Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការក្រុងភ្នំពេញ សម្រេចពន្យារពេល បើកសវនាការលើសំណុំរឿងមេឃុំ ស៊ាង ចែត ទៅថ្ងៃទី១១ ខែវិច្ឆិកា (Video inside)

28-10-2016 09:34

(ភ្នំពេញ)៖ តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ ពុំបានបានបើកសវនការជំនុំជម្រះលើសំណុំរឿងសូកប៉ាន់សាក្សីរបស់ លោក ស៊ាង ចែត មេឃុំគណបក្សសមរង្ស៊ីនោះទេ ដោយតុលាការបានសម្រេចពន្យារពេលទៅជំនុំជម្រះនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះវិញ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីតុលាការក្រុងភ្នំពេញ។

មន្រ្តីតុលាការបានបញ្ជាក់ថា ការសម្រេចពន្យារពេលសវនាការ លើសំណុំរឿងលោក ស៊ាង ចែត ពេលនេះដោយសារតែតុលាការត្រូវការកោះហៅសាក្សីបន្ថែម។

សូមបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កូតាមកពីគណបក្សសមរង្ស៊ីនោះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។

ក្នុងលិខិតចំហរនោះ ស្រីមុំ បានចោទលោក ស៊ាង ចែត ថាបានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់រូបនាង កុំឱ្យនិយាយការពិត ប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងរវាងនាង និងលោក កឹម សុខា ដែលសមត្ថកិច្ចសង្ស័យថា ជារឿងសញ្ចារកម្ម៕