(ឧត្តរមានជ័យ)៖ លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអំពាវនាវអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សទាំងអស់ សូមចាត់ទុកបញ្ហាគ្រឿងញៀន គឺជាបញ្ហារួមដែលត្រូវ ចូលរួមទប់ស្កាត់ លុបបំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ ក្នុងន័យនេះ ត្រូវចាប់ផ្តើមពីខ្លួនយើង រហូតដល់សមាជិកគ្រួសារ សូមជួយធ្វើការផ្សព្វផ្សាយអប់រំ ក្រើនរម្លឹកពីផលប៉ះពាល់ វិនាសកម្មនៃគ្រឿងញៀន និងគ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀន។
ការអំពាវនាវបែបនេះរបស់លោកស្រី វី ស្រពៅ ក្នុងឱកាសដែលលោកស្រីអញ្ជើញជាតំណាងលោក សុខ សុកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំក្រុមការងារ ចូលរួមក្នុងពិធីបិទផ្សព្វផ្សាយច្បាប់ស្តីពី «ការត្រួតពិនិត្យគ្រឿងញៀន» នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។
លោកស្រី វី ស្រពៅ បានថ្លែងថា គោលបំណងនៃការផ្សព្វផ្សាយច្បាប់ស្តីពី «ការត្រួតពិនិត្យគ្រឿងញៀន» ដើម្បីបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន លើកកម្ពស់ការយល់ដឹង ការគោរព និងអនុវត្តន៍ច្បាប់ឱ្យ បានត្រឹមត្រូវ ដើម្បីជាប្រយោជន៍ដ៍ឧត្តុង្គឧត្តមរបស់សង្គមជាតិ។
លោកស្រីថា ក្រសួងអធិការកិច្ច ជាអធិការកិច្ចរាជរដ្ឋាភិបាល មានភារកិច្ចធ្វើអធិការកិច្ច និងចូលរួមតាមដានការអនុវត្តន៍ច្បាប់ លើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ការងារអប់រំផ្សព្វផ្សាយច្បាប់គឺជាភារកិច្ចដ៏សំខាន់ មួយរបស់ក្រសួង ដែលជាយន្តការរបស់រាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយច្បាប់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីបង្កើនការយល់ដឹង សំដៅលើកស្ទួយ ការគោរព និងអនុវត្តន៍ច្បាប់ឱ្យបានត្រឹមត្រូវ។
មន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ចរូបនេះ បានបញ្ជាក់ថា៖ «បញ្ហាគ្រឿងញៀនជាបញ្ហាស្មុគ្រស្មាញជាសកល ព្រោះប្រទេសទាំងអស់ក្នុងតំបន់ សូម្បីតែប្រទេសមហាអំណាចនៅអុឺរ៉ុប បារាំង អាមេរិក ក៏មិនទាន់ជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដែរ។ រាជរដ្ឋាភិបាលអាណត្តិមុនៗ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ជាអាទិភាពខ្ពស់ ទាំងការអប់រំ ការបង្ការ ការទប់ស្កាត់ និងការចាតិវិធានការផ្សេងៗ រួមទាំងវិធាការច្បាប់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។បន្តមកសម្តេចធិបតីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានប្តេជ្ញាប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ទភាពកាន់តែខ្លាំងឡើង»។
លោកស្រី វី ស្រីពៅ បានបន្ថែមថា គ្រឿងញៀន គឺជាអន្ទាក់ប្រកបដោយគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប ប្រសិនបើនណាម្នាក់ធ្លាក់ចូលក្នុងអន្ទាក់នោះហើយ អ្នកនោះនឹងផុងខ្លួនជាទាសករគ្រឿងញៀន កម្រនឹងដកខ្លួនរួចណាស់ មិនតែប៉ុណ្ណោះអ្នកសេពគ្រឿងញៀននឹងបាត់បង់គ្រប់យ៉ាងរួមមាន៖ បាត់បង់សតិ បញ្ញាស្មារតី ខាតបង់ថវិកា និងទ្រព្យសម្បត្តិ បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ បាត់បង់នូវក្តីស្រឡាញ់ ធ្វើឱ្យគ្រួសារជួបបញ្ហាស្មុគ្រស្មាញ បង្កជម្លោះ និងអំពើហឹង្សាផ្សេងៗ ក្លាយខ្លួនជាឧក្រិដ្ឋជន ឈានទៅរកការប្រព្រឹត្តបទល្មើស ធ្វើឱ្យអ្នកជិតខាងស្អប់ខ្ពើម ភ័យខ្លាច និងរើសអើង និងឈានទៅរកសេចក្តីស្លាប់ដោយឥតន័យ៕