(ព្រះសីហនុ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ដោយខេត្តព្រះសីហនុ នឹងក្លាយទៅជាច្រកចេញ-ចូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រកម្រិតស្តង់ដាអន្តរជាតិ និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ប្រកបដោយភាពទាក់ទាញកម្រិតខ្ពស់មួយក្នុងអាស៊ាន។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី ហួត ហាក់ បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន ជី.ធី.វី.ស៊ី អិចផត ខូ អិលធីឌី (G.T.V.C) Import Export Co.,Ltd និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA Cambodia Chapter) ដើម្បីពង្រីកនូវបណ្តាញសេវាកម្មទេសចរណ៍ ដែលជាចលករដ៏សំខាន់បន្ថែមទៀតចូលរួមជំរុញសម្រេចបាននូវចក្ខុវិស័យ និងចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ ពិធីនេះដោយមានការពី លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Import Export Co., Ltd. លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគម ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ក្រុមការងារ និងភ្ញៀវកត្ដិយសជាច្រើននាក់។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានតម្រង់ទិសទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ និងពហុបំណង ដោយសារពិនិត្យឃើញអំពីសាមគ្គីភាព ឯកភាពគ្នា កិច្ចសហប្រតិបត្តិការល្អ នៅជុំវិញខេត្តទាំងមូល។ បន្ថែមលើសនោះខេត្តព្រះសីហនុ ជាខេត្តដែលមានភូមិសាស្ត្រល្អ មានធនធានធម្មជាតិ មានឆ្នេរសមុទ្រដល់ស្រស់ស្អាត ដែលជាឆ្នេរសមុទ្រទទួលបានពាន់រង្វាន់កម្រិតពិភពលោក ថាជាឆ្នេរដែលស្អាតជាងគេបំផុតនៅលើពិភពលោក។

លោករដ្ឋមន្ត្រី បានថ្លែងបន្ដថា ក្រៅពីនោះខេត្តព្រះសីហនុ ក៏មានកំពង់ផែមានកសិឧស្សាហកម្ម និងសក្ដានុពលជាច្រើន ស្របតាមតំបន់ឆ្នេរផ្សេងៗទៀត ដែលជាសេដ្ឋកិច្ចដល់ពិសេស ហើយមានភាពប្រទាក់ក្រឡាគ្នាសមនឹងរហស្សនាមថាជាតារារះពីទិសនារតី និងជាបណ្ដាញសកលនៃគោលដៅទេសចរណ៍ឆ្នេររបស់ក្លឹបឆ្នេរសមុទ្រ។ យោងតាមគម្រោងការអភិវឌ្ឍន៍ ខេត្តព្រះសីហនុ វិស័យទេសចរណ៍ពិតជាដើរតួនាទីជាវិស័យស្នូលធំមួយ ដែលអាចរួមចំណែកជួយជំរុញទេសចរណ៍ ហើយជាកត្តាលីករមួយថែមជួយជំរុញប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងតាមការដាក់ចុះពីរាជរដ្ឋាភិបាល។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់យ៉ាងដូច្នេះថា ខេត្តព្រះសីហនុពិតជានឹងក្លាយទៅជាច្រកចេញ-ចូល នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ កម្រិតស្តង់ដាអន្តរជាតិ និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញប្រកបដោយភាពទាក់ទាញកម្រិតខ្ពស់មួយជាពិសេសនៅក្នុងស្តង់ដាអាស៊ាន។ ក្នុងន័យនេះកន្លងមករាជរដ្ឋាភិបាល ក៏បានកំណត់យ៉ាងច្បាស់នៅផែនទីប្រើប្រាស់ដីដោយមានការបែងចែកជាតំបន់ឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ច ពិសេសតំបន់ទេសចរណ៍ ដែលមានតំបន់ឆ្នេរ តំបន់ព្រែក តំបន់ភ្នំ និងតំបន់កោះ។ល។

លើសពីនេះ លោករដ្ឋមន្ត្រី បានបន្ថែមថា នៅក្នុងតំបន់ខេត្តតាមតំបន់ឆ្នេរទាំង៤ ដែលលោកអភិបាលខេត្តបានរៀបរាប់រួមមាន៖ ខេត្តកែប ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ ក្នុងនោះខេត្តព្រះសីហនុ គឺជាដែលមានសក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំបូរបែប និងទាក់ទាញជាងគេ។ ជារួមនៅក្នុងប្រទេសកម្ពុជា ពេលដែលភ្ញៀវអន្តរជាតិ អញ្ជើញមកទស្សនានៅប្រទេសកម្ពុជា ភាគច្រើនគាត់ផ្ដោតទៅលើប្រាសាទអង្គរវត្តរបស់កម្ពុជា ហេតុអ្វីបានជាគាត់ដូចតែទៅលើប្រាសាទអង្គរវត្ត? គឺដោយសារគាត់បានឮ បានដឹង នៅឯក្រៅប្រទេសតែប្រាសាទអង្គរវត្ត ក៏ប៉ុន្តែតាមពិតនៅកម្ពុជា មានសកានុពលទេសចរណ៍សំបូរបែបជាច្រើន៕