(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរិះគន់ក្រុមប្រឆាំងនៅក្រៅប្រទេសដែលបានតែមាត់ ហើយតាំងខ្លួនជាអ្នកស្នេហាជាតិ ដោយចង់រុញឱ្យផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ នៅចំណុចព្រំដែនប្រាសាទតាមន្តធំ។

សម្តេចបវរធិបតីបានប្រកាសស្វាគមន៍ បើសិនជាមេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេសនោះ ហ៊ានធ្វើដូចអ្វីដែលខ្លួនអួតអាំងពិតប្រាកដមែន ដោយសម្តេចធានាបំពាក់អាវុធឱ្យពួកគេ ផ្តល់ក្របខ័ណ្ឌយោធា ហើយបញ្ជូនទៅយាមនៅព្រំដែនកម្ពុជា-ថៃ រយៈពេល៦ខែ តែម្តង ដើម្បីឱ្យបានយល់អំពីទុកលំបាករបស់កងទ័ព។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ចំពោះអ្នកដែលស្រែកថា យើងអន់ យើងមិនហ៊ាន កទ័ពឃើញទាហានថៃចូលមកមិនហ៊ាន (អ្នក) នៅខាងក្រៅប្រទេស ជាពិសេសអ្នកនយោបាយមួយចំនួន ខ្ញុំថាអញ្ចេះ បើសិនជាអស់លោក កាលពី២០០៨ យើងវាយគ្នា អស់លោកទាំងអស់នេះ ខ្ញុំឆែកមើលហើយ អត់មានចេញមកគាំទ្រអ្វីទេ មានតែអ្នកខ្លះចេញមកថា រដ្ឋាភិបាលពេលនោះលេងល្ខោនទេវាយគ្នាសម្តែងល្ងោនទេ»

សម្តេចបានបន្តថា៖ «ឥឡូវក្រែងចង់ថាធ្វើអ្នកស្នេហាជាតិ អត់ទាន់ពេលនោះស្តាយ បើចង់ចូលមក ខ្ញុំធានាអត់មានការចាប់ ចូលមកខ្ញុំធានារៀបចំមួយកងអនុសេនាតូចឱ្យ ខ្ញុំឱ្យក្របខណ្ឌកងទ័ពទៅ ខ្ញុំបំពាក់អាវុធឱ្យចង់បានអីក៏បានដែរ ហើយខ្ញុំរុញទៅមុខឈរនៅតាមន្តធំ៦ខែនៅទីនោះតែម្តង ទៅឈរជើងនៅទីនោះ បានដឹងថាអារម្មណ៍កងទ័ពយើងយ៉ាងម៉េច សួរថាពួកគាត់មិនមែនស្នេហាជាតិទេអី? ប៉ុន្តែហេតុអ្វីបានកងទ័ពឈរជើងនៅទីនោះ មិនចាំបាច់ប្រយុទ្ធគ្នាម្តងទៀត មិនមែនយើងខ្លាចនោះទេ ប៉ុន្តែគេមើលឃើញថា វាយគ្នាមិនមែនជាឱកាសក្នុងការដោះស្រាយបញ្ហាព្រំដែនទេ ប៉ុន្តែវាធ្វើឱ្យភាពតានតឹងកាន់តែលំបាក អីចឹងហើយបានជាគេឈប់ឱ្យវាយគ្នាហើយ ចរចាបច្ចេកទេសទៅ»

ទោះជាយ៉ាងនេះក្តី សម្តេចបានព្រមានដល់អ្នកនយោបាយក្រៅប្រទេសទាំងនោះ គួរតែមកដោយខ្លួនឯង ហើយមិនគួររុញអ្នកគាំទ្រក្នុងប្រទេសឱ្យធ្វើជំនួសខ្លួននោះឡើយ។

សម្តេចបវរធិបតី មិនបានបញ្ចេញអំពីឈ្មោះអ្នកនយោបាយក្រៅប្រទេសនោះឡើយ ប៉ុន្តែការលើកឡើងនេះ បានធ្វើឡើបន្ទាប់ពី លោក សម រង្ស៉ី និងបក្ខពួក បានបំផុសបំផុលឱ្យកម្ពុជា-ថៃ ផ្ទុះសង្គ្រាមព្រំដែន ដោយលើកយកបញ្ហាកោះគុត និងប្រាសាទតាមន្តធំជាដើម។

សម្តេចបានរំលឹកថា ពេលសង្គ្រាមផ្ទុះឡើងនៅប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨ គឺក្រុមប្រឆាំងទាំងនោះអង្គុយនៅក្នុងសភាជាធម្មតា ដោយទទួលប្រាក់ខែរបស់រដ្ឋសភា ហើយមិនបានចូលរួមលើកទឹកចិត្តកងទ័ពនោះទេ ដែលពេលនោះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បាននាំគ្នាបរច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយលើកទឹកចិត្តកងទ័ពការពារទឹកដីជាហូរហែ។ ក្រុមទាំងនោះមិនបានជួយ ហើយថែមទាំងបំផុសមិនឱ្យខ្មែរទុកចិត្តខ្មែរថែមទៀត ដោយលើកឡើងថា «សង្គ្រាមកម្ពុជា-ថៃ ជាសង្គ្រាមឆាកល្ខោន»។

សម្តេចបានយល់ឃើញថា បញ្ហាព្រំដែន មិនគួរដោះស្រាយដោយជម្លោះប្រដាប់អាវុធ ដែលនាំឱ្យមានការខាតបង់ទាំងសង្ខាងនោះទេ ប៉ុន្តែបញ្ហានេះ គួរតែត្រូវបានដោះស្រាយដោយការចរចាដោយសន្តិវិធី និងបច្ចេកទេស ដោយដែលរាជរដ្ឋាភិបាល បានដោះស្រាយកន្លងមក ដោយគិតគូរអំពីការធានាបាននូវសុខសន្តិភាព។

សម្តេចបានបញ្ជាក់ថា «ការកសាងព្រំដែន គឺមិនមែនកសាងទ័ព កសាងលេណដ្ឋានឱ្យខ្លាំងទេ ប៉ុន្តែជាការកសាងអភិវឌ្ឍឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែន កសាងសេដ្ឋកិច្ចតាមព្រំដែន បើកច្រកសេដ្ឋកិច្ចតាមព្រំដែន»