច ឬចង់ធ្វើជាមេដឹកនាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចប្រើគ្រប់វិធីទាំងអស់ ដើម្បីពង្រឹងសមត្ថភាពអ្នកមានធនធាននៅកម្ពុជា។ តើនេះជាវិធីសាស្ត្រត្រឹមត្រូវ ឬខុស?

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យក្រឡេកទៅមើលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រមូលអ្នកមានធនធានមកគ្រប់គ្រងរដ្ឋ គឺដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅក្រុមប្រឆាំងថា តើពួកគេឆ្លើយបែបណាចំពោះសម្តីថា គណបក្សប្រជាជនកម្ពុជា ជាសម្ព័ន្ធមិត្តរបស់ឧកញ៉ា ខណៈអាមេរិកកៀរគរអ្នកមានធនធានមកដឹកនាំរដ្ឋ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនទាំងអស់នៅកម្ពុជាមិនឈានទៅរកការក្ស័យធននោះទេ បន្ទាប់ពីពួកគេបានឆ្លងកាត់ការលំបាកដោយសារជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអាចដូចសម្តេច ហ៊ុន ម៉ាណែត នោះទេ គឺមានតែសម្តេច ហ៊ុន ម៉ាណែត ដូចសម្តេច ព្រោះសម្តេចជាឪពុករបស់សម្តេច ហ៊ុន ម៉ាណែត។ ការលើកឡើងបែបនេះ គឺឆ្លើយតបទៅនឹងសំណួរមួយចំនួនថា តើសម្តេចដូចសម្តេច ហ៊ុន ម៉ាណែត ឬសម្តេច ហ៊ុន ម៉ាណែត ដូចសម្តេច?

* សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា ទាំងរាជរដ្ឋាភិបាល បក្សនយោបាយ និងប្រជាជនកម្ពុជា ជាពិសេសវិស័យឯកជន រួមគ្នាកុំឱ្យធ្លាក់ទៅក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវរួមគ្នាខិតខំទាំងសមត្ថភាពរបស់រដ្ឋ និងវិស័យឯកជន ធ្វើឱ្យប្រទេសក្លាយជាប្រទេសមានចំណូលខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ក្នុងឱកាសមកលេងបុណ្យចូលឆ្នាំ ត្រូវស្វែងរកឱកាសការងារនៅក្នុងប្រទេសវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅប្រទេសថៃ ក៏បានបញ្ចេញកម្លាំងពលកម្ម​ទៅប្រទេសកូរ៉េផងដែរ ហើយយកពលកម្មពីកម្ពុជា និងឡាវទៅជំនួស។ សម្តេចតេជោ បញ្ជាក់បែបនេះ ឆ្លើយតបនឹងសម្តីរបស់លោកស្រីម្នាក់ (លោកស្រី មូរ សុខហួរ) ដែលបាននិយាយថា ត្រូវប្រឹងឡើងកុំឱ្យកម្ពុជាក្លាយជាប្រទេសចំណាក់ស្រុកនៅក្រៅប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកស្រីនោះ (លោកស្រី មូរ សុខហួរ បោករហូតដល់បក្សហ៊្វុនស៊ិនប៉ិចរលាយ ល្មមឈប់ធ្វើនយោបាយបោកប្រាស់ទៀតទៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីមុំពីរដ៏សំខាន់នៃនយោបាយត្រីកោណ គឺការរក្សាសន្តិភាវូបនីយកម្មផ្ទៃក្នុង គឺបង្រួបបង្រួមផ្ទៃក្នុងកុំឱ្យសង្គ្រាមកើតឡើងវិញ។ ក្នុងនោះសម្តេចតេជោ បានរំលឹកពីការប្រាប់ទៅលោក បាន គីមួន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិថា សុខចិត្តឱ្យតុលាការកូនកាត់បរាជ័យ តែមិនធ្វើឱ្យសង្គ្រាមកើតឡើងវិញនៅកម្ពុជានោះឡើយ។ បញ្ហានេះសម្តេចតេជោ បង្ហាញមោទនភាពចំពោះនយោបាយរបស់សម្តេច តាមរយៈការរក្សាឱ្យបាននូវ សុខសន្តិភាពតាមរយៈនយោបាយបង្រួបបង្រួមនេះ ខណៈនៅហ្វីលីពីនបើកផ្លូវឱ្យតុលាការអន្តរជាតិចាប់ខ្លួនអតីតប្រធានាធិបតី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុំសំខាន់មួយទៀត គឺការធ្វើសមាហរណកម្មកម្ពុជា ទៅលើឆាកអន្តរជាតិ តាមរយៈការយកមកវិញនូវអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា