(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញស្រោស្រព​ព្រះសុគន្ធ​វារី​ថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃ​នាយក សម្ដេចព្រះសង្ឃ​នាយ​ករង និងសម្ដេចចំនួន៦ព្រះអង្គ។ ព្រះរាជពិធី និងពិធីស្រោច​ស្រង់​ព្រះសុគន្ធវារីនេះ​រៀប​ចំឡើង​នៅវត្តបទុមវតី។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំរៀបចំពិធីនេះ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ និងប្រកបដោយសទ្ធាជ្រះថ្លា, ញ៉ាំងឱ្យព្រះរាជពិធីនេះ មានភាពអធិកអធម ស័ក្តិសមនឹងព្រះកិត្តិគុណ របស់សម្តេចជាអម្ចាស់គ្រប់ព្រះអង្គ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗគួរឱ្យកត់សម្គាល់ ក្នុងវិស័យធម្មការ និងសាសនា ដូចដែលលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានរំលេចនៅក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ថ្វាយ-ប្រគេន និងជូនអង្គពិធី។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីនាថ្ងៃនេះ ក៏ជាសក្ខីកម្មថ្មីមួយទៀត នៃការរីកចម្រើនខាងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋកម្ពុជាបាន និងកំពុងរស់នៅ ប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភព នៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និងបានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត, អារម្មណ៍, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរ ដែលបានបង្ហាញឱ្យឃើញច្បាស់ តាមរយៈចរិតរួសរាយរាក់ទាក់, ស្មោះត្រង់, សុភាពរាបសារ, ទន់ភ្លន់ និងម៉ឺងម៉ាត់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅកម្ពុជា, «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ហើយសេរីភាពខាងជំនឿ និងការប្រណ៍ប័តន៍សាសនាដទៃទៀត ត្រូវបានធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃទៀត។ ជាក់ស្ដែង, កម្ពុជាមានសុខដុមរមនា សាសនា និងរក្សាបាននូវគុណតម្លៃនៃសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នាដោយមិនមានការប្រកាន់យកនូវនិន្នាការជ្រុលនិយមនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមម្លប់នៃសុខសន្តិភាព, កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿន នៃការអភិវឌ្ឍលើគ្រប់វិស័យ។ កត្តាសុខសន្តិភាពនេះ ក៏បាន ផ្តល់លទ្ធភាពឱ្យពុទ្ធបរិស័ទយើងធ្វើបុណ្យសុន្ទរ៍ទាន តាមសេចក្តីប្រាថ្នា និងបើកឱកាសឱ្យយើងបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមទទូចឲ្យសម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រះមេត្តាបន្តជួយដល់សង្គមលើការលើកកម្ពស់ គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ របស់ជាតិ តាមរយៈ ការសម្តែងធម្មទេសនា នៅគ្រប់ទីកន្លែង និងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ ដើម្បីជួយធ្វើឱ្យប្រជាជនមាននូវបញ្ញាស្មារតី ប្រកបដោយ ព្រហ្មវិហារធម៌ កាត់បន្ថយអំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងជួយឱ្យ សង្គមជាតិ មានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការជាមួយគណៈសង្ឃទាំងពីរគណៈ ដើម្បីរក្សាសុខដុមនីយកម្ម សាមគ្គីភាព និងវឌ្ឍនភាពសង្គម តាមរយៈសកម្មភាពសាសនានានា។ ក្នុងនោះ, ក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីដាក់ចេញជាសកម្មភាព ក្នុងការលើកកម្ពស់សាសនា របស់រដ្ឋ និងសីលធម៌សង្គម, ជាពិសេស ការផលិតវីឌីអូខ្លី ស្តីពីការអប់រំ សីលធម៌ ចរិយាធម៌ និងពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយតាមបណ្តាស្ថានីយ៍ ទូរទស្សន៍ រដ្ឋ និងឯកជន បណ្តាញសង្គម និងផ្ទាំងប៉ាណូ តាមទីសាធារណៈ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងធម្មការ និងសាសនា គួរពិចារណា ក្នុងការដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិក្នុងកម្មវិធីសិក្សារបស់ ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាង- ឱ្យបានមូលធនមនុស្ស, មានទាំងសុខភាពផ្លូវកាយ, សុខភាពផ្លូវចិត្ត, បញ្ញាស្មារតី និងការទទួលខុសត្រូវ ក្នុងការរស់នៅក្នុងសង្គម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងធម្មការ និងសាសនា ត្រូវសហការជាមួយ គណៈសង្ឃទាំងពីរគណៈ ក្នុងការរៀបចំបណ្តុះបណ្តាលតួនាទីភារកិច្ចដល់ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត, ជាពិសេសប្រព័ន្ធសង្ឃាភិបាល ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងពីតួនាទី និងភារកិច្ច ដល់ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត ស្របតាមបទដ្ឋានគតិយុត្ត ដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយឱ្យបាននូវអធិករណ៍ តាម វត្តអារាម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រសួងធម្មការ និងសាសនា បន្តសហការសាមគ្គីគ្នា និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត,ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍ សុខដុមនីយកម្មជាតិសាសន៍ ។ ទន្ទឹមនេះ, មន្ទីរធម្មការ និងសាសនាខេត្ត-ក្រុង ត្រូវបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងគណៈកម្មការវត្តអារាម ព្រមទាំងអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាវេលាម៉ោង ៨៖៤៧នាទី ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