(ឥណ្ឌូណេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក ទាន សំណាង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ អំពីការងារទូទៅនៅក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌអាស៊ាន ជាពិសេស ផ្តោតសំខាន់លើការត្រៀមរៀបចំដំណើរទស្សនកិច្ចរបសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញមកលេខាធិការដ្ឋានអាស៊ាន នៅពេលខាងមុខ។
លោកអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ជូនលោកឯកអគ្គរាជទូត អំពីការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំឥណ្ឌូណេស៊ី ក៏ដូចជា ស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអាស៊ាន ដើម្បីធានាថាទស្សនកិច្ចរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា ដែលធ្លាប់បានធ្វើជាប្រធានអាស៊ានចំនួនបីលើក គឺនៅឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ២០២២ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
នៅព្រឹកថ្ងៃដដែលនេះនៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោក Abdelouahab Osmane ឯកអគ្គរដ្ឋទូតតែងតាំងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត អាល់ហ្សេរីប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
នាឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរលោក Abdelouahab ដែលចាប់ផ្តើមតួនាទីថ្មី ហើយទន្ទឹងធ្វើការជិតស្និទ្ធជាមួយគាត់ និងស្ថានទូតអាល់ហ្សេរីប្រចាំទីក្រុងហ្សាការតា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាល់ហ្សេរី។ លោកក៏បានលើកទឹកចិត្តឱ្យអាល់ហ្សេរី រិះរកកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានជាមួយអាស៊ាន ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក រួមទាំង ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ ថាមពល កសិកម្ម រុក្ខាប្រមាញ់ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
លោកបណ្ឌិត កៅ គឹមហួន រំពឹងថា អាល់ហ្សេរី អាចចុះហត្ថលេខាលើលិខិតុបករណ៍ចូលសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅឆ្នាំនេះ ។ គាត់ក៏ថ្លែងអំណរគុណអាល់ហេ្សរី សម្រាប់ការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងការទូតជាមួយតំបន់ រួមទាំងតាមរយៈ ការដាក់ពាក្យក្លាយជាអ្នកសង្កេតការណ៍នៅក្នុងអន្តរសភាអាស៊ាន នៅឆ្នាំនេះផងដែរ។
លោក Abdelouahab Osmane បានគូសបញ្ជាក់ពីការចាប់អារម្មណ៍របស់អាល់ហ្សេរី ក្នុងការជំរុញទំនាក់ទំនងកាន់តែខ្លាំងក្លារវាងអាស៊ានជាមួយអាល់ហ្សេរី និងបានបង្ហាញពីការត្រៀមខ្លួនរិះរកកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានជាមួយអាស៊ាន និងប្រទេសសមាជិកអាស៊ាន។ ប្រទេសអាលហ្សេរី បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំអាស៊ានតាំងពីឆ្នាំ២០១៦ ហើយលោក Abdelouahab Osmane គឺជាឯកអគ្គរដ្ឋទូតទី៤ របស់អាល់ហ្សេរីប្រចាំអាស៊ាន។
នៅរសៀលថ្ងៃនេះ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលលិខិតុបករណ៍ផ្តល់សច្ចាប័ន (IOR) សម្រាប់ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) ពី Tiffany McDonald លោកស្រីឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន។ ពិធីនេះបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់អូស្ត្រាលី ចំពោះការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់ ដោយពិធីសារនេះគ្រោងនឹងចូលជាធរមាន នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥ ដែលនឹងជួយសម្រួលដល់ការពង្រឹងលំហូរពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។
នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលពិភាក្សាការងារជាមួយ លោក Eric Niclas Kvarnström អគ្គនាយកទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃទីភ្នាក់ងារសេវាសកម្មភាពខាងក្រៅអឺរ៉ុប (EEAS) និងជាឧត្តមមន្ត្រីអាស៊ាន របស់សហភាពអឺរ៉ុប។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញវិធីដើម្បីពង្រឹងទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន ជាមួយសហភាពអឺរ៉ុប និងស្វែងរកវិស័យដែលជាផលប្រយោជន៍ទៅវិញទៅមក មុនពេលខួបទី ៥០ នៃភាពជាដៃគូរវាងអាស៊ាន និងសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២៧៕