(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានឯកភាពគ្នាដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធអាសយដ្ឋានរួមសម្រាប់កម្ពុជា ដើម្បីបម្រើឧត្តមប្រយោជន៍របស់សង្គមជាតិ។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំលេខរដ្ឋបាលផ្លូវនិងផ្ទះនៅទូទាំងប្រទេស, ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា បច្ចុប្បន្ន តាមរយៈការងារចុះបញ្ជីដីធ្លី បានធ្វើឱ្យក្បាលដីនីមួយៗមានអាសយដ្ឋានពិតប្រាកដរួចអស់ហើយ ដែលនេះគឺជាប្រយោជន៍ជួយសម្រួលដល់ការងាររៀបចំប្រព័ន្ធអាសយដ្ឋានឱ្យបានត្រឹមត្រូវច្បាស់លាស់។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ដល់ពេលវេលាហើយ ដែលកម្ពុជាគួរតែមានប្រព័ន្ធអាសយដ្ឋានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ ដែលនេះបង្ហាញឱ្យឃើញពីភាពរីកចម្រើនជឿនលឿនរបស់កម្ពុជានាយុគសម័យឌីជីថលហើយក៏ជាចំណុចយុទ្ធសាស្ត្រនយោបាយមួយក្នុងការរៀបចំប្រទេសជាតិឱ្យមានរបៀបរៀបរយផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានគិតគូរផ្ដួចផ្ដើមរៀបចំកិច្ចការនេះ ដែលជាចំណុចចាប់ផ្ដើមមួយដ៏ល្អ ហើយយើងសង្ឃឹមថាប្រព័ន្ធអាសយដ្ឋាននៅកម្ពុជានឹងអាចដំណើរការបានល្អ ខណៈដែលក្រសួងប្រៃសណីយ៍ នឹងចូលរួមសហការអនុវត្តតាមការណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាដើម្បីឱ្យកិច្ចការរៀបចំប្រព័ន្ធអាសយដ្ឋាននេះទទួលបានជោគជ័យ។
សូមជម្រាបថា ប្រព័ន្ធអាសយដ្ឋាននៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះសហសម័យ អនុញ្ញាតអោយមានការទំនាក់ទំនងអភិបាលកិច្ច និងសកម្មភាពសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីនោះ វាមានសារៈសំខាន់លើភស្តុភារ សុវត្ថិភាព សន្តិសុខសង្គម បច្ចេកវិទ្យា និងសមធម៌សង្គម ហើយវាបម្រើជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ និងការអភិវឌ្ឍជាតិ។
ប្រព័ន្ធអាសយដ្ឋាន ជាក្របខ័ណ្ឌស្តង់ដាមួយ ដែលប្រើដើម្បីកំណត់អត្តសញ្ញាណ នៃទីតាំងជាក់លាក់ក្នុងតំបន់ភូមិសាស្ត្រមួយ ដែលរួមបញ្ចូលគ្នានូវលេខផ្ទះ/អគារ លេខ/ឈ្មោះផ្លូវ ឈ្មោះនៃទីតាំងរដ្ឋបាល (ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ រាជធានីខេត្ត) លេខកូដប្រៃសណីយ៍ និងឈ្មោះប្រទេស ដែលបញ្ជាក់ជាទីសម្រាប់នៅអាស្រ័យ /លំនៅនៃជនណាមួយ៕