(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញស្រោស្រង់ព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចចំនួន៦ព្រះអង្គ។ ព្រះរាជពិធី និងពិធីស្រោចស្រង់ព្រះសុគន្ធវារីនេះរៀបចំឡើងនៅវត្តបទុមវតី។
សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចទាំង៦ព្រះអង្គ ដែលសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញស្រោចស្រង់ព្រះសុគន្ធវារីថ្វាយ និងប្រគេនរួមមាន៖
១៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណា ចក្រកម្ពុជា និងជាព្រះចៅអធិការ វត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្តេចទ្រង់ប្រសូតនៅ ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស.២៤៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ បិតានាម នន្ទ នុត មាតានាម ម៉ឹង ឃឹម។
សម្តេចជាអម្ចាស់មានសទ្ធាមុតមាំក្នុងព្រះពុទ្ធសាសនា បានចេញសាងផ្នួសបួសជាព្រះសង្ឃតាំងពីកុមារភាព ជាព្រះមហាថេរមួយព្រះអង្គក្នុងចំណោមព្រះមហាថេរ៧ព្រះអង្គ ជាសហស្ថាបនិកព្រះពុទ្ធសាសនាឱ្យកើតឡើងវិញនៅកម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលបច្ចុប្បន្ននៅសល់តែសម្តេចជាអម្ចាស់តែមួយព្រះអង្គគត់។ ទ្រង់បានបំពេញព្រះរាជតួនាទីយ៉ាងសកម្មប្រកបដោយឆន្ទៈខ្ពស់ និងព្រះវិរិយភាពខ្ជាប់ខ្ជួនក្នុងការបំបួសកុលបុត្ត ការរៀបចំវត្តអារាមឡើងវិញជាដើម។
២៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ (ចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សម្តេចទ្រង់ប្រសូតនៅថៃ្ងព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំម្សាញ់ ព.ស.២៥០៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៦៥ នៅភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។
សម្តេចជាអម្ចាស់ បានបំពេញឧបសម្បទាជាភិក្ខុភាវៈនៅវត្តជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃសុក្រ ១៥កើត ខែអាសាឍ ឆ្នាំថោះ ព.ស.២៥៣១ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៨៧។ លុះបំពេញឧបសម្បទជាភិក្ខុភាវៈរួច ទ្រង់បានយាងមកគង់នៅវត្តមុនីសុវណ្ណ (ចំពុះក្អែក) ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្ត កណ្តាល ក្នុងសម័យកាលនោះ រហូតដល់សព្វថ្ងៃ។
៣៖ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណា ចក្រកម្ពុជា និងជាព្រះចៅអធិការវត្តចន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទ្រង់ប្រសូតនៅថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំថោះ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៥០។ បិតានាម ណយ យឺន មាតានាម ចឹក ផូ នៅភូមិគ្រួស ឃុំ សំរោង ស្រុកពញាឮ ខេត្តកណ្តាល។
ក្រោយរបប ប៉ុល ពត ដួសរលំទៅ សម្តេចជាអម្ចាស់បានបួសជាលើកទី២ នៅថ្ងៃសៅរ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំខាល អដ្ឋស័ក ពុទ្ធសករាជ២៥៣០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៨៦ ក្នុងពុទ្ធសីមាវត្តកណ្ឋារាម (វត្តតាខ្មៅ) ឃុំសិរីភាព ស្រុកតាខ្មៅ ខេត្តកណ្តាល។ ក្រោយពីបានឧបសម្បទារួចហើយ ភិក្ខុ ណយ ច្រឹក បាននិមន្ដមក គង់នៅវត្តច័ន្ទបុរីវង្ស ឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល រហូតដល់បច្ចុប្បន្ន។
