(រ៉ង់ហ្គូន)៖​ ស្ថានីយ៍ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍ថា ស្ត្រីមានផ្ទៃពោះជាជនជាតិបរទេសម្នាក់ រស់នៅក្នុងទីក្រុងរ៉ង់ហ្គូន ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថាមានផ្ទុកវីរុស Zika ដែលនេះគឺជា ​ករណីឆ្លងដំបូងបំផុតនៅក្នុងប្រទេស នៅបន្ទាប់ពីពលរដ្ឋមីយ៉ាន់ម៉ាពីរនាក់ រស់នៅក្នុងសិង្ហបុរី និងម្នាក់ទៀត នៅថៃត្រូវបានគេបញ្ជាក់ថា បានឆ្លងវីរុស Zika​ កាលពីខែកញ្ញាកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦។

នៅពេលបច្ចុប្បន្នវីរុស Zika​ បាននិងកំពុងរាតត្បាត នៅក្នុងប្រទេសនិងដែនដីចំនួន៦០ ចាប់តំាងពីវីរុសនេះ ​រីករាលដាលខ្លំាងកាលពីឆ្នាំ២០១៥ នៅប្រទេសប្រេស៊ីល ជាទីដែលទារកកើតមកមានក្បាលតូចខុសពីធម្មតា​ជាង ១,៩០០ ករណីត្រូវបានគេរាយការណ៍។ ដោយឡែកជុំវិញករណីឆ្លងខាងលើស្ថានីយ៍ទូរទស្សន៍មីយ៉ាន់ម៉ា MRTV ​បានឱ្យដឹងថាស្រី្ដមានផ្ទៃពោះម្នាក់ជាជនជាតិបរទេស បានឆ្លងវីរុស Zika និងកំពុងស្ថិតនៅ ក្រោមការតាមដានពីក្រុមគ្រូពេទ្យ ហើយថានឹងបញ្ជាក់ព័ត៌មានលម្អិតនៅពេលក្រោយ។

គួរបញ្ជាក់ថាប្រទេសសិង្ហបុរី និងថៃ គឺជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នយ៍ដែលមានករណី ឆ្លងវីរុស Zika ច្រើនជាងគេបំផុតដល់ទៅជាង ៨០០ ករណី ក្នុងមានទំាងស្ត្រីមានផ្ទៃពោះជាច្រើននាក់ផងដែរ និងបន្ទាប់មកទៀតគឺប្រទេសវៀតណាមមានបួនករណី៕