(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ២០២៥ បានថ្លែងថា កត្តាសុខសន្តិភាពបានផ្តល់ឱកាសដល់ពុទ្ធបរិស័ទអាចធ្វើបុណ្យតាម សេចក្ដីប្រាថ្នា និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ការថ្លែងបែបនេះរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីរួមគ្នាជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធី​ស្រោចស្រង់​ព្រះសុគន្ធវារីថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃ​នាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចទាំង៦ព្រះអង្គ ​នៅវត្តបទុមវតី។

សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «ក្រោមម្លប់នៃសុខសន្តិភាព, កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿន នៃការអភិវឌ្ឍលើគ្រប់វិស័យ កត្តាសុខសន្តិភាពនេះ ក៏បានផ្តល់លទ្ធភាពឲ្យ ពុទ្ធបរិស័ទយើងធ្វើបុណ្យសុន្ទរ៍ទាន តាមសេចក្តីប្រាថ្នា និងបើកឱកាសឲ្យយើងបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ»

ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗគួរឲ្យកត់សម្គាល់ ក្នុងវិស័យធម្មការ និងសាសនា ដូចដែលលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានរំលេចនៅក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ថ្វាយ-ប្រគេន និងជូនអង្គពិធី។

ក្នុងឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងធម្មការ និងសាសនា ត្រូវសហការជាមួយ គណៈសង្ឃទាំងពីរគណៈ ក្នុងការរៀបចំបណ្តុះបណ្តាលតួនាទីភារកិច្ចដល់ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត, ជាពិសេសប្រព័ន្ធសង្ឃាភិបាល ឲ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងពីតួនាទី និងភារកិច្ច ដល់ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត ស្របតាមបទដ្ឋានគតិយុត្ត ដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយឲ្យបាននូវអធិករណ៍ តាម វត្តអារាម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឲ្យក្រសួងធម្មការ និងសាសនា បន្តសហការសាមគ្គីគ្នា និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត,ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍ សុខដុមនីយកម្មជាតិសាសន៍។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា មន្ទីរធម្មការ និងសាសនាខេត្ត-ក្រុង ត្រូវបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងគណៈកម្មការវត្តអារាម ព្រមទាំងអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់៕