(ភ្នំពេញ)៖ លោក Daniel Russel ឧបការីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការតំបន់អាស៊ី និងប៉ាស៊ី បានបញ្ជាក់ថាគោលដៅនៃដំណើរទស្សនកិច្ចរបស់លោក មកកាន់ប្រទេសកម្ពុជា រួមទាំងប្រទេសសមាជិកអាស៊ាន២ទៀត នៅពេលនេះ មិនមែនដើម្បីរិះគន់ទេ ក៏ប៉ុន្តែគឺជាការរឹងចំណងមិត្តភាព។
ការលើកឡើងរបស់ លោក Daniel Russel ដែលគេឱ្យរហ័សនាមថាបិតាកាទូត បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ។
លោក Daniel Russel បានបន្ថែមថា លោក Daniel Russel ដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជា នាពេលនេះ បានជួបជាមួយនឹងមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងបានជួបជាមួយ លោក កឹម សុខា ប្រធានស្តីទីរបស់គណបក្សសង្រ្គោះជាតិផងដែរ។ ក្រោយបានជួបសំណេះសំណាលរួច លោកបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ហើយលោកបញ្ជាក់ថាសហរដ្ឋអាមេរិកគ្មានអ្វីក្រៅតែពីការជំរុញ និងរឹតចំណងមិត្តភាពជាមួយកម្ពុជាឡើយ ដើម្បីឲ្យអាមរិក និងកម្ពុជា មានទំនាក់ទំនងល្អនឹងគ្នាបន្ថែមទៀត។
ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាន លោក Daniel Russel បានប្រាប់ឲ្យដឹងថា អាមេរិកជាទូទៅតែងឲ្យតម្លៃលើតំបន់អាស៊ី ព្រោះតែអាមេរិក ក៏ស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយម្យ៉ាងទៀត ដោយសារតែ សេដ្ឋកិច្ចបណ្តាប្រទេស នៅក្នុងតំបន់អាស៊ី បានផ្សារភ្ជាប់ទៅនឹងសេដ្ឋកិច្ចរបស់អាមេរិក។
លោក Daniel Russel ក៏បានលើកឡើងពីការចូលរួមរក្សាសន្តិសុខ និងស្ថិរភាពនៅអាស៊ីប៉ាស៊ីហ្វិកផងដែរ លោកថា រក្សាសន្តិសុខ និងស្ថិរភាពនៅអាស៊ីប៉ាស៊ីហ្វិក ពិតជាបានផ្តល់ប្រយោជន៍ មិនត្រឹមតែប្រជាជនរបស់អាមេរិកនោះទេ គឺបានបាចសាយទៅដល់ ប្រជាជននៅក្នុងតំបន់អាស៊ីទាំងមូលផងដែរ។ លោកបានបន្ថែមទៀតថា ការធ្លាក់ចុះនៃទំនាក់ទំនងទ្វេភាគី មិនអាចត្រូវបានយកមកវាយតម្លៃលើគោលនយោបាយការបរទេសរបស់អាមេរិក ក្នុងផ្សារភ្ជាប់ទំនាក់ទំនងនៅក្នុងតំបន់ជារួមឡើយ។
សូមបញ្ជាក់ថា លោក Daniel Russel បានធ្វើដំណើរទៅកាន់ប្រទេសចំនួន៣ ក្នុងនោះរួមមាន ហ្វីលីពីន កម្ពុជា និងថៃ។ ប្រទេសទាំង៣នេះ ត្រូវបានគេវិភាគថា កំពុងមានចេតនាព្យាយាមបែរខ្នងដាក់សហរដ្ឋអាមេរិក ហើយមាននិន្នាការងាកទៅរកប្រទេសចិន ដែលជាប្រទេសមហាអំណាចផ្នែកសេដ្ឋកិច្ចថ្មីមួយនៅលើពិភពលោក៕