(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ តុលាការកំពូលនឹងបើកសវនាការសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលបានដាក់ពាក្យប្តឹងសារទុក្ខ ចំពោះសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ។
សវនាការនេះដឹកនាំដោយ លោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និងលោក អ៊ុក គឹមសិទ្ធិ ជាតំណាងមហាអយ្យការ បន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចច្រានចោលបណ្តឹងនេះ ដោយមិនឯកភាពតាមសំណើរបស់ក្រុមមេធាវីដែលស្នើឲ្យបង្អង់នីតិវិធីសំណុំរឿងក្តីរបស់ លោកកឹម សុខា។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារ៥ខែនិងពិន័យជាប្រាក់ ៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។
ជុំវិញសំណុំរឿងអង្គសេចក្តីនេះ ក្រុមមេធាវីរបស់ លោក កឹម សុខា បានសម្រេចប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ផងដែរ៕