(ភ្នំពេញ)៖ សម្ដេចមហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងអំពីការទទួលព័ត៌មានពីប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក ពាក់ព័ន្ធតម្លៃទំនិញនៅទីនោះ ដែលមានការឡើងថ្លៃជាបន្ដបន្ទាប់ និងបង្ហាញពីកំណើនអតិផរណានៅអាមេរិក។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា បើតាមប្រជាពលរដ្ឋខ្មែរ តម្លៃគុយទាវនៅអាមេរិកកាលពីមុន បូកជាមួយពន្ធរួចតម្លៃ១២ដុល្លារ ប៉ុន្ដែបច្ចុប្បន្នបានកើនដល់២៥ដុល្លារ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំជួបបងប្អូនមកពីអាមេរិកថា គុយទាវមួយចាន២០ដុល្លារ ពីមួយឆ្នាំមុន៨ដុល្លារជាង បូកពន្ធ១២ដុល្លារ ឥលូវ២០ដុល្លារ បូកពន្ធ២៥ដុល្លារ។ ខ្ញុំមិននិយាយសេដ្ឋកិច្ច ប្រទេសណាទេ ប៉ុន្ដែធ្វើយ៉ាងមិចយើងគិតពីសេដ្ឋកិច្ចប្រទេសរបស់យើង ត្រូវធានាកំណើនសេដ្ឋកិច្ច ធានាជីវភាពរស់នៅរបស់ប្រជាជនតម្លៃទំនិញដែលល្អ»

បើទោះបីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសដទៃក្ដី តែយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋ បានបង្ហាញពីកំណើនអតិផរណានៅសហរដ្ឋអាមេរិក។

ផ្ទុយពីប្រទេសដទៃសម្រាប់កម្ពុជាវិញ, សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីការគិតគូរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើយ៉ាងណារក្សាឲ្យបាននូវលំនឹងតម្លៃទំនិញ កុំឲ្យអតិផរណាកើតឡើង។

សូមរំលឹកថា កាលពីខែមករាកន្លងទៅនេះ សហរដ្ឋអាមេរិក បានមើលឃើញ អតិផរណាកើនក្នុងអត្រាមួយខ្ពស់ជាងការរំពឹងទុក ដោយសារការឡើងថ្លៃទំនិញ និងសេវាកម្មទូទៅ ភាគច្រើន។ នេះបើតាមការចេញផ្សាយ សារព័ត៌មាន BBC។

ទិន្នន័យដែលចេញផ្សាយ ដោយរដ្ឋាភិបាលអាមេរិក បានបង្ហាញថា អតិផរណាបានកើន ០.៥ភាគរយ ពីខែធ្នូ ឆ្នាំមុន ដែលជាសន្ទុះដ៏លឿនបំផុតមួយ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២៣ ជាហេតុជំរុញឱ្យអត្រាអតិផរណាប្រចាំឆ្នាំ កាលពីខែមករា ឡើងដល់៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ អត្រានេះ គឺខ្ពស់ជាងការប៉ាន់ស្មានកន្លងមក របស់ក្រុមអ្នកវិភាគសេដ្ឋកិច្ចអាមេរិក។

វាបង្កជាបញ្ហាប្រឈមមួយ សម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលទើបឡើងកាន់អំណាច កាលពី​ខែមុន ដ្បិតអំឡុងពេលឃោសនាបោះឆ្នោត លោក ត្រាំ ធ្លាប់បានសន្យាថា ការដោះស្រាយបញ្ហាអតិផរណា គឺជាកិច្ចការចម្បងមួយសម្រាប់រដ្ឋបាលលោក ប៉ុន្តែចាប់តាំងពីចូលកាន់តំណែងមក រូបលោកបានដាក់ចេញគោលនយោបាយមួយចំនួន រួមមានទាំងការដំឡើងពន្ធលើការនាំចូល ដែលក្រុមអ្នកជំនាញសេដ្ឋកិច្ច អះអាងថា នឹងបង្កើនហានិភ័យរុញច្រានតម្លៃទំនិញ ក៏ដូចជាសេវាកម្មផ្សេងៗ ថែមទៀត៕

ម៉ោង៤៖២៣៖០២ ដល់៤៖២៤៖១៨