៤៖ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ប្រសូតនៅថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥០៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៦២ នៅភូមិឡកំបោរ ឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល។ បិតានាម មួង ជូរ បានទទួលអនិច្ចកម្ម មាតានាម ហែម ឡៃ បានទទួលអនិច្ចកម្ម។
ក្រោយពីប្រទេសជាតិមាតុភូមិ ត្រូវបានរំដោះចេញពីរបបខ្មែរក្រហម នៅថៃ្ងព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំមមែ ឯកស័ក ព.ស .២៥២២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៩ យុវជន មួង រ៉ា ជន្មាយុ ១៨ឆ្នាំ បានចូលសាងផ្នួសជាសាមណេរនៅវត្តព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល។ លុះដល់ឆ្នាំ១៩៨២ សាមណេរ មួង រ៉ា ព្រះជន្មគ្រប់ ២១ឆ្នាំ បានចូលបំពេញឧបសម្បទាជាភិក្ខុភាវៈលើកទីមួយនៅវត្តស្រះព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។
សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះ រាជាណាចក្រកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយកិត្យានុភាព និងគុណតម្លៃនៃព្រះពុទ្ធសាសនា នៅប្រទេសកម្ពុជា ដោយសម្ដេចបានទទួលព្រះតួនាទីជាច្រើនតាមលំដាប់។ បច្ចុប្បន្នសម្តេចជា ព្រះចៅអធិការវត្តមុនីប្រសិទ្ធី វង្ស សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាព្រះអនុ ប្រធាន និងជាអគ្គលេខាធិការថេរសភា នៃព្រះពុទ្ធសាសនា និងជាសម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
៥៖ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូធ្យស្ដាំវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្តេចប្រសូតនៅថ្ងៃសៅរ៍ ៩កើត ខែចេត្រ ឆ្នាំរកា ឯកស័ក ព.ស.២៥១១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៦៨ នៅភូមិ ចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ បិតានាម ឃឹម ប្រុក មាតានាម សោម លន ។
ក្នុងអាយុ២០ឆ្នាំ ដោយមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាដ៏ក្រៃលែង យុវជន ឃឹម សន បានលាអ្នកម្ដាយចូលទៅសាងព្រះផ្នួស ដើម្បីទ្រទ្រង់ភេទជាបព្វជិតក្នុងពុទ្ធសីមាវត្តបទុមមង្គល (ពបាយ) ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ដោយមានការយល់ដឹងបានស៊ីជម្រៅទាំងផ្លូវលោក និងផ្លូវធម៌ សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានបំពេញកាតព្វកិច្ចចូលរួមលើកស្ទួយ វិស័យពុទ្ធសាសនាយ៉ាងពេញសមត្ថភាពរហូតទទួលបានព្រះតួនាទី ក្នុងផ្នែកពុទ្ធិកសិក្សា និងព្រះពុទ្ធសាសនាជាច្រើនតាមលំដាប់។ បច្ចុប្បន្នសម្តេចជាព្រះគ្រូសូធ្យស្ដាំវត្តបុទុមវតីរាជវរារាម ជាព្រះមេគណរាជធានីភ្នំពេញ ជាសមាជិកថេរសភាសង្ឃ ជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាសម្តេចព្រះសង្ឃ នាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា។
៦៖ សម្ដេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ ព្រះអនុប្រធានថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះចៅអធិការវត្តមហានទ្ទិយនេរញ្ញរារាមនិវេទ (ព្រែកប្រាំង) ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ សម្តេចប្រសូតនៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមែ ត្រីស័ក ព.ស.២៤៧៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៣១ នៅភូមិខួបក្រោម ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ជាបុត្ររបស់ ឧបាសក ដូ ដូង និងឧបាសិកា ញ៉ែប នាង។
