(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានលើកឡើងថា ការចូលរួមជាមួយសមាគមឧកញ៉ាកម្ពុជា មិនមែនជាការកៀបសង្កត់នោះទេ តែជាការរួមគ្នារក្សារបៀបរបប និងសេចក្តីថ្លៃថ្នូររបស់ឧកញ៉ា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការចូលជាសមាគម គឺជាការចូលរួមដោយស្ម័គ្រចិត្ដ ព្រោះថា អ្នកដែលមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ គឺអាចស្នើសុំ ហើយទទួលការវាយតម្លៃ [...] កិច្ចការទាំងអស់នេះ ធ្វើឡើងមិនមែន ដើម្បីការគ្រប់គ្រងកៀបសង្កត់ទេ ប៉ុន្ដែដើម្បីរួមគ្នាថែរក្សានូវអភិក្រម ក៏ដូចជាការសាមគ្គីឯកភាពគ្នា ក្នុងនាមជាជាតិមួយ វិស័យឯកជន និងរដ្ឋ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអរគុណឧកញ៉ា ដែលបានចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន និងអរគុណសមាគមឧកញ៉ាកម្ពុជា ដែលបានផ្ដល់ធាតុចូលដល់រាជរដ្ឋាភិបាល ពាក់ព័ន្ធច្បាប់ និងគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្រ ដូចជាការរៀបចំបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងគោរមងារឧកញ៉ាជាដើម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឧកញ៉ានៅកម្ពុជានាពេលបច្ចុប្បន្ន សុទ្ធសឹងជាអ្នកដែលបានប្រឹងប្រែង ក្នុងកិច្ចកសាងអាជីវកម្ម ពោលមិនមាននរណាមានធនធានជាមរតកឪពុកម្តាយនោះឡើយ គឺរបប ប៉ុល ពត បានប្រមូលអស់ហើយ។
ទន្ទឹមគ្នានេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការកសាងទំនាក់ទំនង ជាមួយបណ្តាស្ថាប័នអន្តរជាតិ ដើម្បីពង្រឹង និងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ជាមួយបណ្តាដៃគូនានា។
យោងតាមរបាយការណ៍របស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសាមគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សមាគម មានសមាជិកចំនួន ៤៤៦រូប កើនឡើងប្រមាណ ២៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។
បើតាមលោកអ្នកឧកញ៉ា លី យ៉ុងផាត់, សមាជិកទាំង៤៤៦រូបនេះ ក្នុងនោះ មានទីប្រឹក្សាជាន់ខ្ពស់៨រូប, ក្រុមប្រឹក្សាភិបាល៤៥រូប, សកម្ម៣៤រូប និងទ្រទ្រង់ ៣៥៤រូប ដែលមានគោរមងារ ជាលោកអ្នកឧកញ៉ា ៥រូប អ្នកឧកញ៉ា ១៤០រូប និងឧកញ៉ា ៣០១រូប។
សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) គឺជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឱ្យរូបវន្តបុគ្គលដែលទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។ សមាគមឧកញ៉ាកម្ពុជា តំណាងឱ្យសំឡេងរួម សកម្មភាពសប្បុរសធម៌រួម និងគុណតម្លៃដ៏ឧត្តុង្គឧត្តម នៃគោរមងារឧកញ៉ាដែលជាសមាជិកទាំងអស់។
សមាគមឧកញ៉ាកម្ពុជា ត្រូវបានចុះបញ្ជីជាសមាគមស្របច្បាប់ និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ សមាគម ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស។
សមាគមឧកញ៉ាកម្ពុជា មានបេសកកម្មចម្បងៗដូចខាងក្រោម៖
១៖ ធ្វើជាតំណាងការពារផលប្រយោជន៍ស្របច្បាប់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឧកញ៉ាដែលជាសមាជិក។
២៖ រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។
៣៖ លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណា ចក្រកម្ពុជា។
៤៖ បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់ភាពជាដៃគូនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