(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានណែនាំឲ្យមន្ត្រីនៃមន្ទីរកសិកម្មខេត្ត ត្រូវចុះផ្សព្វផ្សាយ និងជូនដំណឹង តាមបណ្តាស្រុកទាំងអស់ លើកទឹកចិត្តកុំឲ្យប្រជាកសិករធ្វើស្រែប្រាំងក្នុងរដូវនេះ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំធំ សាលាខេត្តកំពង់ចាម។

លោកអភិបាលខេត្តបានថ្លែងថា ការធ្វើស្រែប្រាំងក្នុងពេលនេះ ប្រឈមការខ្វះខាតទឹកចំពោះអ្នកនៅឆ្ងាយពីប្រភពទឹក ជាហេតុធ្វើឲ្យស្រូវស្កក ពិបាកក្នុងការដោះស្រាយទឹកដាក់ស្រែជូនប្រជាកសិករ ដើម្បីការពារកុំឲ្យប្រជាកសិករ ខាតបង់ថវិកា និងកម្លាំងពលកម្ម ដូច្នេះមន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្ត ត្រូវចុះពិនិត្យនិងណែនាំដល់ប្រជាកសិករ ផ្អាកឈប់បន្តដាំដំណាំស្រូវប្រាំងមួយរយៈសិន។

លោកអភិបាលខេត្តបន្តថា អាជ្ញាធរពុំមានការហាមឃាត់នោះទេ មានតែ លើកទឹកចិត្តដល់ប្រជាកសិករឲ្យដាំស្រូវប្រាំងពីរដងទៅបីរដង ទៅតាមលទ្ធភាព និងទៅតាមស្ថានភាពជាក់ស្តែងនៃប្រភពទឹកនៅទីនោះ ប៉ុន្តែ អាជ្ញាធរយើងក៏សុំលើកទឹកចិត្ត និងអំពាវនាវ ដល់ប្រជាកសិកររបស់យើង ដែលនៅឆ្ងាយពីប្រភពទឹក ដែលធ្វើស្រែពឹងផ្អែកទឹកភ្លៀង សូមកុំបន្តដាំស្រូវប្រាំង ក្នុងខណៈពេលនេះ ព្រោះអាចប្រឈមការខ្វះទឹកដាក់ស្រែ បណ្តាលឲ្យស្រូវស្កក ខូចខាតទៅវិញ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានជំរុញឲ្យមន្ទីរកសិកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្ម ស្វែងរកដៃគូសហការ ព្រមទាំងសហគ្រាសរោងម៉ាស៊ីនកិនស្រូវ ចុះប្រមូលទិញស្រូវរបស់ប្រជាកសិករដែលប្រមូលផលបាន ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែធូរធារ ហើយឲ្យពួកគាត់មានកម្លាំងចិត្តក្នុងការបង្ករបង្កើនផលស្រូវបន្តទៅទៀត៕