(ភ្នំពេញ)៖ លោក ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្នើដល់យុវជនទាំងអស់ ត្រូវឈ្វេងយល់ពីប្រពៃណីខ្មែរឡើងវិញ មិនថាពាក្យ សង្ក្រាន្ត ឬមហាសង្ក្រាន្ត ឬចូលឆ្នាំនោះទេ និងត្រូវខិតខំលេងល្បែងប្រជាប្រិយឡើងវិញផងដែរ។
ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌រូបនេះ ស្របពេលដែលក្រសួងវប្បធម៌ នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នឹងបញ្ជូនឯកសារ «មហាសង្រ្កាន្ត» របស់កម្ពុជា ទៅអង្គការយូណេស្កូ ដើម្បីចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
ថ្លែងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើកទី២ និងជាលើកចុងក្រោយ ស្ដីពី «ការប្រមូលធាតុចូលរៀបចំឯកសារមហាសង្រ្កាន្ត ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ» លោក ស៊ីយ៉ុន សុភារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសុំឲ្យសាធារណជន បងប្អូន ជាពិសេសក្មេងៗ ឈ្វេងយល់ពីប្រពៃណីរបស់យើងឡើងវិញ មិនថា សង្ក្រាន្ត ឬមហាសង្ក្រាន្ត ឬចូលឆ្នាំទេ ខិតខំឈ្វេងយល់ និងខិតខំលេង (ល្បែង) ប្រពៃណីទាំងអស់នោះឡើងវិញ។ ខ្ញុំឃើញចាប់ផ្តើមផុលផុសហើយ ដូចសម្តេចធិបតី មានប្រសាសន៍ថ្ងៃមុនថាផុលផុសហើយ ខ្ញុំក៏ឃើញបែបហ្នឹងដែរ»។
បើតាមលោក ស៊ីយ៉ុន សុភារិទ្ធ សម្បត្តិវប្បធម៌អរូបី អាចត្រូវបានរក្សាឲ្យគង់វង្ស វាអាស្រ័យលើប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ដែលជាម្ចាស់មរតកផ្ទាល់។
គួរជម្រាបដែរថា រហូតមកដល់ពេលនេះ មានសម្បត្តិវប្បធម៌ខ្មែរចំនួន ១៣ហើយ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះមាន៤ ជាបេតិកភណ្ឌរូបី និង៦ទៀតជាបញ្ជីបេតិកភណ្ឌអរូបី និងបញ្ជីស្មារតីចងចាំនៃ ពិភពលោកមាន៣។
បេតិកភណ្ឌរូបី មានដូចជា ឧទ្យានបុរាណវិទ្យាអង្គរ, ប្រាសាទព្រះវិហារ, តំបន់ប្រាសាទសម្បូរព្រៃគុហ៍ និងប្រាសាទកោះកេរជាដើម។ ដោយឡែក បេតិកភណ្ឌអរូបី មានដូចជា ក្រមា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត និងក្បាច់គុនល្បុក្កតោផងដែរ។ ជាមួយគ្នានេះ បញ្ជីស្មារតីចង ចាំ នៃពិភពលោក មាន៣ រួមមាន បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទួលស្លែង, ឯកសារសំឡេងនិទានរឿង រាមកេរ្ដិ៍ ដោយតាគ្រុឌ និងរឿងអ៉ីណាវបុស្បា។
កម្ពុជាក៏កំពុងរៀបចំស្នើស្ថានីយ៍ទាក់ទងនឹងការចងចាំ ចំនួន៣ ដែលក្នុងនោះរួមមាន សារមន្ទីរទួលស្លែង បឹងជើងឯក និងមន្ទីរម១៣ ដើម្បីដាក់បញ្ជូលជាសម្បត្តិបេតិភណ្ឌពិភពលោកផងដែរ។ បញ្ជីត្រៀមរបស់កម្ពុជា សម្រាប់ដាក់ស្នើជាតំបន់បេតិកភណ្ឌពិភពលោក ក៏មានប្រាសាទភ្នំដាអង្គរបុរី, ប្រាសាទបន្ទាយឆ្មារ, ភ្នំឧត្តុង្គ, ភ្នំគូលែន, ព្រះខណ្ឌស្រុកកំពង់ស្វាយ និងប្រាសាទបេងមាលា៕