(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងឲ្យដឹងថា ក្រសួងពាណិជ្ជកម្មបាននិងកំពុងសាងសង់មន្ទីរពិសោធន៍តាមព្រំដែន និងមន្ទីរពិសោធន៍ចល័តផងដែរ ក្នុងបំណងទប់ស្កាត់ឲ្យបានខ្ពស់នូវលំហូរទំនិញគ្មានគុណភាពនៅតាមព្រំដែន។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានបន្ទាប់ពីបានចូលរួមបើកពិព័រណ៍ផលិតខ្មែរនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រនារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងបច្ចុប្បន្នក្រសួងបាននិងកំពុងសាងសង់មន្ទីរពិសោធន៍នៅច្រកព្រំដែនបាវិត ប៉ោយប៉ែត និងខេត្តព្រះសីហនុ។ បន្ថែមពីលើនេះ ក្រសួងក៏បានស្នើសុំចិនជួយសាងសង់មន្ទីរពិសោធន៍បន្ថែមនៅតាមច្រកព្រំដែនដទៃទៀត ហើយក៏សុំធ្វើមន្ទីរពេទ្យពិសោធន៍ផងដែរ។

បើតាមលោក ប៉ាន សូរស័ក្តិ មន្ទីរពិសោធន៍ចល័តនេះ នឹងធ្វើដំណើរទៅគ្រប់ទីកន្លែង ដើម្បីត្រួតពិនិត្យគុណភាពទំនិញតាមច្រករបៀង ក៏ដូចជានៅតាមទីផ្សារជាដើម។

លោក ប៉ាន សូរស័ក្តិថា មន្ទីរពេទ្យពិសោធន៍ទាំងអស់នេះ នឹងសាងសង់រួចរាល់នៅអំឡុងដើមឆ្នាំ២០១៧។

ទំនិញគ្មានគុណភាព ទំនិញខូចគុណភាព បូករួមនិងអាហារដែលប្រើប្រាស់សារធាតុគីមីច្រើនហួសហេតុទាំងនៅក្នុងស្រុក និងនាំចូលពីប្រទេសជិតខាង បាននិងកំពុងក្លាយជាអាវុធបំផ្លាញសុខភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងបានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងសម្រាប់សុខសភាពរបស់ពួកគាត់។

ឆ្លើយតបបញ្ហាទាំងអស់នេះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាណិជ្ជកម្មមានការយកចិត្តទុកដាក់ទៅលើសុខភាពរបស់ប្រជាពលរដ្ឋ ហើយក៏មានឆន្ទៈខ្ពស់ក្នុងការទប់ស្កាត់នូវបញ្ហាទាំងអស់នេះផងដែរ។ លោករដ្ឋមន្រ្តី បានបង្ហាញក្តីរំពឹងថា តាមរយៈមន្ទីរពិសោធន៍តាមព្រំដែន ក៏ដូចជាមន្ទីរពិសោធន៍ចល័ត នឹងចូលរួមទប់ស្កាត់ទំនិញខូចគុណភាព ក៏ដូចជាទំនិញប្រើប្រាស់ជាតិគីមីកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

លោក ប៉ាន សូរស័ក្តិ ក៏គ្រោងនឹងចុះទៅតាមទីផ្សារដោយផ្ទាល់ ដើម្បីត្រួតពិនិត្យទំនិញខូចគុណភាព និងទំនិញមានសារធាតុគីមី ព្រមទាំងមានឱកាសអប់រំអាជីវករឲ្យយល់ដឹងខ្ពស់ពីផលប៉ះពាល់នៃការប្រាស់ទំនិញខូចគុណភាព និងមានផ្ទុកសារធាតុគីមី។ លោករដ្ឋមន្រ្តី រំពឹងថា ការអប់រំនេះ នឹងធ្វើឲ្យអាជីវករយល់ដឹងកាន់តែខ្ពស់ពីគ្រោះថ្នាក់ នៃការប្រើប្រាស់ទំនិញខូចគុណភាព និងមានផ្ទុកសារធាតុគីមី ដើម្បីចូលរួមចំណែកជួយទប់ស្កាត់នូវការចរាចរណ៍ទំនិញទាំងអស់នេះ៕