(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចថា នៅម៉ោង៥ រសៀលថ្ងៃនេះសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួម នៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី ២៥ តុលា-៥ វិច្ឆិកា ២០១៦។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងដល់កីឡាករ កីឡាការិនី និងយុវជន ក្នុងការចូលរួមលើកស្ទួយកីឡាជាតិ ឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺទាំងកម្រិតជាតិ និងអន្តរជាតិ។
សម្តេចតេជោ បានបញ្ជាក់តាមរយ Facebook ថា «ខ្ញុំ និងភរិយា សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ដល់កីឡាករ កីឡាការិនី និងក្មួយៗយុវជន ក្នុងការចូលរួមលើកស្ទួយកីឡាជាតិយើង ឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺទាំងនៅក្នុងកម្រិតជាតិ និងអន្តរជាតិ ជាពិសេសដើម្បីត្រៀមយកជ័យជំនះ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (32nd South East Asian Games-SEA Games) នៅឆ្នាំ ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ដោយសារសង្រ្គាមជាង៤០ឆ្នាំកន្លងមកនេះ កម្ពុជាបានបាត់បង់ឱកាសជាច្រើន ក្នុងការជំរុញវិស័យកីឡាជាតិ។ នៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) គឺវិស័យកីឡាត្រូវបានបំបាត់ចោលទាំងស្រុង។ ទើបតែពេលនេះ ក្រោយពីប្រទេសជាតិ មានសន្តិភាពពេញលេញ ទើបមានឱកាសកសាងវិស័យកីឡាជាតិ ឲ្យរីកលូតលាស់ឡើងវិញ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ជនរួមជាតិ ពិសេសយុវជន សូមអញ្ជើញចូលរួមគាំទ្រទស្សនា ឲ្យបានច្រើនកុះករ ក្នុងការប្រកួតកីឡាជាតិលើកទី១នេះ ដើម្បីលើកចិត្តដល់កីឡាករ កីឡាការិនីរបស់កម្ពុជាយើង៕