(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានប្រកាសថា ដើម្បីសម្រាលបន្ទុកដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក សម្តេចទើបតែសម្រេចកាត់បន្ថយពន្ធកាត់ទុកពីជាង ១០ភាគរយ មកនៅត្រឹម ២ភាគរយប៉ុណ្ណោះ។
សម្តេចបានបញ្ជាក់ថា បើទោះបីជាការបន្ថយអត្រាពន្ធសម្រាប់វិស័យឯកជន ធ្វើឱ្យរដ្ឋាភិបាលបាត់ចំណូលក្តី ក៏រដ្ឋាភិបាលត្រូវធ្វើ ដើម្បីឱ្យវិស័យឯកជនរស់។ ការលើកឡើងយ៉ាងដូច្នេះ របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ប៉ុន្មានថ្ងៃមុន ខ្ញុំទើបឱ្យទម្លាក់អត្រាពន្ធ រឿងក្រុមអាកាសចរណ៍ក្នុងស្រុក កាត់ពន្ធកាត់ទុកពី ១៤ភាគរយ មកនៅត្រឹម២ភាគរយ ហើយនឹងរៀបចំគោលការណ៍មួយចំនួន ដែលរដ្ឋត្រូវបញ្ចេញ ដើម្បីបន្ធូរដល់វិស័យចាំបាច់ ដូចជាវិស័យទេសចរណ៍ជាដើម»។
សូមជម្រាបថា វិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យអាកាសចរណ៍រងគ្រោះយ៉ាងខ្លាំង ដោយសារគ្មានការហោះហើរ។ ដើម្បីដោះស្រាយការលំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវការអនុគ្រោះផ្សេងៗ រួមទាំងផ្នែកពន្ធផងដែរ។ កាលពីខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តអនុគ្រោះពន្ធកាត់ទុក និងអាករពិសេស ចំពោះក្រុមហ៊ុនអាកាសចរណ៍ រហូតដល់ឆ្នាំ២០២៧។
របាយការណ៍របស់អាកាសចរស៉ីវិលបានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិទាំងបី ភ្នំពេញ សៀមរាប និងព្រះសីហនុ បានតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់ ១២ ប្រទេស ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុង និងកោះតៃវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤នៅក្នុងតំបន់ និងសកលលោក និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិចំនួន ៥ក្រុមហ៊ុន និងអន្តរជាតិចំនួន២៦ ក្រុមហ៊ុន។
នៅឆ្នាំ២០២៤ អ្នកធ្វើដំណើរសរុបចំនួន ៦.២៤ លាននាក់ ដែលមានកំណើនប្រមាណ ២២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ ដែល មានចំនួនអ្នកដំណើរសរុបចំនួន ៥.១១លាននាក់។ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៧៧.៨ពាន់តោន ដែលមានកំណើនវិជ្ជមាន ប្រមាណ ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៣ ដែលការដឹក ជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៥៥.៧ ពាន់តោន។ ជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង ដែលមានកំណើន១៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ ដែលទទួលបានជើងហោះហើរ សរុបចំនួន ៥១ ១៤៩ ជើង៕