(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រសួងនឹងចុះបញ្ជីដីជូនកងទ័ព និងជំរុញនូវការបង្កើតប្រព័ន្ធផលិតកម្មស្បៀងសម្រាប់កងទ័ពផងដែរ។
ការបញ្ជាក់របស់លោកបែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រី បានអោយដឹងពីការងារអាទិភាពដែលក្រសួងកំពុងអនុវត្តស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងនោះមានការចុះបញ្ជីដីធ្លីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ ការរៀបចំសម្បទានដីសង្គមកិច្ច ការរៀបចំដែនដី នគរូបនីយកម្ម និងលំនៅឋានជាដើម។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីបង្ហើយនេះគឺដើម្បីផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ លុបបំបាត់ទំនាស់ដីធ្លី និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ រីឯការរៀបចំសម្បទានដីសង្គមកិច្ចប្រៀបបីដូចជាការចាប់ទាញប្រជាជនប្រមាណ ៥០ម៉ឺនគ្រួសារឱ្យចាកចេញពីភាពក្រីក្រដូច្នោះដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចុះបញ្ជីដីធ្លី ជូនកងទ័ពដើម្បីផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងជំរុញការបង្កើតប្រព័ន្ធផលិតកម្មស្បៀងសម្រាប់កងទ័ព ដោយបានស្នើសុំអោយអង្គភាពកងទ័ពបន្ថែមនូវការចិញ្ចឹមសត្វគោ ជ្រូក មាន់ ទា ត្រីនិងដាំបន្លែ ដំណាំសម្រាប់ទុកជាស្បៀងអាហារផ្គត់ផ្គង់ដល់កងទ័ពផងដែរ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានផ្ដល់យោបល់ជួយជ្រោមជ្រែងដល់កងយោធពលខេមរភូមិន្ទ។
ចំពោះគោលនយោបាយសម្បទានដីសង្គមកិច្ច លោក មានបំណងចង់ឱ្យមានការផ្ដល់ដីដល់អតីតយុទ្ធជននិងគ្រួសារដែលក្រីក្រលំបាកខ្វះខាតពិតប្រាកដដើម្បីឲ្យពួកគាត់មានដីសម្រាប់រស់នៅនិងបង្កបង្កើនផលបង្កើនជីវភាពគ្រួសារ។
លោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានពិចារណាគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជនកម្ពុជានិងគ្រួសារក្រីក្រតាមរយៈការផ្ដល់ដីសម្បទានសង្គមកិច្ចនេះផងដែរ៕