(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែលើកយកប្រធានបទស្តីពីសុខសន្តិភាពមកនិយាយ ទោះនិយាយដល់ដេកយល់សុបិន ក៏នៅតែនិយាយដែរ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់សមាគមឧកញ៉ាកម្ពុជា សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «គេសួរថា មិចបានជាយើងម្ដងណាក៏មិនចោល ប្រធានបទសន្តិភាព ខ្ញុំថានិយាយទាល់អ្នកឯងដេកក៏យល់សប្ដិដែរ ព្រោះកុំឲ្យវាបាត់ ស៊ូឲ្យធុញកុំឲ្យវាបាត់»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ជាការពិតរយៈពេល៥០០ឆ្នាំនៃកម្ពុជា មិនដែលមានឯកភាពជាតិទេ ប៉ុន្តែបើមើលប្រវត្តិសាស្រ្តដឹតដាមឲ្យបានច្បាស់លាស់នោះ តាំងពីមុនសម័យអង្គរធ្លាក់ កម្ពុជាមានការវាយគ្នាផ្ទៃក្នុង និងវាយប្រទេសជិតខាងផងដែរ។ ក្នុងន័យនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ទម្រាំតែកម្ពុជាទទួលបានសុខសន្តិភាព គឺមានរយៈពេលរាប់ពាន់ឆ្នាំ។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា រួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថេរភាព និងការឯកភាពជាតិ សម្ដេចបន្តទៀតថា រាជរដ្ឋាភិបាលនឹងប្តូរផ្តាច់ក្នុងការថែរក្សាការពារនូវបូរណភាពទឹកដី។
សូមជម្រាបថា កម្ពុជាទទួលបានសន្តិភាពពេញលេញរយៈពេល ២៧ឆ្នាំចុងក្រោយនេះទេ បើក្រលែកមើលទៅក្រោយ គឺរយៈពេល៥០០ឆ្នាំ ដែលកម្ពុជាមិនដែលមានសុខសន្តិភាព ដែលមានព្រះមហាក្សត្រមួយ យោធាមួយ រដ្ឋាភិបាលមួយ ដូចបច្ចុប្បន្ននោះទេ៕