(ឧត្តរមានជ័យ)៖ លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអំពាវនាវ និងក្រើនរំឭកបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទូទាំងប្រទេស ពេលធ្វើដំណើរតាមដងផ្លូវ សូមមេត្តាគោរពច្បាប់ចរាចរណ៍ ឲ្យបានជាប់ជាប្រចាំ ដើម្បីការពារអាយុជីវិត និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។
ការថ្លែងបែបនេះរបស់លោកស្រីរដ្ឋលេខាធិការ នៅក្នុងឱកាសដែលលោកស្រី អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់ «ស្តីពីចរាចរណ៍ផ្លូវគោក» ដែលប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកលោកស្រី ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៏ផ្លូវគោកនាឱកាសនេះ ក៏មានការបកស្រាយពីជំនាញពាក់ព័ន្ធយ៉ាងក្បោះក្បាយក្នុងការប្រលងធ្វើប័ណ្ណបើកបរ ការផាកពិន័យ ពន្យល់ច្បាប់ នៃការគ្រោះថ្នាក់ចរាចរណ៍ និងណែនាំអំពីស្លាកសញ្ញា នៅពេលបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សបើកបរយានជំនិះគ្រប់ប្រភេទ ទាំងរថយន្ត ម៉ូតូដើម្បីចូលរួមគោរពច្បាប់ចរាចរណ៏ជាដើម។
លោកវរសេនីយ៍ឯក ធូ សុភា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានលើកឡើង និងបកស្រាយពន្យល់ពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ នៃអត្រាគ្រោះថ្នាក់ចរាចរណ៍ ដល់បងប្អូនចូលរួម ក្នុងអង្គពិធីដែលមានជាសំណួរ និងបានឆ្លើយតបយ៉ាងក្បោះក្បាយ និងលើកឡើងពាក់ព័ន្ធទៅនឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរ នៅពេលបត់សូមឲ្យមានការប្រុងប្រយ័ត្ន ទុកសិទ្ធសុវត្ថិភាពនៅពេលយើង បើកបរលើដងផ្លូវសាធារណៈ។
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីចរាចរណ៍ផ្លូវគោកនេះ លោកស្រី វី ស្រីពៅ បានថ្លែងថា ពិធីនេះធ្វើឡើងដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមពីសុវត្ថិភាពចរាចរណ៍ ពេលធ្វើចរាចរណ៍តាមដងផ្លូវ។ លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា «ដើម្បីកាត់បន្ថយ នៃការគ្រោះថ្នាក់ចរាចរណ៍ និងយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែច្បាស់ ស្នើឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សហគមន៍ ក៏ដូចជាមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធថ្នាក់ក្រោមជាតិ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៏ និងជាពិសេស សិស្សានុសិស្ស ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ក្នុងពេលធ្វើដំណើរ ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ប្រសិនបើយើងធ្វើដំណើរតាមរថយន្តត្រូវតែពាក់ខ្សែក្រវ៉ាត់ បើកបរដោយគោរពច្បាប់ជាចម្បងដើម្បីការពារអាយុជីវិតរបស់យើង អ្នកដទៃ និងក្រុមគ្រួសាររបស់យើង»៕