ភិក្ខុ ដូង ផង់ បានចូលមកសាងព្រះផ្នួសម្តងទៀតនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៨០។ នៅ ឆ្នាំ១៩៩៦ សម្តេចបាននិមន្តមកគង់នៅវត្តមហានទ្ទិយនេរញ្ញរារាមនិវេទ (ហៅព្រែកប្រាំង) ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។
ចាប់ពីបានបំពេញជាភិក្ខុភាវៈលើកទី២ រហូតមកដល់បច្ចុប្បន្ន សម្តេចបានទទួលព្រះតួនាទីជាច្រើនតាមលំដាប់។ បច្ចុប្បន្នសម្តេច ជាព្រះចៅអធិការ វត្តព្រែកប្រាំង ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ជាព្រះអនុ គណស្រុកពញាឮ ជាព្រះអនុប្រធានថេរសភា ព្រះពុទ្ធសាសនា និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ។
សូមបញ្ជាក់ថា ព្រះរាជពិធី និងពិធីស្រោចស្រង់ព្រះសុគន្ធវារី ជាព្រះរាជពិធី និងពិធី តែងបានប្រារព្ធឡើងក្នុងសង្គមខ្មែរយូរលង់ណាស់មកហើយ។ ព្រះរាជពិធី និងពិធីស្រោចស្រង់ព្រះសុគន្ធវារី ជាបវេណីព្រះពុទ្ធសាសនា និងប្រពៃណីជាតិដ៏ល្អផូរផង់ ដែលមានអត្ថន័យសំដៅទៅលើការថែរក្សា និងលើកកម្ពស់គុណធម៌ សីលធម៌ ប្រពៃណីជាតិ តាមរយៈការបណ្តុះ នូវវប្បធម៌កតញ្ញូ មេត្តា ករុណា និងបំពេញកុសលកម្មផ្សេងៗ ដែលជាគុណតម្លៃដ៏សំខាន់ ដើម្បីរួមចំណែកធ្វើឱ្យមានភាពសុខដុមរមនា ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងគម្ពីរព្រះត្រៃបិដក ក៏មានសម្តែងអំពីអានិសង្សនៃការស្រោចស្រពព្រះសុគន្ធវារី
ឬស្រោចទឹកដើមពោធិព្រឹក្ស និងអានិសង្សនៃធ្វើទានទឹកផងដែរថា បានអានិសង្សច្រើន មិនធ្លាក់ទៅក្នុងអបាយភូមិ បានទៅកើតក្នុងសុគតិភព មនុស្ស និងទេព្តា តែងមានយសបរិវារ មិនមានសេចក្តីក្រហល់ក្រហាយ បានស្គាល់តែភាពត្រជាក់ ត្រជុំ ជាពិសេសបាននូវវិជ្ជា ៣ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦។
តាមលំអានប្រវត្តិនៃរឿងរាវនេះ ពុទ្ធបរិស័ទ តែងធ្វើពិធីស្រោចស្រពព្រះសុគន្ធវារី ឬអភិសេកតាមប្រពៃណី ព្រះពុទ្ធសាសនា ដូចខាងក្រោម៖
១៖ ពិធីពុទ្ធាភិសេក៖ ការប្រោះព្រំបាចសាចគ្រឿងគន្ធពិដោរ ថ្វាយពរថ្វាយជ័យមង្គលចំពោះព្រះពុទ្ធប្បដិមា និង ព្រះពុទ្ធរូប ដែលទើបកសាងថ្មី។
២៖ ពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយ ឬប្រគេន សម្តេចសង្ឃរាជ សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ដែលត្រូវបានតែងតាំងជាព្រះគ្រូចៅអធិការក្តី ព្រះគ្រូអនុគណក្តី ព្រះគ្រូមេគណក្តី និងមន្ត្រីសង្ឃ ជាន់ខ្ពស់គ្រប់ឋានានុក្រម ដើម្បីលើកតម្កើង បំពេញសិទ្ធិឱ្យទៅជាមេដឹកនាំប្រកបដោយធម៌ សម្តែងនូវកតញ្ញូកតវទិតាធម៌ ថ្វាយសព្ទសាធុការពរ សិរីសួស្តីជ័យមង្គល ប្រកាសនូវកិត្តិគុណ និងដើម្បីបានជាបុណ្យកុសល សម្រាប់អ្នកធ្វើផងដែរ។
២៖ ព្រះរាជពិធីរាជាភិសេក ការស្រោចទឹកក្លស់ទឹកស័ង្ខលើព្រះសិរ្សលោកអ្នកមានបុញ្ញាភិនីហារ (ព្រះមហាក្សត្រ) សន្មតឱ្យឡើងពេញទីជាក្សត្រទ្រង់រាជ្យ ហៅថា (មុទ្ធាភិសេក)។
៣៖ ពិធីបុណ្យកតញ្ញូកតវេទិតាធម៌ ជូនមាតាបិតា គ្រូឧបជ្ឈាយាចារ្យ ក៏តែងមានពិធីស្រោចស្រពព្រះសុគន្ធវារី ជូនចំពោះលោកអ្នកដ៏មានគុណផងដែរ ដែលមានអត្ថន័យដូចពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេន និងថ្វាយព្រះសង្ឃ និងមន្ត្រីសង្ឃជាន់ខ្ពស់ដែរ។
៤៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃវរៈឡើងស័ក ក៏តែងមានធ្វើពិធីស្រង់ព្រះ និងស្រោចស្រពព្រះសុគន្ធ វារីប្រគេន និងជូនបុព្វការីជន មានព្រះសង្ឃ មាតាបិតា ចាស់ព្រឹទ្ធាចារ្យជាដើម ដើម្បីសម្តែងនូវកតញ្ញូកតវទិតាធម៌ប្រគេន ជូនសព្ទសាធុការពរសិរីសួស្តីជ័យមង្គល និងជាការសន្សំបុណ្យកុសលផងដែរ៕