រួមទាំងតុលាការអន្តរជាតិផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំទាញយកជោគជ័យទៅភ្ជាប់ជាសមិទ្ធផលរបស់ខ្លួន ហើយទាញភ្ជាប់រាល់ការបរាជ័យមកភ្ជាប់ជាមួយសម្តេច។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ហ៊ុន សែន គឺហ៊ុន សែន, ហ៊ុន សែន គឺរបស់កម្ពុជា។ ការឆ្លើយតបខ្លាំងៗនេះ គឺតបទៅនឹងក្រុមប្រឆាំងក្រៅប្រទេស ដែលតែងទាញភ្ជាប់សម្តេច ទៅនឹងមេដឹកនាំពិភពលោកនានា រួមទាំងលោក ឌូទែតេ ដែលត្រូវតុលាការអន្តរជាតិចាប់ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំប្រៀបធៀបសម្តេច ទៅនឹងមេដឹកនាំប្រទេសដទៃ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅស្ត្រីម្នាក់នៅឯសហរដ្ឋអាមេរិក កុំព្យាយាមជំរុញចលនាផ្ការីក។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា មានអ្នកសារព័ត៌មានម្នាក់ទៅសាកលវិទ្យាល័យប្រ៊ីសស្តូល រកនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្តេច ហ៊ុន ម៉ាណែត។ ពេលរកមិនបានពួកគេក៏បើកយុទ្ធនាការវាយប្រហារសម្តេច ហ៊ុន ម៉ាណែត។ ប៉ុន្តែពេលសម្តេច ហ៊ុន ម៉ាណែត បង្ហាញនិក្ខេបបទនោះ ពួកគេក៏ស្ងាត់មាត់ជ្រាប ហើយលែងហ៊ានបកស្រាយអ្វីទាំងអស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយចតុកោណនៅឆ្នាំ២០០៤ បានផ្តោតលើមុំចំនួនពីរសំខាន់ គឺការប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់សន្តិភាព និងពាណិជ្ជកម្ម និងការប្រែក្លាយព្រំដែនជាមួយប្រទេសជិត ជាព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីការរីកចម្រើនរបស់ជាតិ ត្រូវកត្តាពីរសំខាន់ គឺការរក្សាស្ថេរភាពផ្ទៃក្នុង និងការរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងល្អ។ មិនអាចយកកងទ័ពទៅដាក់តាមព្រំដែននោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំសង្ឃឹមជាមួយយុទ្ធនាការផ្ការីក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ឈានជើងទៅអាមេរិកទៅរួច ទាំងខ្លួនហារមាត់តិះទៀនត្រង់ៗទៅលើលោក ដូណាល់ ត្រាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះ កម្ពុជាជាអ្នកសម្របសម្រួលរវាងអាស៊ាន និងអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងថា កម្ពុជាជាអ្នកសម្របសម្រួលរវាងអាមេរិក និងអាស៊ាន ដូច្នេះបើអាមេរិក មិនត្រូវនឹងកម្ពុជា តើនរណាសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាន និងអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ឧកញ៉ា ជួយវិនិយោគលើវិស័យកសិកម្ម។ ក្នុងនោះមានដូចជាការជួយទិញអង្ករមកលក់ជូនកម្មករក្នុងតម្លៃទាប ក៏ដូចជាការបង្កើតរោងចក្រកែច្នៃស្វាយចន្ទីជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនចាប់ពលរដ្ឋខ្លួនឱ្យប្រទេសដទៃនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុទ្ធសាស្ត្រងើបមួយ វាយមួយមិនទាន់បញ្ចប់នោះទេ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ឯកសារកំណត់ត្រាពាក់ព័ន្ធការដឹកនាំជាតិពីអតីតកាលជូនទៅគណៈកម្មការវិមានឈ្នះ-ឈ្នះ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការសំណេះសំណាលវេលាម៉ោង ៧៖៥២នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